វិធីងាយស្រួលដើម្បីឱ្យកូនតូចស្តាប់បង្គាប់

Videos


ការប្រៀនប្រដៅកូនគួរធ្វើឡើងតាំងពីកូននៅតូចៗ ប៉ុន្តែកូនតូចអាចនឹងមិនទាន់យល់ន័យសេចក្តីដែលអ្នកចង់បានដូចនេះអ្នកប្រាកដជាជួបនឹងការលំបាកក្នុងការណែនាំនិងបង្គាប់បង្រៀននូវអ្វីថ្មីៗរហូតដល់ពេលខ្លះស្ទើរទប់ចិត្តមិនបាន។ ទោះកូនហាក់ដូចជារពឹសរឹងរូសជាយ៉ាងណា សូមយល់ថា ក្មេងពិតជាចង់ធ្វើនូវរឿងអ្វីដែលអ្នកសប្បាយចិត្តនឹងទង្វើរបស់គាត់ដែរ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រងាយៗ ដែលមាតាបិតាគួរសាកល្បងដើម្បីមានភាពងាយស្រួលក្នុងការយល់ពីកូនតូច និងឆាប់ចុះសម្រុងគ្នា ៖

វិធីងាយស្រួលដើម្បីឱ្យកូនតូចស្តាប់បង្គាប់

កសាងសម្ពន្ធភាព
ប្រសិនបើមាតាបិតាចង់ឱ្យកូនស្តាប់បង្គាប់ គួរចេះប្រើឥរិយាបថលើកទឹកចិត្ត និងកោតសរសើរកូន ជាជាង បន្តុះបង្អាប់ និងស្តីបន្ទោស។ ជាធម្មតាក្មេងតូចតែងបង្កកំហុស និងមិនស្តាប់បង្គាប់ ប៉ុន្តែទាំងនេះសុទ្ធតែជាភាពមិនទាន់ដឹងក្តីនៅឡើយ ដូចនេះ ចាំបាច់មាតាបិតាត្រូវប្រើវិធីត្រជាក់មកបង្រៀនកូន ដូចជា ចំណាយពេលជាមួយកូនឱ្យបានច្រើន ហើយសរសើរពីកិច្ចការសាលារបស់កូន សរសើរថាគូល័រនិងរូបដែលកូនផាត់ពណ៌ស្អាត រីករាយដែលកូនចេះស្រឡាញ់ប្អូនជាដើម ។

ជំរុញទឹកចិត្ត
ការងារមួយចំនួនមាតាបិតាមិនអាចធ្វើឱ្យកូនតូចរហូតនោះទេ ហើយកូនតូចត្រូវរៀនធ្វើដោយខ្លួនឯង ដូចជា ស្លៀកពាក់ កាន់ស្លាបព្រាញ៉ាំអាហារ សិតសក់ ពាក់ស្បែកជើង បើកឬហែកកញ្ចប់នំ ជាដើម ។ ការងារទាំងនេះហាក់ងាយស្រួល ប៉ុន្តែអ្នកគួរប្រាប់ក្មេងពីចំណុចល្អិត និងបង្ហាញបន្តិចម្តងៗ រហូតដល់កូនចេះធ្វើដោយខ្លួនឯង។ ដូចគ្នាដែរ ចំពោះឥរិយាបថនិយាយស្តី អ្នកគួរណែនាំតាំងពីចំណុចចាប់ផ្តើម ដូចជាពេលឃើញកូនស្រែកដាក់មិត្តភក្តិ ឬប្អូន អ្នកគួរប្រាប់កុំឱ្យកូនស្រែក ហើយប្រើពាក្យសម្តីបញ្ជាក់វិញ ។

ពាក្យលួងលោម និងពន្យល់ហេតុផល
ជាក់ស្តែង ក្មេងមិនចេះទប់អារម្មណ៍ដូចមនុស្សចាស់ទេ ឧទាហរណ៍ ក្មេងអាចនឹងស្រែកភ្លាមៗនៅពេលអ្នកប្តូរប៉ុស្តិ៍ទូរទស្ស៍ ឬ យំរករឿងនៅពេលចង់បានអ្វីមួយ ហេតុនេះ អ្នកមិនត្រូវតបទៅវិញក្នុងឥរិយាបថដូចគ្នានោះទេ។ ជាការល្អអ្នកប្រើពាក្យសម្តីលួងលោម និងប្រាប់ពីអារម្មណ៍របស់អ្នក ដូចជា ប្រាប់កូនតូចថា “ម៉ាក់ដឹងថាកូនខឹង ប៉ុន្តែកូនធ្វើនេះមិនត្រឹមត្រូវទេ បើចង់បានអី កូនត្រូវប្រាប់ម៉ាក់ មិនត្រូវស្រែក ឬបោះឬទាត់វាទេ យល់ទេ?” ។ សូមជឿចុះថា ការស្រែក ឬឈ្លោះជាមូយក្មេង នឹងពុំទទួលបានលទ្ធផលល្អទាំងសងខាង ហើយក្មេងអាចនឹងមានទម្លាប់ហិង្សាតាំងពីតូចទៀត ។

