លោក​យាយ​វ័យ​ ៦៨​ឆ្នាំពឹង​លើ​បន្លែ​ផ្លែ​ឈើ​មួយ​កញ្ច្រែង​​រកស៊ីចិញ្ចឹម​ម្ដាយ​វ័យ​ ៩៨ឆ្នាំ

ស្ថិតក្នុងវ័យ៦៨ឆ្នាំទៅហើយ លោកយាយ មាជ យន់ នៅតែប្រកបរបររកស៊ីចិញ្ចឹមជីវិតខ្លួនឯង មិនតែប៉ុណ្ណោះរូមទាំងម្ដាយវ័យជាង៩៨ឆ្នាំស្ថិតក្នុងបន្ទុកទៀតផង។

លោកយាយរូបនេះបន្តឲ្យដឹងទៀតថារាល់ថ្ងៃលោកយាយត្រូវងើបពីព្រលឹមដើម្បីទៅដើររកទិញបន្លែផ្លែឈើតាមចម្ការឬផ្ទះអ្នកជិតខាងម្ដងមួយកញ្រ្ចែងយកមកលក់នៅតាមទីផ្សារនិងពេលខ្លះបន្តលក់នៅទីរមណីយដ្ឋានគៀនស្វាយទៀត។

ថ្លែងទាំងទឹកមុខស្រងូតស្រងាត់ថាមុខរបរនេះបានកម្រៃបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ចិញ្ចឹមក្រពះរួមទាំងមានម្ដាយចាស់ជរាស្ថិតក្នុងបន្ទុកម្នាក់ទៀត។ស្ត្រីមេម៉ាយអះអាងថាលក់មិនរើសបន្លែផ្លែឈើឡើយ និយាយរួមទៅលក់ទាំងអស់មានដូចជាសណ្ដែក ផ្ញៀវ ទៀបបារាំង ទៀបស្វិត មៀនជាដើម។

លោកយាយ មាជ យន់ បន្ថែម៖ “បើបានផ្លែឈើហូបផ្លែដូចជាផ្លែមៀនឬផ្លែទៀបលក់បានថ្លៃបន្តិចចំណេញបានត្រឹមមួយម៉ឺនរៀល ចំណែកស្វាយវិញបានត្រឹមតែប្រាំពាន់រៀលទេចៅ។ ហើយស្អីក៏យាយលក់ដែរអត់រើសទេ ទៅទិញគេបានមួយកញ្ច្រែងគឺចាប់ផ្ដើមដើរលក់ហើយ។ លក់ឆាប់បានអស់ក៏ឆាប់បានត្រឡប់ទៅផ្ទះវិញដែរ។ ព្រោះចេញតាំងពីព្រឹកមក ណាមួយមានម្ដាយចាស់នៅចាំឯផ្ទះទៀត”។

ស្វាមីលោកយាយបានទទួលមរណភាពតាំងពីជំនាន់ប៉ុលពតមកម្ល៉េះ ដោយបន្សល់ទុកកូន ៨នាក់ក្នុងនោះស្រី៤នាក់។ មានគ្រួសារអស់៤នាក់នៅសល់៤នាក់សុទ្ធតែធ្វើការសំណង់និងធ្វើស្រែចម្ការ។ យ៉ាងណាមិញក្នុងនាមជាស្រីមេម៉ាយកូន៨នាក់ បញ្ជាក់ផងដែរថា កូនៗគេអាចចែករំលែកបន្តិចម្នាក់ល្មមបានហូបចុកខ្លះប៉ុន្តែ ដោយសារនៅមានម្ដាយ និងចង់ទៅវត្តវ៉ា ទើបលោកយាយនៅតែបន្តរកស៊ីតិចតួចសម្រាប់ជីវិតដែលខ្លួនចង់បានខ្លះ៕

ប្រភព៖ sabay

  • លោក​យាយ​វ័យ​ ៦៨​ឆ្នាំពឹង​លើ​បន្លែ​ផ្លែ​ឈើ​មួយ​កញ្ច្រែង​​រកស៊ីចិញ្ចឹម​ម្ដាយ​វ័យ​ ៩៨ឆ្នាំ已关闭评论
  • 22 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:ជីវិតនិងសង្គម
Tags: