រឿងអាស្រូវ​ពុករលួយ​តាម​ពន្ធនាគារ​នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ​

​តាំងពី​ជំនាន់​លោក គុយ ប៊ុនសន ធ្វើជា​អគ្គនាយក​នៃ​អគ្គនាយក​ពន្ធនាគារ​រ​ហូត​ដល់ពេល​លោក គុយ ប៊ុនសន ត្រូវ​ដកហូត​ចេញពី​តំណែង គឺ​អំពើពុករលួយ​តាម​ពន្ធនាគារ​នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល នេះ​មិនទាន់​គិតដល់​បទល្មើស​ចែកចាយ​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ពន្ធនាគារ​នោះទេ​។ ប្រការ​នេះហើយ​ទើប​អតីត​អ្នកទោស​ដែល​ជាប់ពន្ធនាគារ​ព្រៃ​ស បានស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ និង​រដ្ឋាភិបាល​លោក ហ៊ុន សែន លុបបំបាត់​អំពើពុករលួយ​តាម​ពន្ធនាគារ​ជាបន្ទាន់​។ អំពើពុករលួយ​ដែល​កើតឡើង​នោះ​មានដូចជា ការទារលុយ​ពី​អ្នកទោស​ដើម្បី​ទៅយក​សាលក្រម​ឬ​សាលដីកា​ពី​តុលាការ ឬ​ធ្វើ​ពាក្យបណ្ដឹង​ឧទ្ធរណ៍​ជាដើម​។

អតីត​អ្នកទោស​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស បាន​បញ្ជាក់ថា មន្ត្រី​ពន្ធនាគារ​តែង​ទារលុយ​ចំនួន​៥០​ដុល្លារ​អាមេរិក​ពី​អ្នកទោស​នៅពេលដែល​ទៅយក​សាលក្រម​ឬ​សាលដីកា​ពី​តុលាការ និង​ទារលុយ​២០​ដុល្លារ​ពេល​អ្នកទោស​ធ្វើ​ពាក្យ​បណ្ដឹងឧទ្ធរណ៍​ទៅកាន់​តុលាការ​កំពូល​។ ជាងនេះទៅទៀត​មន្ត្រី​ពន្ធនាគារ​ក៏បាន​ជំរិត​យកលុយ​ពី​អ្នកទោស​ចន្លោះ​ពី​៣៥០​ដល់​៤០០​ដុល្លារ នៅពេល​ធ្វើលិខិត​សម្រាល​ឬ​បន្ធូរ​បន្ថយទោស សូម្បីតែ​នៅពេល​សាច់ញាតិ​ទៅសួរសុខទុក្ខ​អ្នកទោស​ក្នុង​ពន្ធនាគារ​ក៏ត្រូវ​បង់លុយ​អស់យ៉ាង​ច្រើន​ដែរ​។ ចំណុច​នេះ​ជា​រឿង​ដែល​ក្រសួងមហាផ្ទៃ និង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ មិនត្រូវ​មើលរំលង​តទៅទៀត​នោះទេ ព្រោះ​អំពើពុករលួយ​ក្នុង​ពន្ធនាគារ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​អ្នកទោស និង​សាច់ញាតិ​របស់​អ្នកទោស​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​យ៉ាងខ្លាំង​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​តាមដាន​ស្ថានភាព​ក្នុង​ពន្ធនាគារ​បាន​ឲ្យ​ដឹងថា រឿងរ៉ាវ​ពុករលួយ​ក្នុង​ពន្ធនាគារ​កន្លងមក គឺ​ខាង​សង្គម​ស៊ីវិល​តែងតែ​ទទួលរង​នូវ​ការរិះគន់​ពី​សំណាក់​សាច់ញាតិ​អ្នកទោស​និង​អ្នកទោស​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ផងដែរ​។ ដូច្នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន គួរ​ស្រាវជ្រាវ​ទៅលើ​អំពើពុករលួយ​ក្នុង​ពន្ធនាគារ ហើយ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​កុំ​ឲ្យ​រាលដាល​កាន់តែខ្លាំង​ឡើង​ថែមទៀត​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា បើ​អំពើពុករលួយ​តាម​ពន្ធនាគារ​មិន​ត្រូវបាន​ដោះស្រាយ​ទេនោះ វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា និង​ប៉ះពាល់​សិទ្ធិ​អ្នកទោស ក៏ដូចជា​ធ្វើ​ឲ្យ​សាច់ញាតិ​អ្នកទោស​ដែល​កំពុង​ជាប់ឃុំ ត្រូវ​ប្រឈម​នឹង​ទុក្ខវេទនា​គ្មាន​ទីបញ្ចប់​៕

27047393-c3a4-44a0-8cfb-62064613badcលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ 80f7addc-e65f-4a80-8bcd-23939f97c5ba