iPhone 8 ​មាន​​អេក្រង់​កោង​ស្រដៀងទូរសព្ទ​ចិន

លោក​ Kevin Wang អ្នក​វិភាគ​របស់​ក្រុមហ៊ុន​ IHS បាន​បង្ហើរ​ពាក្យ​ចចាមអារ៉ាម​ចុង​ក្រោយ​មួយ​អំពី​ iPhone ដែល​នឹង​ចេញ​នៅ​ឆ្នាំ​ ២០១៧។

 

iPhone 8 ​មាន​​អេក្រង់​កោង​ស្រដៀងទូរសព្ទ​ចិន

 

លោក​ Kevin បាន​​លើក​ឡើង​ថា​ iPhone ចេញ​ឆ្នាំ​ ២០១៧​ ដែល​​អាច​នឹង​ហៅ​ថា​ “iPhone 8” នឹង​មាន​បំពាក់​អេក្រង់​ប្រភេទ​ OLED ​រាងកោង​ទាំង​សង​ខាង​​ស្រដៀង​ទូរសព្ទ​ Vivo XPlay 5 ឬ​ Galaxy S7 Edge។ អ្នក​វិភាគ​រូប​នេះ​មិន​បាន​បញ្ជាក់​​ថាអេក្រង់​កោង​ខ្លាំង​កម្រិត​ណា​ ឬ​ នឹង​អាច​ប្រើ​មុខងារ​ដូច​ S7 Edge ឬ​យ៉ាង​ណា​នោះ​ទេ។

​​
iPhone 8 ​មាន​​អេក្រង់​កោង​ស្រដៀងទូរសព្ទ​ចិន

 

លោក​ក៏​មិន​បាន​បញ្ជាក់​ដែរ​​ពី​​ប្រភព​​ណា​ដែល​ព័ត៌មាន​នេះ​ទទួល​បាន​​​ ប៉ុន្តែ​​​គេ​អាច​ស្មាន​ថា​ទទួល​បាន​ពី​ខ្សែ​សង្វាក់​ផលិតកម្ម​នៅ​អាស៊ី​ និង​ដៃ​គូ​ផ្គត់​ផ្គង់​របស់​ Apple។ កន្លង​មក​លោក​ Kevin ធ្លាប់​បាន​ចែក​រំលែក​ព័ត៌មាន​​​​ចំៗ​​អំពី​ពេល​វេលា​ប្រកាស​ iPhone SE ហើយ​​​ដើម​សប្ដាហ៍​នេះ​ក៏​បាន​បញ្ចេញ​ព័ត៌មាន​អំពី​ iPhone 7 ដែល​ថា​​នឹង​លែង​មាន​ជម្រើស​មេមូរី​ ១៦ GB។

 

មក​ទល់​ពេល​នេះ​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​អំពី​​ iPhone 8 ​ដោយ​​ខ្លះ​លើក​ឡើង​ថា​ នឹង​មាន​អេក្រង់​ដែល​បង្កប់​ដោយ​​មុខងារ​ Touch ID, លែង​មាន​ប៊ូតុង​ Home និង​​មាន​តួ​ខ្លួន​ផលិត​ពី​កញ្ចក់​ជា​ដើម៕

 

ចុច​អាន៖ iPhone 7 គ្មាន​ឡើយ​ការ​ផ្លាស់​ប្តូរ​រូបរាង​ថ្មី

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ MacRumors​​​​​​​​​​