CNRP ត្រៀម​បង្ហាញ​កម្លាំង​ម្ចាស់​ស្នាម​មេដៃ​ខណៈ​រដ្ឋាភិបាល​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ

គណបក្សសង្គ្រោះជាតិព្រមានបង្ហាញកម្លាំងប្រជាពលរដ្ឋ ដែលជាម្ចាស់ស្នាមមេដៃ បន្ទាប់ពីគណបក្សប្រឆាំងមួយនេះ កំពុងរងការចោទប្រកាន់ជុំវិញភាពមិនប្រក្រតីនៃស្នាមមេដៃមួយចំនួនក្នុងចំណោមស្នាមមេដៃជាង១៧ម៉ឺន ដែលបានដាក់ថ្វាយព្រះមហាក្សត្រកាលពីថ្ងៃចន្ទដើមសប្ដាហ៍។ការព្រមានរបស់មន្ត្រីគណបក្សសង្គ្រោះជាតិធ្វើឡើងក្នុងថ្ងៃតែមួយដែលទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៣១ ឧសភា ចាត់ឲ្យ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្វើការស្រាវជ្រាវទៅលើស្នាមដៃទាំងនោះ។

CNRP ត្រៀម​បង្ហាញ​កម្លាំង​ម្ចាស់​ស្នាម​មេដៃ​ខណៈ​រដ្ឋាភិបាល​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ

គណបក្សសង្គ្រោះជាតិព្រមានបង្ហាញកម្លាំងប្រជាពលរដ្ឋ ដែលជាម្ចាស់ស្នាមមេដៃ បន្ទាប់ពីគណបក្សប្រឆាំងមួយនេះ កំពុងរងការចោទប្រកាន់ជុំវិញភាពមិនប្រក្រតីនៃស្នាមមេដៃមួយចំនួនក្នុងចំណោមស្នាមមេដៃជាង១៧ម៉ឺន ដែលបានដាក់ថ្វាយព្រះមហាក្សត្រកាលពីថ្ងៃចន្ទដើមសប្ដាហ៍។

ជុំវិញការចោទប្រកាន់ភាពមិនប្រក្រតីរបស់ញត្តិដាក់ថ្វាយព្រះមហាក្សត្រ ដែលមានស្នាមមេដៃប្រជាពលរដ្ឋជាង១៧ម៉ឺននោះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ូ ចន្ទរិទ្ធិ នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់បក្សកាលពីថ្ងៃម្សិលមិញបានគូសបញ្ជាក់ថា គណបក្សសង្គ្រោះជាតិនឹងឲ្យប្រជាពលរដ្ឋ ដែលជាម្ចាស់ស្នាមដៃលើកគ្នាទៅមុខព្រះបរមរាជវាំងដើម្បីផ្ទៀងផ្ទាត់ស្នាមមេដៃទាំងអស់គ្នា។
ប្រឈមនឹងភាពមិនប្រក្រតីនៃញត្តិនេះ ព្រះមហាក្សត្រតាមរយៈសំណើររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បីធ្វើការស្រាវជ្រាវទៅ លើស្នាមមេដៃទាំងនោះតាមរយៈការធ្វើកោសល្យវិច្ច័យ ការស្រាវជ្រាវពីប្រជាពលរដ្ឋដោយផ្ទាល់ និងតាមរយៈមធ្យោបាយផ្សេងទៀត ដែលអាចរកឃើញនូវភាពត្រឹមត្រូវរបស់ប្រជាពលរដ្ឋប្រមាណជាង១៧ម៉ឺននាក់។

នៅក្នុងលិខិតចុះថ្ងៃទី ៣១ ឧសភាគណៈរដ្ឋមន្ត្រីបានគូសបញ្ជាក់ទៅលោក ស ខេង ថាការស្រាវជ្រាវញត្តិ ដែលមានស្នាមមេដៃប្រជាពលរដ្ឋនេះត្រូវធ្វើឲ្យបានហ្មត់ចត់បំផុតដើម្បីជៀសវាងការប្រើប្រាស់ស្នាមមេដៃបោកប្រាស់មកលើប្រជាពលរដ្ឋ និងព្រះមហាក្សត្រ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់វិទ្យុបារាំងថា ប្រសិនបើរកឃើញថាញត្តិ ដែលគណបក្សសង្រ្គោះជាតិថ្វាយព្រះមហាក្សត្រមានភាពមិនប្រក្រតីមែន នោះក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ញត្តិរបស់គណបក្សសង្គ្រោះជាតិ មានគោលដៅ បួនចំនុចគឺទី១ ទាមទារអោយដោះលែងអ្នកនយោបាយ និងមន្ត្រីអង្គការសង្គមស៊ីវិល ទី២ ទាមទារបញ្ឈប់ការប្រើស្ថានប័ន រដ្ឋដើម្បីគម្រាមកំហែង អង្គការសង្គមស៊ីវិល និងបក្សប្រឆាំង ទី៣ ទាមទារបញ្ឈប់ការប្រើអំណាចរដ្ឋដោយមានស្តង់ដារពីរ និងទី៤ ទាមទារបញ្ឈប់ការប្រើអំណាចតុលាការបំពានលើអំណាចនីតិបញ្ញត្តិ និងរំលោភលើអភ័យឯកសិទ្ធិសភា។

យ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិនៅតែបន្តរក្សាជំហរក្នុងការប្រមូលស្នាមដៃដើម្បីធ្វើញត្តិដាក់ទៅកាន់ព្រះមហាក្សត្រជាថ្មីទៀត។ ញត្តិថ្មីនេះ គឺទាមទារពីរចំណុចទី១-ស្នើឲ្យព្រះមហាក្សត្រជួយធ្វើអន្តរាគមន៍ទៅស្ថាប័នជាតិទាំងអស់ឲ្យគោរពពេញលេញនូវសិទ្ធិប្រជាពលរដ្ឋនិងសិទ្ធិអ្នកតំណាងរាស្ត្រ។ ទី២-ស្នើឲ្យព្រះមហាក្សត្រអន្តរាគមន៍ឲ្យបញ្ឈប់ការរុងគួនតាមផ្លូវតុលាការមកលើ សកម្មជន អង្គការសង្គមស៊ីវិលមន្ត្រីគ.ជ.ប៕

ប្រភពៈ RFI