វ៉ាស៊ីនតោន​អំពាវនាវ​ឱ្យ​ទេសចរ​អាមេរិក​ប្រយ័ត្ន​ប្រយែង​ពេល​មក​អឺរ៉ុប​ -បារាំង

ក្រសួងការបរទេសអាមេរិក បានចុះផ្សាយនៅក្នុងទំព័រវិបសៃត៍ កាលពីល្ងាចថ្ងៃទី ៣១ឧសភា ២០១៦ ណែនាំដល់ពលរដ្ឋខ្លួនទាំងអស់ដែលចង់ធ្វើដំណើរទៅកាន់អឺរ៉ុប ឱ្យចេះប្រុងប្រយ័ត្នខ្លួន។ សម្រាប់រដ្ឋាបាលអាមេរិក អឺរ៉ុប និងជាពិសេសប្រទេសបារាំង កំពុងប្រឈមនឹងហានិភ័យសន្តិសុខខ្ពស់ និងការគំរាមកំហែងសុវត្ថិភាពច្រើន ដូចជាការគំរាមកំហែងភេរវកម្ម សកម្មភាពកូដកម្មរបស់សហជីពជាបន្តបន្ទាប់ និង បាតុកម្មដ៏ហិង្សា កណ្តាលក្រុង …

វ៉ាស៊ីនតោន​អំពាវនាវ​ឱ្យ​ទេសចរ​អាមេរិក​ប្រយ័ត្ន​ប្រយែង​ពេល​មក​អឺរ៉ុប​ -បារាំងនៅឆ្នាំ២០១៥ មានទេសចរអាមេរិកមកលេងបារាំង៦លាននាក់

“ទេសចរអាមេរិកដែលមានចេតនាធ្វើដំណើរទៅអឺរ៉ុប ត្រូវដឹងថាការគំរាមកំហែងនៅទីនោះមានកំរិតខ្ពស់ ជាពិសេសនៅប្រទេសបារាំង”» ! នេះជាសារព្រមានដែលមានចុះផ្សាយនៅក្នុងទំព័រវិបសៃត៍នៃក្រសួងការបរទេសអាមេរិក ដោយថែមទាំងចង្អុលបំភ័យដោយចំៗថា ពហុកីឡាដ្ឋាន ស្តាត ទីប្រមូលផ្តុំអ្នកគាំទ្រកីឡាករ កន្លែងបញ្ចាំងមើលបាល់ទាត់ មធ្យោបាយដឹកជញ្ជូនសាធារណៈ … សុទ្ធសឹងជាចំណុចដៅភេរវកម្មរបស់ពួកជីហាត។
ថ្វីបើសារាចរណ៍នេះមិនមែនជាការបម្រាមចំៗប្រឆាំងប្រទេសបារាំងមែន តែវាមានខ្លឹមសារនិងអត្ថន័យគ្រប់គ្រាន់ សម្រាប់ពលរដ្ឋអាមេរិកថាគួរចៀសវាងធ្វើដំណើរមកបារាំង។ ព្រោះក្នុងសារាចរណ៍ អាជ្ញាធរអាមេរិកបានផ្តល់អនុសាសន៍ណែនាំពលរដ្ឋថា កូដកម្ម បាតុកម្ម និងការប្រមូលផ្តុំដោយសន្តិវិធីនៅបារាំងបានក្លាយជាអំពើហិង្សា និងអាចកើតមាននៅគ្រប់ខេត្តក្រុងទាំងអស់។ រទេះភ្លើង យន្តហោះ មេត្រូ មិនបា្រកដថាមានដំណើរការជាធម្មតាទេ !

សហរដ្ឋអាមេរិកបានពន្យល់ថាបារាំងបានដាក់ប្រទេសក្នុងភាពអាសន្នរហូតដល់ថ្ងៃទី ២៦មិថុនា តែសេចក្តីណែនាំរបស់រដ្ឋាភិបាលអាមេរិកមានតម្លៃរហូតដល់ថ្ងៃទី ៣១ សីហា ២០១៦ ថ្ងៃបញ្ចប់វិស្សមកាលប្រចាំឆ្នាំ។

សូមបញ្ជាក់ថា ក្រោយភេរវកម្មក្រុងប៉ារីស ថ្ងៃទី ១៣វិច្ឆិកា២០១៥មក រូបភាពប្រទេសបារាំងបានស្រអាប់យ៉ាងខ្លាំង។ ក្រៅអំពីការគំរាមកំហែងភេរវកម្មដែលអាជ្ញាធរបារាំងទទួលស្គាល់ថាមានកំរិតខ្ពស់បំផុតនោះ និងកំពុងប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីការពារប្រទេសនាឱកាសរៀបចំការប្រកួតកីឡាបាល់ទាត់អឺរ៉ុប ចាប់ពីថ្ងៃទី ១១មិថុនានោះ បារាំងបាននិងកំពុងធ្លាក់ក្នុងវិបត្តិសង្គមយ៉ាងធ្ងន់ធ្ងរ បាតុកម្មប្រឆាំងនឹងច្បាប់ការងារ បានរៀបចំធ្វើឡើងស្ទើរជារៀងរាល់សប្តាហ៍ រាលដាលជាអំពើហិង្សា និងការរាំងស្ទះសកម្មភាពសេដ្ឋកិច្ច មួយចំនួន។
ក្រុមសហជីព ក្នុងវិស័យសំខាន់ៗដូចជាថាមពល ប្រេងឥន្ធនៈ សេវាដឹកជញ្ជូន … បានប្រកាសធ្វើបាតុកម្ម ដោយគ្មានកំណត់ពេលឈប់ ចាប់ពីថ្ងៃពុធទី១មិថុនានេះតទៅ ដើម្បីដាក់គំនាបលើរដ្ឋាភិបាល ដែលក៏ដាច់ខាតមិនព្រមដកថយឡើយ៕

ប្រភពៈ  RFI