កំណត់ត្រា កម្ពុជា ​ធ្លាប់​ឈ្នះ​ឆាយនីស​តៃប៉ិ ​ម្ដង​ហើយ ចុះ​ល្ងាច​នេះ?

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ឆាយនីស​តៃប៉ិ ​នៅ​វេលា​ម៉ោង​៦​ល្ងាច​នេះ ​នៅ​កីឡដ្ឋាន​ Kaohsiung ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម​ពាន​រង្វាន់​ AFC ​Asian Cup 2019 ​ជើង​ទី​១ ។ ​ដោយ​កាល​ពី​ឆ្នាំ​២០១៤​កន្លង​ទៅ ​ក្រុម​កម្ពុជា​ធ្លាប់​យក​ឈ្នះ​ឆាយនីស​តៃប៉ិ​ម្ដង​មក​ហើយ​ដោយ​លទ្ធផល ២-០ ​ប៉ុន្តែ​នៅ​ក្នុង​ប្រកួត​មិត្តភាព​នោះ​ទេ។ ​ចុះ​នៅ​ល្ងាច​នេះ​វិញ ​តើ​កម្ពុជា​នៅ​តែ​បន្ដ​ឈ្នះ​ទៀត​ឬ​យ៉ាង​ណា?

 

កំណត់ត្រា កម្ពុជា ​ធ្លាប់​ឈ្នះ​ឆាយនីស​តៃប៉ិ ​ម្ដង​ហើយ ចុះ​ល្ងាច​នេះ?

 

លោក Lee Tae Hoon ​គ្រូ​បង្វឹក​ក្រុម​កម្ពុជា​បាន​បង្ហាញ​ចំណុច​ខ្លាំង​របស់​ឆាយនីស​តៃប៉ិ​ថា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពួកគេ​មាន​ការ​រីក​ចំរើន​ច្រើន​ទាំង​បច្ចេកទេស​និង​កីឡាករ​ក៏​មាន​ការ​ផ្លាស់ប្ដូរ​ច្រើន​ដែរ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ក្រុម​កម្ពុជា​នៅ​តែ​មាន​សង្ឃឹម ប្រសិន​បើ​កីឡាករ​ទាំង​អស់​មាន​ការ​តាំង​ចិត្ត​និង​លេង​សហការ​គ្នា​តាម​ការ​គ្រោង​ទុក។

 

កំណត់ត្រា កម្ពុជា ​ធ្លាប់​ឈ្នះ​ឆាយនីស​តៃប៉ិ ​ម្ដង​ហើយ ចុះ​ល្ងាច​នេះ?លោក Lee Tae Hoon

 

ជើង​កីឡាករ

 

​ខ្សែ​ប្រយុទ្ធ ​ប្រាក់ មុន្នីឧត្តម ​និង ​ចាន់ វឌ្ឍនាកា ​សុទ្ធ​តែ​អះអាង​ថា​ ​ខ្លួន​អាច​លេង​បាន ១០០% ​ហើយ ​បន្ទាប់​ពី​ធ្វើ​ការ​សាក​កម្លាំង​ពេល​ប្រកួត​ជាមួយ​ក្រុម​ទីម័រ​ខាង​កើត​រួច​មក។ ខណៈ​ដែល​ខ្សែ​បម្រើ ធារី ចន្ថាប៊ីន ​វិញ ​ក៏​ប្រហែល​ជា​ជាប់​ជម្រើស​១១​នាក់​ដំបូង​របស់​លោក​គ្រូ Lee ​ដែរ ។

 

កំណត់ត្រា កម្ពុជា ​ធ្លាប់​ឈ្នះ​ឆាយនីស​តៃប៉ិ ​ម្ដង​ហើយ ចុះ​ល្ងាច​នេះ?លោក Toshiaki Imai ​គ្រូ​បង្វឹក​ក្រុម​ឆាយនីស​តៃប៉ិ (រូបកណ្ដាលគេ)

 

ចំពោះ​ខាង​ឆាយនីស​តៃប៉ិ ​វិញ ​ប្រធាន​ Chen Po-liang​ ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ឱ្យ​ក្រុម​ជម្រើស​ជាតិ ​ជា​កីឡាករ​ដែល​គ្រោះ​ថ្នាក់​ជាង​គេ​សម្រាប់​កម្ពុជា។ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​ម្នាក់​ទៀត​ដែល​លេង​សហការ​គ្នា​បាន​យ៉ាង​ល្អ​ជាមួយ​ប្រធាន​ក្រុម​គឺ Wu Chun-ching ​និង​ Chen Hao-wei ។

 

ប្រវត្តិ​ជួប​គ្នា

 

​ក្រុម​កម្ពុជា​ធ្លាប់​ឈ្នះ​ឆាយនីស​តៃប៉ិ​ម្ដង​មកហើយ​នៅ​ឆ្នាំ​២០១៤ ​ក្នុង​ការ​ប្រកួត​មិត្តភាព ​ដោយ​កាល​នោះ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន ​Kaohsiung Stadium ​ខាង​លើ​នេះ​ដែរ។

 

​ប្រវត្តិ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2018

 

​ក្រុម​កម្ពុជា​ស្ថិត​ក្នុង​ពូល E ​ជាមួយ​ក្រុម​ជប៉ុន សិរី ​អាហ្វហ្គានីស្ថាន ​និង​សិង្ហបុរី ​ដោយ​ការ​ប្រកួត​ក្នុង​ពូល​នេះ កម្ពុជា​មិន​ស្គាល់​ជ័យ​ជម្នះ​នោះ​ទេ ហើយ​ស៊ុត​គេ​បាន​តែ​មួយ​គ្រាប់​គត់ (ស៊ុត​គេ​បាន​មួយ​គ្រាប់ គេ​ស៊ុត​ចូល​វិញ​២៧​គ្រាប់)។ ដោយ​មួយ​គ្រាប់​របស់​កម្ពុជា​ស៊ុត​ចូល​ក្រុម​សិង្ហបុរី។

 

ខណៈ​ដែល​ខាង​ក្រុម​ឆាយនីស​តៃប៉ិ​វិញ ​ស្ថិត​ក្នុង​ពូល​ F ​ជាមួយ​ក្រុម​ថៃ អីរ៉ាក់ វៀតណាម ​និង​ឥណ្ឌូនេស៊ី។ ដោយ​ការ​ប្រកួត​ក្នុង​ពូល​នេះ ពួកគេ​ក៏​មិន​អាច​រក​បាន​ជ័យជម្នះ​ដូច​គ្នា ពោល​គឺ​នៅ​បាត​តារាង ​ប៉ុន្តែ​អាច​ស៊ុត​ចូល​ដៃ​គូ​ប្រកួត​បាន​ខ្លះ (ស៊ុត​ចូល​គេ​៥​គ្រាប់ គេ​ស៊ុត​វិញ​១៩​គ្រាប់)។ ៥​គ្រាប់​នេះ​រក​បាន​ពេល​​ចាញ់​អីរ៉ាក់ ៥-១ ​ពេល​ចាញ់​​វៀតណាម ២-១ ​ចាញ់​ថៃ ៤-២ ​និង​ចាញ់​វៀតណាម ៤-១ ។

 

បន្ទាប់​ពី​ប្រកួត​ជើង​ទី​មួយ​នេះ​ចប់​ទៅ ​ការ​ប្រកួត​ជើង​ទី​ពីរ​នៅ​ទឹក​ដី​កម្ពុជា​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧​ខែ​មិថុនា ឆ្នាំ​២០១៦ ​ខាង​មុខ​នេះ​ទៀត៕

 

អត្ថបទ៖ មុន្នី រម្យ