ដេញ​ថ្ងៃ ខែ ​ឆ្នាំ មុន​រៀបការ​មិនសូវ​ពេញ​និយម​ដូច​អតីតកាល

ដេញ​ថ្ងៃ ខែ ​ឆ្នាំ មុន​រៀបការ​មិនសូវ​ពេញ​និយម​ដូច​អតីតកាល

 

ថ្ងៃខែ​ឆ្នាំ​កំណើត ​គឺជា​ការ​សំគាល់​អាយុ​របស់​មនុស្ស​ម្នាក់។ ប៉ុន្តែ​ជា​ប្រពៃណី​ឪពុក-ម្តាយ​តែងតែ​មើល​ថ្ងៃ ខែ ​ឆ្នាំ មុននឹង​សម្រេចចិត្ត​យល់ព្រម​អោយ​កូន​រៀបការ​ជាមួយ​នរណា​ម្នាក់។ ចុះ​ចំណែក​ពេល​បច្ចុប្បន្ន​យ៉ាង​ដូចម្ដេច​ដែរ? តើ​ប្រជាជន​កម្ពុជា​គិត​បែប​ណា​អំពី​បញ្ហា​នេះ?

 

ដេញ​ថ្ងៃ ខែ ​ឆ្នាំ មុន​រៀបការ​មិនសូវ​ពេញ​និយម​ដូច​អតីតកាល

ពិធី​ភ្ជាប់​ពាក្យ​​តារា​ទឹក​ភ្នែក​ លី ច័ន្ទ​សីហា និង លោក​ ច័ន្ទ ថៃសេង កាល​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ ២០១៦ កន្លង​ទៅ​នេះ។

 

លោកតា​អាចារ្យ​ គង់​អុល ​មាន​វ័យ ៦២ឆ្នាំ​ជា​អាចារ្យ​នៅ​វត្ត​មុន្នីបាទុម​ ស្ថិតនៅ​ក្នុងស្រុក​លើកដែក​ខេត្ត​កណ្ដាល បាន​និយាយ​ថា​ យវវ័យ​ស្រឡាញ់​គ្នា​ពួកគេ​មិនសូវ​ខ្វល់ខ្វាយ​ជឿ​ពី​ការ​មើលខែឆ្នាំ​ឬ​ដេញ​វេលា​បញ្ជាក់​ថា​ ពួកគេ​ជា​គូ​នឹង​គ្នា​រឺ​អត់? ដូច​កាលពីមុន​នោះទេ ។

 

លោកតា​គង់​អុល និយាយ បន្ថែម​ទៀត​ថា​ ការ​មើល ឬ​ទស្សន៍ទាយ​ពី​ ខែ ​ឆ្នាំ ​មនុស្ស​ប្រុស​ និង​មនុស្ស​ស្រី​ជា​គូរ​នឹង​គ្នា​ឬ​មិនមែន​ជា​គូនឹង​គ្នា ​គឺ​ផ្អែក​ទៅតាម​ការ​ដេញ​ខែ ​ឆ្នាំ​ និង​តា​ដម​ក្បួន​តម្រា​តៗ​គ្នា​មក​តែប៉ុណ្ណោះ។ លោកតា​បន្តថា ​កាលពីមុន​មាន​ក្រុម​គ្រួសារ​ខ្លះ​មុន​រៀប​មង្គល​ការ​ឲ្យ​កូនប្រុស​ស្រី​ម្ដាយ​ឪពុក​ទាំងសងខាង​តែងតែ​មក​មើល​ខែឆ្នាំ​ និង​មើល​រាសី​កូនប្រុស​ស្រី​ទាំងពីរ។ ប៉ុន្តែ​មកដល់​ពេល​ឥឡូវ​គេ​ឃើញ​មានតែ​ការ​ដេញ​យក​ពេលវេលា​ថ្ងៃ​ដែល​ល្អ​រៀបការ​បានតែ​ប៉ុណ្ណោះ។ គេ​ពុំ​សូវ​មាន​ជំនឿ​ប៉ុន្មាន​ទៀត​ទេ​ចំពោះ​ការ​មើលខែឆ្នាំ​ដេញ​ជោគ​រាសី​ជា​គូរ​ឬ​មិន​គូរ​នឹង​គ្នា។

 

ទន្ទឹម​នឹង​ការ​លើកឡើង​របស់​លោក​តាអាចារ្យ ​ខាងលើ​នេះដែរ​លោក​ គង់​សា​ម៉េ​ត ​ជា​អាជីវក​លក់​គ្រឿងសំណង់​នៅ​ផ្សារ​អ្នក​លឿង​មាន​វ័យ៤៨ឆ្នាំ​និយាយ​ថា​គាត់ ​និង​ប្រពន្ធ​គាត់​ធ្លាប់​រៀបចំ​មង្គល​ការកូន​ស្រី​រួចមក​ហើយ​ដោយ​ពុំបាន​គិតគូរ​ដេញ​វេលា​ខែ​ឆ្នាំ​អ្វី​នោះ​ទេ។ គាត់​គ្រាន់តែ​ជ្រើស​រើស​យក​ថ្ងៃ​ល្អ​សម្រាប់​រៀបចំ​មង្គលការ​ឲ្យកូនៗ​តែប៉ុណ្ណោះ។

 

លោក​គង់​សា​ម៉េ​ត​បន្ថែមថា ​រូប​គាត់​ផ្ទាល់​នៅ​ពេល​រៀបការ​ជាមួយ​និង​ភរិយា​របស់​គាត់​ក៏​មិនបាន​មើល​ពេលវេលា​ខែ​ឆ្នាំ​អ្វី​នោះដែរ។មកដល់​សព្វថ្​ងៃនេះ​គាត់​និង​ភរិយា​គាត់​ស្រឡាញ់ គ្នា​ណាស់​ដោយ​មិនដែល​មានការ​ឈ្លោះប្រកែក​ឬ​បែកបាក់​គ្នា​ឬ​មាន​គ្រោះ​អ្វី​នោះឡើយ។ លោក​បន្តថា​ជំនឿ​អ​រូបិយ​លោក​ក៏​មិន​ប្រឆាំង​ឬ​ជំទាស់​អ្វី​ឡើយ​ប៉ុន្តែ​សូម​កុំ​ជឿ​ងប់ងុល​ពេក។ មាន​អ្នកខ្លះ​ដោយសារ​ជឿ​និង​ការ​មើល​ខែឆ្នាំ​ពេក​ធ្វើ​ឲ្យកូនៗដែល​កំពុង​ស្រឡាញ់គ្នា​មិនបាន​ជួបគ្នា​ទៅវិញ​ព្រោះ​ម្ដាយ​ឪពុក​មួយ​ចំនួន​តូច​មានជំនឿថា​ខែ​ឆ្នាំ​មិនត្រូវ​គ្នា​ពេលខ្លះ​មិន​ឲ្យ​កូន​រៀបការ​ជាមួយគ្នា​ទេ។ ម្តាយ​ឪពុក​មិន​គួរ​គិត​បែបនេះ​ឡើយ។ លោក​ផ្ទាល់​ដាច់ខាត​មិន​ឯកភាព​ជាមួយ​ជំនឿ​នោះ​ទាំងស្រុង​ទេ៕

 

អត្ថបទ៖  CCJ