អង្គការ​សុខភាព​ពិភពលោក​បដិសេធ​សំណើ​ផ្អាក​កីឡា​អូ​ឡាំ​ពិ​ក Rio 2016

កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បដិសេធ​លើ​សំណើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ទីតាំង ឬ​ពន្យារពេល​ប្រារព្ធ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស Zika កាន់តែ​ខ្លាំង​ឡើង​ៗ​ក្នុង​ប្រទេសដែល​ជា​ម្ចាស់ផ្ទះ​នេះ ។

ឆ្លើយ​តប​នឹង​សំណើ​របស់​អ្នក​វិទ្យាសាស្ត្រ​ជាង​១០០​នាក់ ដែល​បាន​និយាយ​ថា ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​២០១៦​នេះ គឺ​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ទេ ដោយសារ​តែ​បញ្ហា​វីរុស​Zika ដោយ​ភ្នាក់ងារ​សុខភាព​អង្គការសហប្រជាជាតិ លើក​ឡើង​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​Rio ២០១៦ គឺ​នៅ​តែ​អាច​ប្រារព្ធ​តាម​ពេល​កំណត់​បាន​ដដែល គ្មាន​បញ្ហា​ចោទ​នោះ​ទេ។

អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែង​ថា​៖«​យោង​តាម​ការ​វាយតម្លៃ​បច្ចុប្បន្ន​នៃ​វីរុស Zika​កំពុង​តែ​រាតត្បាត​ប្រមាណ​៦០​ប្រទេស​លើ​សាកលលោក រួម​ទាំង​៣៩​ប្រទេស​ក្នុង​ទ្វីប​អាមេរិក » ។ WHO បាន​សង្កត់ធ្ងន់​ថា មិន​មាន​បញ្ហា​អ្វី​ចោទ​ធំដុំ​សម្រាប់​ការ​ពន្យារពេល ឬ​រំសាយ​ចោលការ​ប្រកួត​នេះ​ទេ ។

សូម​រំលឹក​ថា ក្នុង​លិខិត​សាធារណៈ​មួយ​ដែល​បាន​បង្ហោះ​តាម​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ដោយ​លើក​ឡើង​ថា មាន​បណ្តា​អ្នកជំនាញ​សុខភាព​សាធារណៈ​ជាង​១៥០​នាក់​និយាយ​អំពី​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ Zika នេះ​មាន​អត្រា​ខ្ពស់​បំផុត​អំឡុង​ពេល​ប្រារព្ធ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​នេះ ។

គេ​សង្កេត​ឃើញ​មាន​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក Margaret Chan ដោយ​បាន​និយាយ​ថា ការ​ប្រារព្ធ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល ខាង​មុខ​នេះ គួរតែ​ផ្លាស់​ប្តូរ​ទីតាំង ឬ​ត្រូវ​ពន្យារពេល ។

ទោះបីជា​យ៉ា​ណា អង្គការ​សុខភាព​ពិភពលោក បាន​បដិសេធ​សំណើ​នេះ​ដោយ​លើក​ឡើង​ថា ប្រេ​ស៊ី​ល​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​៦០​ដែល​វីរុស Zika កំពុង​តែ​រាតត្បាត តែ​ភ្ញៀវ​ទេសចរ​នៅ​តែ​ធ្វើ​ដំណើរ​ជុំវិញ​ទឹកដី​ប្រទេស​ទាំងនេះ​ដដែល ក្រោម​ហេតុផល​ខុស​ៗ​គ្នា ។ WHO និយាយ​ថា​៖ «​វិធីសាស្ត្រ​ប្រសើរ​បំផុត​ក្នុង​ការ​កាត់​បន្ថយ​ជំងឺ​នេះ​គឺ​ត្រូវ​អនុវត្ត​តាម​សារាចរ​ណែនាំ​របស់​ភ្នាក់ងារ​សុខភាព​សាធារណៈ​»​។

អង្គការ​សុខភាព​ពិភពលោក​បាន​ណែនាំ​ចំពោះ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ មិន​គួរ​ធ្វើ​ដំណើរ​ទៅ​តំបន់​ដែល​វីរុស Zika កំពុង​តែ​រីក​រាលដាល​នោះ​ទេ រួម​ទាំង​ទីក្រុង Rio ផង​ដែរ និង​ចំពោះ​សាធារណជន​ទូទៅ​គួរតែ​ការពារ​កុំឱ្យ​មូស​ខាំ ៕