​កម្ពុជា​ស្វាគមន៍​ធ្វើ​ម្ចាស់ផ្ទះ​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​លើក​ទី​២៦​នៅ​ឆ្នាំ​២០១៧

ភ្នំពេញ:
សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​បាន​សម្តែង​ការស្វាគមន៍​ក្នុង​ការធ្វើ​ម្ចាស់ផ្ទះ​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​លើក​ទី​២៦ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧​ខាងមុខ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ថ្លែង​បែបនេះ បន្ទាប់ពី​បានបញ្ចប់​នូវ​ពិធី​បើក​វេទិកា​សេដ្ឋកិច្ចពិភពលោក​លើក​ទី​២៥ ស្តីពី​អាស៊ាន ក្រោម​ប្រធានបទ ការរៀបចំ​របៀបវារៈ​អាស៊ាន សម្រាប់​ប្រជាជន​ទាំងអស់ និង​ការរីកចម្រើន​។

​ក្នុង​ឳ​កាស​នោះដែរ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ លោក Phillipp Rosler សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​លោក Phillipp Rosler មានប្រសាសន៍​សំដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ជូន​ចំពោះ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​លើក​ទី​២៥ ស្តីពី​អាស៊ាន នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី នាពេលនេះ​។ លោក​មានប្រសាសន៍​បន្ត​ថា វត្តមាន​របស់​សម្តេច​និង​ធ្វើ​ឲ្យ​វេទ​កា​ដ៏​មាន​សារៈសំខាន់​បំផុត​នោះ កាន់តែ​ទទួលបាន​ជោគជ័យ​ខ្ពស់​ថែមទៀត​។​

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា មានប្រសាសន៍​ចាត់ទុកថា វេទិកា​នេះ​គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំង ក្នុងការ​ចូលរួម​ផ្តល់នូវ​មតិ​មួយចំនួន របស់​បណ្តា​មេដឹកនាំ​ពិភពលោក រួមគ្នា​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ជាស​កល ដែល​យើង​កំពុង​និង​បាន​យកចិត្តទុកដាក់​ដូចគ្នា​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​បញ្ជាក់បន្ថែម​ថា កម្ពុជា​សូម​ស្វាគមន៍​ក្នុងការ​ធ្វើ​ម្ចាស់ផ្ទះ​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​លើក​ទី​២៦ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧​ខាងមុខ​៕s