ឈ្មោះ ហេង ឡា​លីន បើក​ល្បែងស៊ីសង​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ តាម​អំពើ​ចិត្ត​ដោយមាន​លោក​អធិការ​ជា​បង្អែក​

ល្បែងស៊ីសង​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​នគរបាល មិន​ចាត់វិធានការ​លុបបំបាត់​ឡើយ ហើយ​បណ្ដោយ​ឲ្យ​រាលដាល​កាន់តែខ្លាំង​ឡើងៗ​។ ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​បង្ហើប​ឲ្យ​ដឹងថា អ្នកបើក​ល្បែងស៊ីសង​ក្នុង​ទឹកដី​ខណ្ឌ​ប្ញ​ស្សី​កែវ មានឈ្មោះ ហេង ឡា​លីន ដែល​ត្រូវជា​ប្អូនធម៌​របស់លោក ទៀង ចាន់​សា អធិការនគរបាល​ខ​ណ្ឌ​ប្ញ​ស្សី​កែវ តែម្តង​។ ហេតុនេះហើយ​ទើប​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ មិន​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដូចជា កន្ទុយលេខ ភ្នាល់​បាល់ទាត់ និង​បញ្ជល់មាន់​ជាដើម​។

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ​មាន​លោក​អធិការនគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ជា​ខ្នងបង្អែក​បែបនេះហើយ​ទើប​ឈ្មោះ ហេង ឡា​លីន ហ៊ាន​បើក​លេង​ល្បែងស៊ីសង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​ក្នុង​មួយថ្ងៃៗ​មេ​ល្បែង​រូបនេះ​អាច​ប្រមូលបាន​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ រឿងអាស្រូវ​លោក​អធិការ​ខណ្ឌ​ប្ញ​ស្សី​កែវ ជាប់​ពាក់ព័ន្ធ​នឹង​មេ​ល្បែងស៊ីសង​បានកើត​ឡើង​នៅពេល​មានការ​ឃាត់ខ្លួន​មេ​ល្បែងស៊ីសង​ឈ្មោះ ហេង ឡា​លីន និង​បងប្អូន បន្ទាប់ពី​មាន​ករណី​ប្រើ​អំពើហិង្សា​ទៅលើ​មន្ត្រី​យោធា​ម្នាក់​ឲ្យ​សន្លប់​ស្ដូកស្ដឹង​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។ ប្រភព​បានបញ្ជាក់​ទៀតថា​អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ​ថ្មី ដែល​ទើប​ចូលកាន់​តំណែង មិនសូវ​ដឹង​រឿង​ល្បែងស៊ីសង​រាលដាល​ក្នុង​ទឹកដី​ខណ្ឌ​ប្ញ​ស្សី​កែវ ព្រោះ​មន្ត្រី​ថ្នាក់ក្រោម​លាក់បាំង​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​មិន​គិតពី​ផលប៉ះពាល់​សន្តិសុខ​សង្គម​។

ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​ឲ្យ​ដឹងថា ដោយសារ​មាន​អធិការនគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ជា​ខ្នងបង្អែក​ទើប​ឈ្មោះ ហេង ឡា​លីន ហ៊ាន​បើក​ទីតាំង​កត់​កន្ទុយលេខ​ជាច្រើន​កន្លែង ហើយ​មាន​កន្លែង​ភ្នាល់​បាល់ទាត់​និង​សង្វៀន​បញ្ជល់មាន់​ទៀតផង​។ បញ្ហា​នេះ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ល្បែងស៊ីសង​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ រាលដាល​កាន់តែខ្លាំង​ឡើងៗ ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ឃុបឃិត​គ្នា​លាក់បាំង​យ៉ាង​ស្ងាត់ស្ងៀម​ទៅវិញ​។ មន្ត្រី​សាលាខណ្ឌ​ប្ញ​ស្សី​កែវ មួយចំនួន​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មេ​ល្បែងស៊ីសង​ឈ្មោះ ហេង ឡា​លីន ជិះ​រថយន្ត​ឡិច​ស៊ី​ស​៥៧០ ពណ៌​ស ហើយ​មាន​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​មូលដ្ឋាន​យ៉ាង​ជិតស្និទ្ធ​ដើម្បី​ការពារ​មុខរបរ​ខុសច្បាប់​របស់ខ្លួន​។ ហេតុនេះហើយ​ទើប​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ មាន​បទល្មើស​កើតឡើង​យ៉ាង​ពេញបន្ទុក​ទាំង​ល្បែងស៊ីសង អំពើចោរកម្ម​លួច​ឆក់​ប្លន់ និង​គ្រឿងញៀន​ជាដើម ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​៕

imageលោក ទៀង ចាន់សា អធិការនគរបាលខណ្ឌប្ញស្សីកែវ