បទល្មើស​គ្រឿងញៀន​ក្នុងស្រុក​កៀនស្វាយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​អសន្តិសុខ​សង្គម​

​អភិបាលស្រុក​គៀនស្វាយ និង​លោក ប៉ា សំអិត អធិការនគរបាល​ស្រុក​កៀនស្វាយ ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា​មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ ហេតុនេះហើយ​ទើប​បទល្មើស​ផ្សេងៗ ជាពិសេស​បទល្មើស​ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​រាលដាល​យ៉ាង​ពេញបន្ទុក​។ ជាក់ស្ដែង​កាលពី​រសៀល​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៦ មានការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​១​ករណី​នៅ​ភូមិ​កណ្ដាល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ហើយ​សមត្ថកិច្ច​រឹបអូស​វត្ថុតាង​ជាច្រើន​ផងដែរ​។

តាម​ព័ត៌មាន​ពី​មន្ត្រី​សមត្ថកិច្ច​នៅ​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹងថា ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ភូមិ​កណ្ដាល ស្រុក​បន្ទាយដែក មានការ​រឹបអូស​ម៉ូតូ​៣​គ្រឿង ម៉ាក​ណៃ​ហ​ត​១​គ្រឿង សេ​១២៥​ចំនួន​២​គ្រឿង ថ្នាំញៀន​៨៩​កញ្ចប់​តូច ទូរស័ព្ទ​ជើង​៣​គ្រឿង ដាវ​សាំ​មូ​រ៉ៃ​៤​ដើម និង​សម្ភារៈ​សម្រាប់​ជក់​គ្រឿងញៀន​ជាច្រើន​ទៀត​។ ប៉ុន្តែ​នៅក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​មិនអាច​ឃាត់ខ្លួន​ជនល្មើស​បានទេ ដោយសារ​ជនសង្ស័យ​បានដឹង​ពី​សកម្មភាព​របស់​សម​ត្ថ​កិច្ច ហើយ​នាំគ្នា​រត់គេចខ្លួន​អស់​។ ជនសង្ស័យ​ដែល​រត់គេចខ្លួន​នោះ​ត្រូវបាន​គេ​ដឹងថា​មាន​គ្នា​៥​នាក់ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ រង់ចាំ​មើល​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ក្នុងការ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ទាំងនោះ​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កណ្ដាល ឃុំ​បន្ទាយដែក បាន​ឲ្យ​ដឹងថា បទល្មើស​ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​ពួកគាត់​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​កន្លងមក​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ពុំមាន​ប្រសិទ្ធភាព​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល និង​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល ចាត់វិធានការ​ពង្រឹង​សន្តិសុខ​សង្គម​ក្នុងស្រុក​កៀនស្វាយ ជាបន្ទាន់​ព្រោះ​បច្ចុប្បន្ន​បទល្មើស​គ្រឿងញៀន និង​ល្បែងស៊ីសង​កើតឡើង​ស្ទើរ​គ្រប់​ឃុំ ហើយ​អភិបាលស្រុក​និង​អធិការនគរបាល​ស្រុក​កៀនស្វាយ មិនអាច​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។ មិនតែប៉ុណ្ណោះ​បទល្មើស​គ្រឿងញៀន​កំពុង​បំផ្លាញ​សន្តិសុខ​សង្គម​យ៉ាង​គួរ​ឲ្យ​ភ័យខ្លាច ព្រោះ​យុវវ័យ​ជាច្រើន​អ្នក​កំពុង​រងគ្រោះ​ដោយសារ​ការប្រើប្រាស់​គ្រឿងញៀន​៕

1-7 4-4 3-5 9 8