រដ្ឋា​ភិបាលបញ្ជាឲ្យរកការពិតនៃស្នាមមេដៃរបស់គណបក្សប្រឆាំង

រដ្ឋាភិបាលប្រកាសថា នឹងធ្វើការពិនិត្យទៅលើស្នាមមេដៃដែលគណបក្សប្រឆាំងប្រមូលបានរាប់ម៉ឺននាក់ដោយថាដើម្បីជៀសវាងការបោកប្រាស់ព្រះមហាក្សត្រ។

រដ្ឋា​ភិបាលបញ្ជាឲ្យរកការពិតនៃស្នាមមេដៃរបស់គណបក្សប្រឆាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ

កាលពីថ្ងៃដើមសប្តាហ៍នេះតំណាងរាស្ត្រគណបក្សប្រឆាំង បានហែញត្តិដោយថាមានស្នាមមេដៃពលរដ្ឋជាង១៧ម៉ឺននាក់ ដើម្បីស្នើសុំព្រះមហាក្សត្រអន្តរាគមន៍ដោះលែងមន្រ្តីសិទ្ធិមនុស្ស៤នាក់ មន្រ្តី គ.ជ.ប ម្នាក់ តំណាងរាស្ត្រគណបក្សប្រឆាំងចំនួន២រួប និងសកម្មជននយោបាយជាង១០នាក់ទៀត ព្រមទាំងសុំបញ្ឈប់ការតាមចាប់ខ្លួន លោក កឹម សុខា។

ប៉ុន្តែមួយថ្ងៃក្រោយមក ទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចឲ្យក្រសួងមហាផ្ទៃធ្វើការស្រាវជ្រាវរកម្ចាស់ស្នាមមេដៃដោយផ្ទាល់ និងថាធ្វើកោសលវិច្ច័យទៅលើស្នាមមេដៃទាំង១៧៣ ១៤៤នាក់ បូករួមទាំងមធ្យោបាយផ្សេងទៀតដើម្បីធានាភាពត្រឹមត្រូវនៃស្នាមមេដៃនេះ។

គណៈរដ្ឋមន្ត្រីបានអះអាងថា ដោយសារស្នាមមេដៃនេះទាក់ទងដល់ប្រជាជននិងព្រះមហាក្សត្រ គណៈរដ្ឋមន្រ្តីស្នើដល់ក្រសួងឲ្យធ្វើការស្រាវជ្រាវឲ្យបានហ្មត់ចត់បំផុត ជៀសវាងការប្រើប្រាស់ស្នាមមេដៃបោកប្រាស់ទៅលើរាស្ត្រក៏ដូចជាព្រះមហាក្សត្រ។

វីអូឌីមិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បាននៅឡើយទេដោយទូរស័ព្ទលោកចូលតែគ្នានអ្នកទទួល ។

ឆ្លើយតបនឹងបញ្ហានេះអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានបញ្ជាក់ប្រាប់វីអូឌីថាស្នាមមេដៃជាង១៧ម៉ឺននាក់នោះជាស្នាមមេដៃរបស់ប្រជាពលរដ្ឋតាមរយៈតំណាងរាស្ត្ររបស់ខ្លួន។ លោកថាបើរដ្ឋាភិបាលមិនទុកចិត្ត គួរតែអនុញ្ញាតឲ្យពលរដ្ឋទាំងនោះឡើងមកជួបជុំគ្នាបង្ហាញខ្លួនដោយផ្ទាល់នៅភ្នំពេញដើម្បីបញ្ជាក់ការពិត។

លោកថា៖ “បើចង់បញ្ជាក់ថា តើមានមនុស្សពិតប្រាកដឬមិនពិតប្រាកដ គួរណាស់តែក្រសួងមហាផ្ទៃឬរាជរដ្ឋាភិបាលហ្នឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋដែលចង់មកមុខបរមរាជរាំងហ្នឹង ដើម្បីបង្ហាញថាវាមានចំនួនពិតទៅតាមញត្តិដែលបញ្ជូ្នននោះ គឺអនុញ្ញាតិឲ្យគាត់មកទៅ គាត់នឹងអញ្ជើញមកដើម្បីបង្ហាញថាតើមានចំនួនពិតប្រាកដឬក៏អត់”

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គម លោក សន ជ័យ យល់ថានេះជាការត្រួតពិនិត្យនិងតាមដានរបស់រដ្ឋាភិបាលទៅលើសកម្មភាពរបស់បក្សប្រឆាំង។ លោកចង់ឲ្យគណបក្សប្រឆាំងធ្វើការឲ្យបានហ្មត់ចត់ទៅលើករណីនេះនិងជាពិសេសស្នាមមេដៃត្រូវធ្វើការពិនិត្យឲ្យបានហ្មត់ចត់និងប្រាកដជាមួយថ្នាក់មូលដ្ឋានរបស់ខ្លួន ដើម្បីជៀសពីការបន្លំណាមួយទៅលើការប្រមូលនេះ។

លោកថា៖ “គណបក្សសង្គ្រោះជាតិចាំបាច់ត្រូវធ្វើការងារដោយប្រុងប្រយ័ត្នបំផុតជៀសវៀងការបន្លំណាមួយដែលកើតឡើងពីមូលដ្ឋានមកដែលនាំឲ្យប៉ះពាល់ដល់មុខមាត់និងគុណភាពការងាររបស់ខ្លួននៅក្នុងការប្រមូលស្នាមមេដៃ”

គួរបញ្ជាក់ផងដែរថា ការដាក់ញត្តិទៅកាន់ព្រះមហាក្សត្រដោយថាមានភ្ជាប់នឹងស្នាមមេដៃពលរដ្ឋជិត២០ម៉ឺននាក់នោះ គឺគណបក្សសង្គ្រោះជាតិធ្វើឡើងជាលើកទី២ បន្ទាប់ពីដាក់លិខិតសុំអន្តរាគមន៍លើកទី១មិនមានការឆ្លើយតបពីព្រះមហាក្សត្រ ខណៈលោក ហ៊ុន សែន ចោទថាគណបក្សប្រឆាំងបោកប្រាស់ព្រះមហាក្សត្រពីរឿងឡើងកម្តៅនយោបាយ។

ចំណែកយុទ្ធនាការប្រមូលស្នាមមេដៃរបស់គណបក្សសង្រ្គោះជាតិនោះ សមត្ថកិច្ចបានឃាត់ខ្លួនសកម្មជនគណបក្សប្រឆាំងនៅតាមមូលដ្ឋានជាបន្តបន្ទាប់ ៕

ប្រភពៈ VOD