ប្រវត្តិខ្លីៗនៃក្រុមជម្រើសជាតិអៀរឡង់ខាងជើងក្នុងដំណើរឆ្ពោះទៅ Euro ឆ្នាំ២០១៦

Euro ឆ្នាំ២០១៦ នឹងក្លាយជាការបង្ហាញខ្លួនជាលើកទីមួយរបស់ក្រុមជម្រើសជាតិអៀរឡង់ខាងជើង ក្នុងយុទ្ធនាការកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប បើគិតចាប់តាំងពីការបង្កើតពាននេះឡើង។
Northern-Ireland-national-team-16

បើទោះបីមានអត្រាប្រជាជនតិចជាង២លាននាក់ក៏ដោយ ប៉ុន្តែ ក្រុមបាល់ទាត់ជម្រើសជាតិអៀរឡង់ខាងជើង បានបង្កើតឲ្យមានការភ្ញាក់ផ្អើលតាមរយៈការឈ្នះកៅអីទៅលេងក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ ដោយស្វ័យប្រវត្តិ បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតជម្រុះពូល F។ Kyle Lafferty គឺជាកីឡាករដ៏មានសមត្ថភាពបំផុតក្នុងការផ្តល់បញ្ហាដល់គូប្រកួតរបស់ខ្លួន តាមរយៈការប្រើប្រាស់ថាមពល និងល្បឿនដ៏លឿនរបស់គេដើម្បីទម្លុះតំបន់ការពារនៃគូប្រកួត។

ប្រសិនបើអៀរឡង់ខាងជើង អាចបង្កើតឲ្យមានការវាយសម្រុករហ័សយ៉ាងអស្ចារ្យ រូបគេគួរតែអាចស្វែងរកឱកាសសម្រាប់រូបគេ។ ខ្សែការពារ Paddy McNair របស់ក្លិប Manchester United ក៏អាចនឹងបង្កើតឲ្យមានការចាប់អារម្មណ៍ផងដែរក្នុងយុទ្ធនាការនេះ។ ក្នុងយុទ្ធនាការប្រកួតជម្រុះ អៀរឡង់ខាងជើង ចាញ់តែមួយលើកគត់ ប៉ុន្តែ ឈ្នះ៦លើក និងស្មើ៣លើកពីការប្រកួតជម្រុះទាំង១០លើក។

ជាមួយនឹងការស្ថិតក្នុងពូលរួមជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ អ៊ុយក្រែន និងប៉ូឡូញ ពួកគេសង្ឃឹមថា អាចបង្កើតការភ្ញាក់ផ្អើលមួយដូចកាលពីព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៨២ ដែលនៅពេលនោះពួកគេបានកត់ត្រាជ័យជម្នះដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ១-០ លើក្រុមម្ចាស់ផ្ទះអេស្ប៉ាញ។ សម្រាប់ការបង្ហាញខ្លួនក្នុងយុទ្ធនាការ Euro ឆ្នាំ២០១៦ អៀរឡង់ខាងជើង នឹងធ្វើការប្រកួតបើកឆាកក្នុងពូល C របស់ពួកគេនៅពេលជួបជាមួយនឹងក្រុមជម្រើសជាតិប៉ូឡូញ នាថ្ងៃទី១២ ខែមិថុនា នៅកីឡដ្ឋាន Allianz Riviera ក្នុងទីក្រុង Nice៕