តារា​សម្តែង​ថ្មី​លី លី​ហ្សា រយាល​អាជីព​សិល្បៈ​រវល់​នឹង​របរ​ចំណាយ​ទុនជាង​30​ម៉ឺន​ដុល្លារ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​និយម​ចូល​ចិត្ត​តំណែង​តួ​កាច​ឆ្នាស​កញ្ញា​លី លី​ហ្សា បាន​ចំណាយ​ប្រាក់​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ជាង​៣០​ម៉ឺន​ដុល្លារ​សម្រាប់​មុខ​ជំនួញ ។ ជក់ចិត្ត​នឹង​របរ​រកស៊ី​ទើប​លី លី​ហ្សា គ្មាន​អារម្មណ៍​ចង់​ភ្ជាប់​ស្នេហ៍​ជាមួយ​បុរស​ណា​ទេ ព្រមទាំង​ធ្វើ​ឱ្យ​រយាល​ពី​ការងារ​សិល្បៈ​ផង ។

ក្នុង​ឈុត​សម្លៀក​បំពាក់​ទាន់សម័យ កញ្ញា​លី លី​ហ្សា រៀបរាប់​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ​នាង​រយាល​ពី​ការងារ​សិល្បៈ​បន្តិច ងាក​ទៅ​មើល​ការ​ខុស​ត្រូវ​របរ​រកស៊ី​នៅ​ខេត្តកំពង់ស្ពឺ​វិញ ។  ទោះជា​យ៉ាងណា​ក្តី​លី លី​ហ្សា មិន​ចោល​អាជីព​សិល្បៈ​ទេ ។ មុខរបរ​មួយ​របស់​លី លី​ហ្សា​គឺ​នាង​កំពុង​តែ​សាងសង់​បន្ទប់​ជួល​ជិត​៣០​បន្ទប់​នៅ​ខេត្តកំពង់ស្ពឺ​លើ​ដី​ឡូត៍​មួយ​ដែល​ទិញ​ជា​ច្រើន​ខែ​មក​ហើយ​។ ចំណាយ​ប្រាក់​សង់​បន្ទប់​ជួល​នោះ បើ​គិត ត្រួស​ៗ​ជំហាន​ដំបូង​ប្រហែល​ជាង​៥​ម៉ឺន​ដុល្លារ ។

ចំណែក​មុខរបរ​មួ​យ​ទៀត គឺ​បើក​ផ្ទះសំណាក់​ឈ្មោះ «​លី​ហ្សា​» ស្ថិត​នៅ​ខេត្តកំពង់ស្ពឺ ក្នុង​ទីរួមខេត្ត ។ ផ្ទះសំណាក់​នោះ​ចាយ​ទុន​ជាង​២០​ម៉ឺន​ដុល្លារ បាន​ដំណើរការ​យូរ​មក​ហើយ ស្ថិត​នៅ​ជាប់​ដី​ឡូត៍​សង់ផ្ទះ​ជួល​នោះ ។ រវល់​នឹង​មុខរបរ​ទាំងនោះ​ហើយ​ទើប​កញ្ញា​លី លី​ហ្សា គ្មាន​ពេល​គិតគូរ​រឿង​ស្នេហា​ជាមួយ​បុរស​ណា​នា​អំឡុង​ពេល​នេះ​ឡើយ ។ «​បើ​រវល់ ម្ល៉ឹង​ៗ​ខ្ញុំ​រក​ពេល​យកចិត្ត​អ្នក​ណា​ទៅ​កើត​នោះ​»​។ ស្រី​ស្អាត​លី​ហ្សា និយាយ​បែប​នេះ ។

ចំពោះ​អាជីព​សម្តែង​កញ្ញា​លី លី​ហ្សា និយម​ចូល​ចិត្ត​តួ​កាច​ឆ្នាស និង​ឈុត​ស្លៀកពាក់​សិច​ស៊ី ។ មិត្តភក្តិ​ខ្លះ​ប្រាប់​លី​ហ្សា​ថា ប្រឡូក​សិល្បៈ​ធ្វើ​អី​បើ​មានមុខ​របរ លុយកាក់​គ្រប់​គ្រាន់ ផ្ទះ​មាននៅ​ទៅ​ហើយ​នោះ នាំ​តែ​ហត់ ប៉ុន្តែ​វា​ជា​ចំណូលចិត្ត និង​ជា​និស្ស័យ​របស់​នាង​តាំងពី​ក្មេង​មិន​អាច​កាត់​ផ្តាច់​បាន​។ លី​ហ្សា​គ្មាន​បំណង​យក​សិល្បៈ​ធ្វើ​ជា​ឈ្នាន់​ទេ ហើយ​ដឹង​ថា​អាជីព​សិល្បៈ​គឺ​ហត់នឿយ ឯ​ប្រាក់​កម្រៃ​នៅ​មាន​កម្រិត ។  ចិត្ត​ស្រឡាញ់ និង​ប្រាថ្នា​កេរ្តិ៍ឈ្មោះ​ទើប​លី​ហ្សា​ព្យាយាម​ក្នុង​អាជីព​សិល្បៈ ។

កញ្ញា​លី លី​ហ្សា​មុន​ពេល​ចូល​ពិភព​សិល្បៈ​មានមុខ​ជំនួញ​លក់​ផលិតផល​មួយ​ចំនួន​នាំ​មក​ពី​ប្រទេស​ថៃ និង​ចិន ។ ជំនួញ​នោះ​ហើយ​ដែល​លី​ហ្សា​សល់​ប្រាក់​ធ្វើ​ដើមទុន​បង្កើត​មុខរបរ​ផ្សេង​ទៀត​បាន ៕