ការ​លើក​ទឹកចិត្ត​ សំខាន់​បំផុត​សម្រាប់​នារី ចាប់​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ

ស្រប​ពេល​វិស័យ​បច្ចេកវិទ្យា​ក្នុង​ស្រុក​និង​ទូទាំង​ពិភពលោក​ចេះ​តែ​ដើរ​ទៅ​មុខ​ឥត​ឈប់ វត្តមាន​ស្ត្រី​ក្នុង​វិស័យ​នេះ​ក៏​ពុំ​ទាន់​ផុលផុស​ខ្លាំង​នៅ​ឡើយ។ នេះ​ដោយ​សារ​ការ​ខ្វះ​ការ​លើក​ទឹកចិត្ត​និង​យល់​ដឹង​ស៊ី​ជម្រៅ​ពី​សារប្រយោជន៍​នៃ​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ។

 

ការ​លើក​ទឹកចិត្ត​ សំខាន់​បំផុត​សម្រាប់​នារី ចាប់​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ

រូប​តំណាង 

 

ស្ត្រី​បច្ចុប្បន្ន​មិន​គួរ​ដើរ​តាម​គន្លង​ដែល​គេ​តែង​និយាយ​ថា “​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ លំបាក​សម្រាប់​ស្ត្រី” នោះ​ទេ។ នេះ​បើ​តាម​កញ្ញា ​សៀង លីដែត ដែល​ជា​និស្សិត​អាហារូបករណ៍​ថ្នាក់​បណ្ឌិត​ផ្នែក វិទ្យាសាស្ត្រ​កុំព្យូទ័រ នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang (NTU) ប្រទេស​សិង្ហបុរី។

 

លី ដែត បន្ថែម​ថា វិទ្យាសាស្ត្រ​កុំព្យូទ័រ អាច​ថា​លំបាក តែ​មិន​មែន​សម្រាប់​តែ​នារី​នោះ​ទេ បុរស​ក៏​ដូចគ្នា។ អ្វី​ដែល​សំខាន់​ស្រ្តី ត្រូវ​ផ្ដោត​ទៅ​លើ​ការ​ចូលចិត្ត និង​លទ្ធភាព​ជា​ចម្បង ដើម្បី​រុញ​ច្រាន​ខ្លួន​ឯង​ឲ្យ​ដើរ​ទៅ​រក​ពិភព​មួយ​យ៉ាង​ទូលំទូលាយ។ ម្យ៉ាង​វត្តមាន​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា កាន់​តែ​ធ្វើ​ឲ្យ​ស្រុកទេស​រីក​ចម្រើន​ និង​អាច​ឈាន​ទៅ​ប្រជែង​ប្រទេស​ជិត​ខាង​ថែម​ទៀត​ផង។

 

បើ​តាម​បទ​ពិសោធ​ផ្ទាល់​មុន​ពេល​បាន​ជាប់​អាហារូបករណ៍​ទៅ​រៀន​នៅ​សិង្ហបុរី លីដែត​គិត​ថា ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ គួរ​ឲ្យ​ធុញ តែ​ពេល​រៀន​វា​ការ​តែ​ស៊ី​ជម្រៅ ទើប​ដឹង​ថា​វា​សំខាន់​ការ​អភិវឌ្ឍ និង​មាន​រឿង​ជា​ច្រើន​រាប់​មិន​អស់​នឹក​ស្មាន​មិន​ដល់ ដែល​អាច​ធ្វើ​បាន។

 

“នៅ​ពេល​យើង​បាន​បង្កើត​អ្វី​មួយ​ថ្មី នោះ​គ្រប់គ្នា​នឹង​ហៅ​វា​ថា ជា​គំនិត​បង្កើត​ថ្មី។ នោះ​ហើយ​ជា​កម្លាំង​ចិត្ត​ជំរុញ​ឲ្យ​ការ​សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កាន់​តែ​ពុះកញ្ជ្រោល”៕

 

អត្ថបទ៖ ប៉ែត ផាន់និត