ចំហាយ​រដូវ​ប្រាំង​ ផ្លែ​ដូង​នៅតែ​​ថ្លៃ​កប់

ចំហាយ​រដូវ​ប្រាំង​ ផ្លែ​ដូង​នៅតែ​​ថ្លៃ​កប់

 

 

ដ្បិតតែ​ភ្លៀង​បាន​ចាប់​ផ្ដើម​បង្អុរ​ខ្លះ​ៗ​ហើយ​ក្ដី ប៉ុន្ដែ ចំហាយ​រដូវ​ក្ដៅ​នៅ​មិនទាន់​អស់​នៅ​ឡើយ ហើយ​ផ្លែ​ដូង​នៅតែ​មាន​តម្លៃ​ថ្លៃ​គុណ​ជា​ពីរ​នៅ​ឆ្នាំ​នេះ បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

 
ចំហាយ​រដូវ​ប្រាំង​ ផ្លែ​ដូង​នៅតែ​​ថ្លៃ​កប់

 

កាលពី​រដូវប្រាំង​ ដែល​ទើបតែ​កន្លងទៅ​ថ្មីៗ​នេះ តម្លៃ​ដូង​បាន​ហក់​ឡើងថ្លៃ​រហូតដល់ ​១៥.០០០៛ ក្នុង១ឡូ ខណៈ​ឆ្នាំ​មុនៗ​វា​ថ្លៃ​ត្រឹមតែ ៦.០០០៛ ទៅ ១២.០០០៛ ប៉ុណ្ណោះ។ វា​ជា​តម្លៃ​ដ៏​ខ្ពស់​មួយ​មិន​ធ្លាប់​មាន (ដូង​ផ្លែ​ធំ មិន​រាប់បញ្ចូល​ដូង​ផ្លែ​តូច​ដូចជា​ដូង​កុលកែ និង​ដូង​ក្រអូប) ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ បើ​តាម​ឈ្មួញ​ដូង​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​មក​បាន​លើ​ហេតុផល​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ដូង​ផ្លែធំៗ​មាន​តម្លៃ​ខ្ពស់​នា​រដូវប្រាំង​ឆ្នាំនេះ​យ៉ាង​ដូច្នេះ​ថា៖
 

ទី​មួយ៖ ខែប្រាំង​ឆ្នាំនេះ​មាន​អាកាសធាតុ​ក្ដៅ​ខ្លាំង ខ្សត់​ទឹក ធ្វើ​ឲ្យ​ដូង​មិនសូវ​មាន​ផ្លែ និង​មាន​ផ្លែតូចៗ​ជាង​រដូវវស្សា។ ដើម្បី​ទិញ​បាន​ដូង​ច្រើន ចង់​មិន​ចង់​គឺ​ត្រូវ​តម្លើង​ថ្លៃ។

 

ទី​ពីរ៖ ការ​រកស៊ី​កាច់​កុង​គ្នា​ក៏​ជា​មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​តម្លៃ​ដូង​ឡើង​ខ្ពស់​ដែរ។ មាន​អ្នកខ្លះ​ទើប​រកស៊ី​ថ្មីៗ មិនសូវ​ស្គាល់​គេ ចេះតែ​ដើរ​ទិញ​ឲ្យ​តម្លៃ​ខ្ពស់ ដើម្បី​បាន​ដូង។ បុរស​មកពី​ខេត្ត​តាកែវ​រូបនេះ​បញ្ជាក់​ថា “ម្ចាស់​ដូង​គេ​ទុក​ដូង​ឲ្យ​យើង បើ​តម្លៃ​ដូង​លក់​ដូចគ្នា ព្រោះ​យើង​ធ្លាប់​ទិញ​ពី​គាត់។ តែបើ​ហ៊ាន​ឲ្យ​ថ្លៃ​គាត់​ខ្ពស់ជាង គាត់​នឹង​លក់​ឲ្យ​គេ​ផ្សេង។

 

ទី​បី៖ កាលពី​បួន​ប្រាំ​ឆ្នាំមុន គេ​មិនសូវ​ហូប​ទឹកដូង​ទេ តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​មនុស្ស​ជាច្រើន​គិតពី​បញ្ហា​សុខភាព ទើប​គេ​ងាក​មក​ពិសា​ទឹកដូង​ច្រើន​ជាង​​មុន ព្រោះ​ដូង​គ្មាន​ជាតិគីមី​ ដែល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើ​ដូច​ភេសជ្ជៈ​ប៉ូវ​កម្លាំង ។

 
ចំហាយ​រដូវ​ប្រាំង​ ផ្លែ​ដូង​នៅតែ​​ថ្លៃ​កប់

 

“ខែប្រាំង​ឆ្នាំនេះ​ពិបាក​ជាង​រាល់ដង គឺ​ដូង​មិនសូវ​សម្បូរ ថ្លៃ​ហើយ នៅ​ដើរ​ទិញ​មិនបាន​ទៀត។ ថៅកែ​ដូង​បាន​ប្រាប់។ ដើម្បី​បាន​ដូង​ពេញ​ឡាន​ចំណុះ ១.២៥ តោន គាត់​ត្រូវ​ដើរ​ទិញ​ពី ២ ទៅ៣ ថ្ងៃ​ទើប​ពេញ​ឡាន បាន​ឡើង​ទៅ​ភ្នំពេញ​ម្ដង ដោយ​ក្នុង១ឡាន​របស់​គាត់​អាច​ដាក់​បាន​ដូង​ពី ១១០ឡូ​ទៅ១៣០ឡូ។ បើ​រដូវវស្សា គាត់​ទិញ​តែ​មួយ​ព្រឹក​ គឺ​ពេញ​ឡាន​បាត់​ទៅហើយ។ បើទោះជា​យ៉ាង​នេះ​ក្ដី ឈ្មួញ​ដែល​មាន​បទពិសោធន៍​ដើរ​ទិញ​ដូង​ជាង ១០ឆ្នាំនេះ​បាន​ប្រាប់​ថា គាត់​នៅតែ​អាច​រក​ប្រាក់​ចំណេញ​បាន​ប្រហែល​ជាជាង ២០ម៉ឺន​រៀល​ក្នុង​ការ​យក​ដូង​ទៅ​បោះ​នៅ​ភ្នំពេញ​មួយដង៕

 
ចំហាយ​រដូវ​ប្រាំង​ ផ្លែ​ដូង​នៅតែ​​ថ្លៃ​កប់

 

 

អត្ថបទ៖ គីម សាយ