ផ្ទុះ​ភ្លើង​ប្រចណ្ឌ​គូស្នេហ៍​ស្រលាញ់​ស្រី​ដូច​គ្នា

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​ស្រី​ស្រលាញ់​ភេទ​ដូច​គ្នា​បាន​ផ្ទុះ​ភ្លើង​ប្រចណ្ឌ​ដោយ​តួ​អង្គ​ជា​ប្រុស​បាន​ចោទ​ប្រកាន់​តួអង្គ​ជា​ស្រី​ថា​មាន​ប្រុស​ផ្សេង ​ក៏​វាយ​តប់​គ្នា​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​នាំ​ទៅ​ធ្វើ​ការ​សាកសួរ ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ជួល​ផ្លូវ​បេតុង ក្រុម​ទី​៥ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

ស្រីដែល​ជា​គួ​អង្គ​ប្រុស​ប្រចណ្ឌ​វាយ​គូស្នេហ៍​ឈ្មោះ កូ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​អ្នក​ចាក់​បទ​ចំរៀង​នៅ​បន្ទប់​ខារ៉ាអូខេ​រីករាយ​ចាស់ ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ និង​មានស្រុក​កំណើត​នៅ​ឃុំ​ពន្លក ស្រុក​ប្រសាទ ខេត្តព្រៃវែង ។ ចំណែក​តួ​ស្រី​មានឈ្មោះ អាង ហួ ភេទ​ស្រី អាយុ​១៧​ឆ្នាំ មានមុខរ​បរដូច​គ្នា ធ្វើការ​នៅ​ហាង​ខារ៉ាអូខេ​រីករាយ​ទី​១ មានស្រុក​កំណើត នៅ​ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ អ្នក​ទាំង​២​នាក់​ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ​ជាមួយ​គ្នា ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា អ្នក​ទាំង​២​នាក់​ជា​គូសង្សារ​នឹង​គ្នា (ស្រលាញ់​ស្រី​ដូច​គ្នា) ដោយ​រស់នៅ​បន្ទប់​ជួល​ជាមួយ​គ្នា​រយៈពេល​១​ឆ្នាំ​មក​ហើយ ។

ប្រភព​បាន​ឲ្យដឹងថា មុន​ពេល​កើតហេតុ ស្រី​ជា​តួអង្គ​ប្រុស​បាន​ប្រចណ្ឌ​សង្សារ​របស់​ខ្លួន ដោយ​ចោទ​ថា មាន​ប្រុស​ថ្មី ក៏​កើត​ទៅ​ជា​ទំនាស់​ទាស់ទែង និង​ឈាន​ដល់​វាយតប់​គ្នា ហើយ​អ្នក​ជិតខាង​ក៏​បាន​ប្តឹង​នគរបាល​អោយ​ចុះ​ទៅ​អន្តរាគមន៍ ។

តាម​ស្រី​ជា​តួអង្គ​ប្រុស​បាន​សារភាព​ថា ខ្លួន​ពិតជា​បានស្រលាញ់​ស្រី​ដូច​គ្នា និង​បាន​មក​រស់នៅ​ជាមួយ​គ្នា​ពិតប្រាកដ​មែន ។ មូលហេតុ​ដែល​នាំ​អោយ​រូប​នាង​វាយ​គូ​សង្សារ​ដោយសារ​តែ​ឃើញ​សង្សារ​លួច​ទាក់ទង​នឹង​ប្រុស​ថ្មី​ទៀត ទើប​ផ្ទុះ​កំហឹង​វាយ​តែ​ម្តង ។

បន្ទាប់​ពី​សមត្ថកិច្ច​បាន​ហៅ​មក​ធ្វើការ​សាកសួរ ពួក​គេ​ទាំង​២​នាក់​ឯកភាព​ថា​បែកផ្លូវ​គ្នា​ចាប់ពី​ពេល​នេះ​តទៅ ៕