គ្រូបង្វឹកព័រទុយហ្គាល់៖ Ronaldo អវត្តមានជាការធ្វើតេស្តដ៏មានប្រយោជន៍ពេលជួបអង់គ្លេស

ការប្រកួតមិត្តភាពអន្តរជាតិរបស់ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស នៅរាត្រីនេះ គឺជាឱកាសមួយសម្រាប់ក្រុមក្នុងការបង្ហាញថា ពួកគេនៅតែអាចទទួលជោគជ័យដោយគ្មានវត្តមានរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo។
Ronaldo-absence-a-useful-test.zip-16

នេះបើយោងទៅតាមការបញ្ជាក់របស់លោក Fernando Santos កាលពីថ្ងៃពុធ។ Ronaldo ដែលជាប្រធានក្រុមរបស់ព័រទុយហ្គាល់ និងជាអ្នករកគ្រាប់បាលនាំមុខគេជាមួយនឹងការរកបាន៥៦គ្រាប់នោះ នឹងអវត្តមានក្នុងការប្រកួតនៅកីឡដ្ឋាន Wembley ខណៈដែលរូបគេកំពុងតែសម្រាក ក្រោយពីការបំពេញការតព្វកិច្ចក្នុងពេលក្រុម Real Madrid ទទួលជ័យជម្នះក្នុងការប្រកួតពាន Champions League វគ្គផ្តាច់ព្រ័ត្រ លើក្រុម Atletico Madrid ក្នុងទីក្រុងមីឡាន កាលពីថ្ងៃសៅរ៍។

បញ្ហានេះ ធ្វើឲ្យលោក Santos ត្រូវអវត្តមានខ្សែប្រយុទ្ធដ៏មុតស្រួចបំផុតរបស់លោក ប៉ុន្តែ លោកបានអំពាវនាវឲ្យកីឡាករផ្សេងទៀតក្នុងក្រុមរបស់លោក បង្ហាញភាពអស្ចារ្យក្នុងការប្រកួតកម្តៅសាច់ដុំរបស់ពួកគេនៅមុនពេលយុទ្ធនាការ Euro ឆ្នាំ២០១៦។

លោក Santos បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ពិតណាស់ Cristiano Ronaldo ពិតជាសំខាន់សម្រាប់ព័រទុយហ្គាល់ ប៉ុន្តែ រូបគេសំខាន់សម្រាប់ក្រុមណាទាំងអស់ក្នុងពិភពលោក»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំសង្ឃឹមថា រូបគេអាចលេងរាល់ការប្រកួតទាំង៧លើកក្នុងប្រទេសបារាំង (ដោយគិតថា ព័រទុយហ្គាល់ ឈានទៅវគ្គផ្តាច់ព្រ័ត្រ) ប៉ុន្តែ យើងចាំបាច់ត្រូវតែលេងដោយគ្មានរូបគេ ហើយនៅថ្ងៃនេះគឺជាឱកាសមួយក្នុងការអនុវត្តបែបនោះ»។

ក្នុងពេល Ronaldo អវត្តមាន Nani ដែលជាអតីតមិត្តរួមក្លិប Manchester United ត្រូវបានរំពឹងទុកថា នឹងទទួលតួនាទីមួយនៅពេលប្រកួតជាមួយនឹងក្រុមអង់គ្លេស របស់លោក Roy Hodgson។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ​ ៖

01.07.06 England 0-0 Portugal
25.06.04 Portugal 1-1 England
19.02.04 Portugal 1-1 England