កូន​មិន​ឡើង​ទម្ងន់ គួរ​បារម្ភ​ទេ​?

កូន​មិន​ឡើង​ទម្ងន់ គួរ​បារម្ភ​ទេ​?

​នេះ​គឺជា​ក្តី​បារម្ភ​ដ៏​ធំ​មួយ ដែល​ម្តាយ​គ្រប់រូប នៅ​ទូទាំង​ពិភពលោក កំពុងតែ​ជួប​ប្រទេះ នោះ​គឺ​កូនតូច​របស់​ពួកគេ មាន​ការឡើង​ទម្ងន់​យឺត​។ ម្តាយ​ជា​ច្រើន​យល់ថា ទារក​ទើបនឹង​កើត ទារក​តូចៗ ឬ​ក្មេង​ចេះ​ដើរ​តេសតាស​ឡើង​ទម្ងន់ គឺជា​សញ្ញា​តែមួយគត់​បញ្ជាក់ថា រាងកាយ​គេ​កំពុងតែ​លូតលាស់​ត្រឹមត្រូវ​ហើយ​។ ប៉ុន្តែ តាមពិត​នោះ​គឺថា ក្មេង​ម្នាក់ៗ គឺ​មាន​លក្ខណៈ​ខុសៗ​គ្នា ហើយ​ការ​ធាត់​ឡើង​ទម្ងន់ ក៏​ស្ថិត​ក្នុង​ស​ភាពខុស​គ្នា​មួយ​ដែរ​។ តាមពិតទៅ ទារក​ម្នាក់ៗ​មាន​ការលូតលាស់​ល្អ គឺ​ត្រូវ​បាន​បង្ហាញ​ក្នុង​បណ្ណ​លឿង ជាមួយនឹង​សៀវភៅ​កំណើត​រួចហើយ​។ ហើយ​ចូរ​ចាំ​ថា អ្វី​ដែល​តារាង​នោះ​បង្ហាញ គឺ​ជា​ទម្ងន់​របស់​ទារ​ក ក្នុង​កម្រិត​មធ្យម​ប៉ុណ្ណោះ ហើយក៏​មិន​ចាំបាច់​ថា ត្រូវ​ដូចគ្នា​សម្រាប់​ទារក​គ្រប់​រូប​ដែរ​។
​ខាងក្រោម​នេះ គឺជា​រឿង​មួយចំនួន ដែល​អ្នក​គួរ​ចងចាំ ខណៈពេល​កំពុង​តែ​បារម្ភ អំពី​ការឡើង​ទម្ងន់​របស់​កូន ៖

  • ​ក្មេង​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា ដូច្នេះ កុំ​ធ្វើ​ការប្រៀបធៀប ចំពោះ​ការឡើង​ទម្ងន់​របស់​ក្មេង​ឯ​ទៀត​អី ទោះបីជា​ពួកគេ មាន​វ័យ​ដូច​គ្នា​ក៏​ដោយ​។
  • ​ក្មេង​ម្នាក់ៗ​មាន​ការលូតលាស់​ខុសៗ​គ្នា​។ បើសិនជា​ការលូតលាស់​របស់​កូន បង្ហាញ​ក្នុង​បណ្ណ​លឿង​ថា ឡើង​ទម្ងន់​បាន ១៥ ភាគរយ ក្នុង​ពេល​ទៅ​ជួប​ពេទ្យ​នោះ វា​គឺជា​រឿង​ធម្មតា​ទេ ហើយក៏​មិន​បាច់​បារម្ភ​អី​ដែរ​។
  • ​ក្នុង​រយៈពេល​បី​ខែ​ដំបូង​នៃ​ជីវិត ទារក​មាន​ការឡើង​ទម្ងន់​លឿន ពី ២,៥ ទៅ ៣ គីឡូក្រាម មានន័យ​ថា គេ​អាច​ឡើង​ទម្ងន់ មួយ​គីឡូក្រាម​ជា​រៀងរាល់​ខែ​។
  • ​យ៉ាងណាមិញ នៅ​ខែ​បន្ទាប់ៗ​ដូចជា ខែ​ទី​៤ ទី​៥ និង​ទី​៦ ទារក​អាច​នឹង​ឡើង​ទម្ងន់​ពី ៥០០ ទៅ​៦០០ ក្រាម នោះ​ក៏​ជា​រឿង​ធម្មតា​ដែរ​។
  • ​ជា​មធ្យម ទារក​អាច​ឡើង​ទម្ងន់​រហូត​ដល់ ៦​គីឡូក្រាម​ក្នុង​រយៈពេល ៦​ខែ​ដំបូង​។
  • ​ទារក​នឹង​ឡើង​ទម្ងន់​មួយ​ទ្វេ​ជា​បី នៅ​អាយុ​មួយឆ្នាំ ហើយ​ក៏​ត្រូវ​សង្កេតមើល ភាព​ចេះដឹង​របស់​ពួកគេ​ផង​ដែរ​។
  • ​ជាទូទៅ បើសិនជា​ទារក​ឡើង​ទម្ងន់​តែ ១៥ ភាគរយ​ជាប់​នោះ ក៏​មិន​បាច់​បារម្ភ​ដែរ​។ យ៉ាងណាមិញ បើសិន​ជា​កូន​ឡើង​ទម្ងន់ ៧៥ ភាគរយ ហើយ​ស្រាប់តែ​ធ្លាក់​មក ១៥ ភាគរយ​វិញ ទើប​ជា​រឿង​គួរ​បារម្ភ​។
  • ​ចូរ​ចាំ​ថា ក្មេង​ត្រូវ​ប្រឈម​នឹង​ការលូតលាស់​លឿន ក្រោយ​ពី​អាយុ​បាន ២ ឆ្នាំ ព្រោះតែ​គេ​មាន​ភាព​សកម្មភាព​រាង​កាយ​បំផុត និង​ចូលចិត្ត​ស្វែង​យល់​អ្វីៗ នៅ​ជុំវិញ​ខ្លួន​ដោយ​ខ្លួនឯង​។ ដូច្នេះ វា​ក៏​ជា​ពេលវេលា​មួយ ដែល​ក្មេង​អាច​នឹង​រំលាយ​ជាតិ​ខ្លាញ់ ពី​ក្នុង​ខ្លួន​ច្រើន និង​អាច​លូត​កម្ពស់​ដែរ​។ នេះ​ក៏​ជា​ពេលវេលា​មួយ ដែល​ពួកគេ​មើល​ទៅ​អត់​មាន​ខ្លាញ់​ក្នុង​ខ្លួន និង​ខ្ពស់ តែ​មិនមែន​ជា​ពេល ត្រូវ​បារម្ភ​ទៀត​ដែរ​។
  • ​អ្វី​ដែល​អ្នក​គួរតែ​ប្រុងប្រយ័ត្ន និង​បារម្ភ​នោះ គឺ​កូន​ធាត់​ពេក ដើម្បី​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ​នៅ​ថ្ងៃក្រោយ និង​ចៀសផុត​ពី​ជំងឺ​ដូចជា ជំងឺ​ទឹកនោម​ផ្អែម និង​លើស​សម្ពាធ​ឈាម​៕
     

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។