យោធាអាមេរិក កំពុងផលិតអាវក្រោះយកតាមបច្ចេកវិទ្យា Iron Man

វា​មិនមែន​ជាការបង្កើត​ឯកសណ្ឋានទុក​សម្រាប់ដាក់តាំង​បង្ហាញចោល ​ឬសម្រាប់ដើរបង្ហាញម៉ូដអ្វីឡើយ​ ប៉ុន្តែនេះគឺជាការរកឃើញ​ និងឈានដល់ការផលិតនូវបច្ចេកវិទ្យាថ្មី​មួយ​ដ៏គួរឱ្យភ្ញាក់ផ្អើល​របស់យោធាអាមេរិក​សម្រាប់ពង្រីកវិសាលភាព ​និងបម្រើដល់កងទ័ពអាមេរិក​ ។​
យោង​តាមសារពត៌មាន ​National Interest​ បានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួនកាល​ពីថ្ងៃទី៣១ ខែឧសភា​ ឆ្នាំ២០១៦ ​បានឱ្យដឹងថា​ ទីបញ្ជាការប្រតិបត្តិការពិសេសនៃយោធាអាមេរិក​កំពុងតែដំណើរការ ​ការស្រាវជ្រាវ ​និងឈានដល់ដំណាក់កាលនៃការផលិតអាវក្រោះ​ដែលមានបច្ចេកវិទ្យា​ស្រដៀង​ទៅនឹង​បច្ចេកវិទ្យា​អាវក្រោះរបស់តួអង្គ ​Tony Stark ក្នុងរឿង Iron Man​ ដើម្បីការពារដល់កងកម្លាំងពិសេស (​Special Forces)​ របស់អាមេរិកពីការរងរបួស​ ក្នុងពេលបំពេញ​បេសកកម្ម ​។​​បច្ចេកវិទ្យា​អាវក្រោះនេះមានឈ្មោះថា​៖ Tactical Light Operators Suit (TALOS)​ ឬជាភាសាខ្មែរមានន័យថា​៖ អាវក្រោះប្រតិបត្តិករបច្ចេកវិទ្យាកម្មរស្មី​ ដែលវាមានសមត្ថភាពខ្ពស់ក្នុងការការពារកងកម្លាំងពិសេស ​ដោយបច្ចេកវិទ្យាទំនើប​ និងលើសពីនេះទៅទៀតវានឹងមានបំពាក់អាវុធទំនើបៗ​នៅ​លើអាវក្រោះនេះផងដែរ ​។ ​
យោងតាមការឱ្យដឹង​របស់អ្នកនាំពាក្យនៃទីបញ្ជាការប្រតិបត្តិការពិសេសរបស់អាមេរិក (SOCOM)​ បានឱ្យដឹងថា​៖ អាវក្រោះបច្ចេកវិទ្យា​ (TALOS​) ដែលមានបច្ចេកវិទ្យាស្រដៀងទៅនឹងឈុតការពាររបស់តួអង្គ​ Iron Man​ នេះនឹងត្រូវផលិតចេញជារូបរាងនៅក្នុងឆ្នាំ២០១៨​ខាងមុខ​ ៕​

យោធាអាមេរិក កំពុងផលិតអាវក្រោះយកតាមបច្ចេកវិទ្យា Iron Manដោយ៖ ឈូក ស
ប្រភព៖ National Interest