ផ្អើល​សមត្ថកិច្ច​ស្ទើរ​មួយ​ខណ្ឌ ព័ទ្ធ​ចាប់ចោរ​គាស់​ផ្ទះ​និង​ដុត​ផ្ទះ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​ មាន​ទាំង​នគរបាល និង​អាវុធហត្ថ​ស្ទើរ​មួយ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហការ​គ្នា​ឡោម​ព័ទ្ធ​ទីតាំង​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ត្រូវ​ជន​សង្ស័យ​ម្នាក់​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ តែ​ជនសង្ស័យ​បាន​ដុត​ដប​សាំង​គប់​ចេញពី​ក្នុងផ្ទះមក​ក្រៅ​ បណ្តាល​ឲ្យ​​ឆាបឆេះ​ផ្ទះ និង​រលាក​រោល​របួស​សមត្ថកិច្ច​២​នាក់ ត្រូវ​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាល​ពី​​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ក្បែរ​សួន​កា​ណា​ឌី​យ៉ា តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​ចុះ​អន្តរាគមន៍​នេះ​សមត្ថកិច្ច​បាន​បាញ់​គំរាម​ចំនួន​៤​គ្រាប់​ដើម្បី​បង្ក្រាប ហើយ​ចាប់ខ្លួន​ចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​បាន​ម្នាក់​ខណៈ​កំពុង​ចូល​ធ្វើ​សកម្មភាព​នៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ ។ នៅ​កន្លែង​កើតហេតុ ជនសង្ស័យ​រូប​នេះ​ក៏​បាន​ដុត​ផ្ទះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ទៀត​ផងក្រោយ​ពី​ធ្វើ​សកម្មភាព​មិន​បាន​សម្រេច តែ​ត្រូវ​អ្នក​រស់នៅ​ក្បែរ​នោះ​ដឹង​ទាន់​នាំ​គ្នា​ជួយ​ពន្លត់​កុំ​អី​ក្លាយជា​គ្រោះ​អគ្គិភ័យ​បាត់​ហើយ បន្ទាប់​មក​ក៏​ហៅ​សមត្ថកិច្ច​ឲ្យ​ទៅ​ជួយ​អន្តរាគមន៍ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ផ្ទះ​កើតហេតុ​ខាងលើ​ត្រូវ​ម្ចាស់​ចាក់សោ​ទុក​ចោល​នៅ​ពេល​យប់ ហើយ​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ដ៏​សកម្ម​មាន​គ្នា​២​នាក់​បាន​ទៅ​ឈរ​នៅ​ខាង​មុខ​ផ្ទះ​កើតហេតុ មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​បាត់​ជនសង្ស័យ​ម្នាក់ ឃើញ​តែ​ជនសង្ស័យ​ម្នាក់​ទៀត​ឈរ​នៅ​រាង​ឆ្ងាយ​ពី​ផ្ទះ​កើតហេតុ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្បែរ​នោះ​សង្ស័យ លុះដល់​ពេល​មាន​គេ​ទៅ​អើត​មើល​ផ្ទះ​នោះ ស្រាប់តែ​បាត់​សោ​ដែល​ចាក់​ពី​ក្រៅ និង​ឮ​សំលេង​រើ​កកាយ ទើប​ដឹង​ថា​មាន​ចោរ​ចូល​លួច​ទ្រព្យ​សម្បត្តិ​ពិតមែន ។ ភ្លាម​ៗ​នោះ​ក៏​ទូរស័ព្ទ​ទៅ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ចោម​ចៅ​ឲ្យ​ជួយ​អន្តរាគមន៍ ។

ប្រភព​ដដែល​បន្ត​ថា ពេល​សមត្ថកិច្ច​មក​ដល់​បាន​ទាក់ទង​ទៅ​ម្ចាស់ផ្ទះ​កើតហេតុ​ដែល​ជា​ផ្ទះ​មាន​លក់​សាំង​ដប និង​ជួល​ជុល​នាឡិកា លុះដល់​ពេល​ម្ចាស់​មក​ដល់​បាន​ព្រម​ឲ្យ​សមត្ថកិច្ច​ជួយ​គាស់​ផ្ទះ ដើម្បី​ចាប់​ជនសង្ស័យ តែ​ខណៈ​ដែល​សមត្ថកិច្ច​កំពុង​គាស់ ស្រាប់តែ​ជនសង្ស័យ​បាន​ដុត​ដប​សាំង​គប់​មក​លើ​សមត្ថកិច្ច​បណ្តាល​ឲ្យ​រលាក​រោល​សមត្ថកិច្ច​ប៉ុស្តិ៍​ចោម​ចៅ​ម្នាក់​ឈ្មោះ កេ​ត យ៉ា​វ៉ា​ន់ និង​កម្លាំង​ប្រជា​ការពារ​ម្នាក់​ឈ្មោះ អៅ សំ​អឿ​ន ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។

ក្រោយមក​កម្លាំង​សមត្ថកិច្ច​ចាប់​បាន​ជនសង្ស័យ​នាំ​ចេញ​មក​ក្រៅ ព្រមទាំង​ការពារ​មិន​ឲ្យ​ប្រជាពលរដ្ឋ​កាត់ទោស​ដោយ​ហិង្សា តែ​ទោះជា​យ៉ាងណា​ប្រជា​ពលរ​ដ្ធ​ជា​ច្រើន​រយ​នាក់​បាន​សម្រុកចូល​វាយ​ជនសង្ស័យ​បាន​ម្នាក់​មួយ​ដៃ​មួយ​ជើង​រហូត​សន្លប់ តែ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ចូល​ក្នុង​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១​ទាន់​ពេល កុំ​អី​មិនដឹង​តុលាការ​ប្រជាពលរដ្ឋ​កាត់ទោស​ដល់​ស្លាប់​ជាក់​ជា​មិន​ខាន​ឡើយ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​តាម​រថយន្ត​សង្គ្រោះ​៧១១​មក​អធិការ​រ​ដ្ឋា​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​និ​តិ​វិធី​ច្បាប់ ៕