លោក ទ្រី ភាព​ ចុះកិច្ចព្រមព្រៀងសាង​សង់​​​កំពង់ផែ​ជាមួយ​ក្រុមហ៊ុន​ហុងកុង

លោក ទ្រី ភាព ឈ្មួញឈើដ៏ធំបានចុះហត្ថលេខាលើគម្រោងសាងសង់កំពង់ផែសមុទ្រក្នុងទឹកប្រាក់៣០០លានដុល្លារជាមួយក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Hutchison Port Holdings កាលពីថ្ងៃច័ន្ទ នេះបើយោងតាមលោក កែន សត្ថា អភិបាលខេត្តកែបដែលបានចូលរួមនៅក្នុងពិធីចុះហត្ថលេខានេះ។ គម្រោងនេះនឹងជាគម្រោងសាងសង់កំពង់ផែសមុទ្រដំបូងសម្រាប់លោក ទ្រី ភាព ដែលក្រុមហ៊ុន ទ្រី ភាពគ្រុបរបស់លោកគ្រប់គ្រងការវិនិយោគរួមគ្នាជាច្រើននៅទូទាំងប្រទេសក្នុងនោះរួមទាំងផែស្ងួតចំនួន២កន្លែង ដែលអង្គការសិទ្ធិមនុស្សចោទប្រកាន់លោកថា បានប្រើប្រាស់វាដើម្បីលាងឈើកាប់ខុសច្បាប់ដែលមានតម្លៃរាប់លានដុល្លារ ហើយនាំចេញទៅប្រទេសវៀតណាម និងចិន។ លោក ទ្រី ភាព ដែលជាទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធការអះអាងនេះ។ លោក កែន សត្ថា បានលើកឡើងកាលពីម្សិលមិញថា “ក្រុមហ៊ុនទាំងពីរនេះបានធ្វើពិធីចុះហត្ថលេខានៅក្នុងខេត្តកែប ប៉ុន្តែ កំពង់ផែអន្តរជាតិនេះនឹងត្រូវសាងសង់នៅក្នុងខេត្តកំពត។ លោក ទ្រី ភាព បានមានប្រសាសន៍អំឡុងពិធីនេះថា កំពង់ផែនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការបម្រើឲ្យវិស័យដឹកជញ្ជូនតាមសមុទ្រ ហើយថា កំពង់ផែនេះក៏ នឹងត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនប្រេងផងដែរ”។ លោកបានបន្ថែមថា លោក ទ្រី ភាព បានមានប្រសាសន៍ថា ដៃគូពាណិជ្ជកម្មទាំងពីរ នឹងវិនិយោគទឹកប្រាក់រួមគ្នាចំនួន៣០០លានដុល្លារនៅក្នុងគម្រោងនេះ ហើយថា នឹងមានការចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗដោយសង្ឃឹមថា នឹងបញ្ចប់នៅក្នុងឆ្នាំ២០១៩។ ទាំងលោក ខូយ ឃុនហួរ អភិបាលខេត្តកំពត និងតំណាងរបស់លោក ទ្រី ភាព សុទ្ធតែមិនអាចទាក់ទងបានទេ កាលពីម្សិលមិញ ។ ក្រុមហ៊ុន Hutchison Port Holdings   បានបដិសេធមិនពិភាក្សាអំពីគម្រោងនេះឡើយ។ ក្រុមហ៊ុននេះបានលើកឡើងក្នុងអីុម៉េលមួយថា “យើងមិនធ្វើអត្ថាធិប្បាយលើគម្រោងអភិវឌ្ឍន៍កំពង់ផែនាពេលអនាគតរបស់យើងទេ”។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុងនេះបានចាត់ទុកខ្លួនឯងថា ជាវិនិយោគិន អ្នកអភិវឌ្ឍន៍ និងជាក្រុមហ៊ុននាំមុខគេលើពិភពលោកដោយមានការវិនិយោគលើកំពង់ផែចំនួន៤៨កន្លែងនៅក្នុងប្រទេសចំនួន២៥ទូទាំងពិភពលោក។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មដែលគ្រប់គ្រង និងតាមដានពាណិជ្ចកម្មបរទេសនៅកម្ពុជាបានលើកឡើងថា លោកស្រីមិនបានដឹងអំពីគម្រោងនេះឡើយ។ វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា លោកក៏មិនដឹងអំពីគម្រោងនេះដែរ ហើយថា ក្រសួងរបស់លោកមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃច័ន្ទឡើយ។ លោកបានមានប្រសាសន៍ថា “រាល់ក្រុមហ៊ុនទាំងអស់តម្រូវឲ្យចុះបញ្ជីជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ប្រសិនបើចង់សាងសង់កំពង់ផែ ប៉ុន្តែក្រុមហ៊ុន ទ្រី ភាព មិនបានមកចុះបញ្ជីទេ”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Zsombor […]

The post លោក ទ្រី ភាព​ ចុះកិច្ចព្រមព្រៀងសាង​សង់​​​កំពង់ផែ​ជាមួយ​ក្រុមហ៊ុន​ហុងកុង appeared first on The Cambodia Daily.