វីឡា​ដ៏​ប្រណីត​របស់​ហ្វែ​ន ប៊ី​ង​ប៊ី​ង រួមរស់​នឹង​ម្ចាស់​ស្នេហ៍

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​រូបថត​ច្រើន​សន្លឹក​ត្រូវ​គេ​បង្ហោះ​លើ Online ដែល​បង្ហាញ​ពី​វីឡា​ស្កឹមស្កៃ​របស់​គូស្នេហ៍​នាង​ហ្វែ​ន ប៊ី​ង​ប៊ី​ង និង​លោក​លី ចិន ។ តាម​រយៈ​រូបថត​នោះ​ដែរ​បង្ហាញ​ពី​ការ​រចនា​ផ្នែក​ខាងក្នុង​យ៉ាង​ល្អ​ប្រណីត​នៃ​វីឡា​របស់​ពួក​គេ ។

តារា​សម្តែង ផលិតករ​ប៉ុស្តិ៍​ទូរទស្សន៍ និង​ជា​តារាចម្រៀង​ប៉ុប​ចិន​វ័យ​៣៤​ឆ្នាំ នាង​ហ្វែ​ន ប៊ី​ង​ប៊ី​ង និង​តួ​សម្តែង​ប្រុស​វ័យ​៣៧​ឆ្នាំ​លី ចិន​បាន​អះអាង​បញ្ជាក់​ពី​ចំណង​ស្នេហ៍​របស់​ពួក​គេ​លើ​គេហទំព័រ Weibo ពោល​គឺ​រយៈពេល​ជាង​១​ឆ្នាំ​មុន ហើយ​ពួក​គេ​បាន​ប្រកាស​ពី​ការ​ភ្ជាប់ពាក្យ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ។

ក្រឡេក​មើល​ពី​វីឡា​ស្កឹមស្កៃ និង​របស់របរ​ប្រណីត​ៗ​ខាងក្នុង បង្ហាញ​ថា គូស្នេហ៍​មួយគូ​នេះ​កំពុង​ត្រៀមខ្លួន​រៀបចំ​ជីវិត​ប្តី​-​ប្រពន្ធ​បន្ទាប់​ពី​ពួក​គេ​រៀប​ការ​ហើយ ។

យោង​តាម​គេហទំព័រ​ចិន Tencent ឱ្យ​ដឹង​ថា មនុស្ស​ដែល​បង្ហាញ​រូបភាព​លើ Weibo និយាយ​ថា ពួក​គេ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ដឹង​ថា ហ្វែ​ន ប៊ី​ង​ប៊ី​ង​នឹង​ទៅ​រស់នៅ​ក្បែរ​ផ្ទះ​របស់​ពួក​គេ ។ ម្យ៉ាងវិញទៀត​គឺជា​រឿង​ចៃដន្យ​ដែល​ពួក​គេ​មាន​មិត្ត​ភក្ដី​ធ្វើការ​នៅ​ក្រុមហ៊ុន​រចនា​ប្លង់​ដេ​គ័​រ ហើយ​បាន​ចូល​ដេ​គ័​រ​ផ្ទះ​វីឡា​ប្រណីត​នោះ ពួក​គេ​ក៏​សម្រេចចិត្ត​បង្ហោះ​រូប​លើ Online តែ​ម្តង ។ ទោះជា​យ៉ាង​ក៏​ដោយ​ពួក​គេ​មិនដឹង​ពី​តម្លៃ​វីឡា​ប្រណីត​របស់​តារា​ស្រី​ល្បីឈ្មោះ​រូប​នេះ​ទេ ។

ហ្វែ​ន ប៊ី​ង​ប៊ី​ង និង​លី ចិន ល្អូកល្អិន​នឹង​គ្នា​ខ្លាំង ខណៈ​ពេល​សម្តែង​ជាមួយ​គ្នា​ក្នុង​រឿង The Empress of China ៕