យល់ចិត្តកូនតូចផង
មាតាបិតាពិតជាចង់ឱ្យកូនស្តាប់បង្គាប់ រហូតពេលខ្លះភ្លេចគិតថា អ្នកមានយល់ពីអារម្មណ៍របស់ក្មេងដែរឬទេ? ក្មេងតូចក៏ចេះគិត និងយល់ដែរ ដូចនេះអ្នកគួរសិក្សាពីកូន ហើយនិយាយពាក្យក្នុងចិត្តកូនដើម្បីជាការលួងលោមឱ្យកូនសម្រប។ តួយ៉ាង ប្រសិនបើកូនវក់លេង ហើយអ្នកត្រូវចេញក្រៅ អ្នកគួរនិយាយប្រាប់កូនថា “ម៉ាក់ដឹងថាកូនចង់លេង ប៉ុន្តែដល់ម៉ោងបងស្រីកូនចេញពីរៀនហើយ អញ្ចឹងចាំទៅយកបងស្រីកូនហើយ ចាំមកលេងវិញល្អទេ?” ។ ការប្រើឥរិយាបថបែបនេះ អាចឱ្យកូនយល់បានថាអ្នកក៏ខ្វល់ និងយល់ពីចិត្តរបស់គេដែរ ហើយកូនអាចស្តាប់តាមច្រើនជាងការបង្ខិតបង្ខំ ។

ចង្អុលបង្ហាញកំហុសនិងវិធីដោះស្រាយ ជាជាងស្តីបន្ទោស
ការប្រើពាក្យសម្តី គឺជាមូលហេតុនៃបញ្ហា ហើយក្នុងផ្ទះមាតាបិតាគួរបង្កបរិយាកាសរស់នៅប្រកបដោយការគោរពគ្នាទៅវិញទៅមក។ ដូចគ្នាដែរ អ្នកគួរតែជាគំរូល្អ ទើបអាចកំណត់ច្បាប់ក្នុងផ្ទះឱ្យកូនបាន។ ឧទាហរណ៍ ជំនួសដោយការបន្ទោសថា “កុំនិយាយពាក្យហ្នឹងឱ្យម៉ាក់លឺម្តងទៀតឱ្យសោះ!” មកជា “ក្នុងផ្ទះរបស់យើង មិនមានទម្លាប់ប្រើពាក្យទាំងនេះទេ” ឬជំនួសដោយពាក្យថា “បន្ទប់របស់កូនពិតជារញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់សោះ” មកជា “ហេតុម៉េចក៏កូនមិនយករបស់លេងដាក់តាមកន្លែងទៅ!” ។

បង្ហាញពីអារម្មណ៍របស់អ្នកនៅពេលកូនតូចធ្វើខុស
ប្រការមិនគួរធ្វើនោះគឺនិយាយពាក្យថា “ទេ!” ដោយគ្មានមូលហេតុ ព្រោះវាហាក់ដូចជាដាក់សម្ពាធផ្លូវចិត្តដល់កុមារ ដូចនេះ អ្នកគួរពន្យល់ឬបង្ហាញពីទុក្ខលំបាករបស់អ្នកដែលកើតចេញពីកំហុសរបស់ក្មេងវិញ ទើបជាមធ្យោបាយល្អ។ ឧទាហរណ៍ “ម៉ាក់ពិតជាមិនសប្បាយចិត្តសោះ នៅពេលកូនចោលនំប្រឡាក់ពេញឥដ្ឋបែបនេះ ព្រោះម៉ាក់ពិបាកនឹងជូតសម្អាតម្តងទៀតណាដឹងទេៗ” ឬ “បើកូននៅតែចោលនំលើឥដ្ឋបែបនេះ ម៉ាក់នឹងយកនំពីកូនវិញហើយ!” ៕លក្ខិណា