សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំង៥ នៅ​កម្ពុជា

ជា​ស្នាដៃ​ឯក​តែ​មួយ​គត់​គ្មាន​ពីរ ឬ​វិសេស​វិសាល​ចំពោះ​ប្រពៃណី​វប្បធម៌ ​អរិយធម៌ និង​បំពេញ​គ្រប់​លក្ខខណ្ឌ​ជា​ច្រើន​ទៀត ទើប​អាច​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESC។ ចំពោះ​កម្ពុជា សរុប​មក​ទល់​បច្ចុប្បន្ន​មាន​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំង​អស់៥ ដែល​ក្នុង​នោះ​ចែក​ជា​សម្បត្តិ​វប្បធម៌​រូបី២ និង​សម្បត្តិ​វប្បធម៌​​​អរូបី៣។

 

១. តំបន់​អង្គរវត្ត (សម្បត្តិ​វប្បធម៌​រូបី)

 

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំង៥ នៅ​កម្ពុជា រូបភាព UNESCO

 

តំបន់​អង្គរ​លាត​សន្ធឹង​លើ​ផ្ទៃដី​ប្រមាណ ៤០០​គីឡូម៉ែត្រ​ក្រឡា ដែល​មាន​ប្រាសាទ​បុរាណ​ជា​ច្រើន រាប់​បញ្ចូល​ទាំង​ព្រៃ​ឈើ​ចម្រុះ​នៅ​ជុំវិញ។ តំបន់​ប្រវត្តិសាស្ត្រ​នេះ​ជា​ទីតាំង​នៃ​ប្រាសាទ​អង្គរវត្ត ប្រាសាទ​អង្គរ​ធំ និង​ប្រាសាទ​បាយ័ន​ដ៏​ល្បី​ល្បាញ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ត្រូវ​អង្គការ UNESCO ប្រកាស​ដាក់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​ឆ្នាំ១៩៩២។

 

២. របាំ​ព្រះ​រាជទ្រព្យ​ (សម្បត្តិ​វប្បធម៌​អ​រូបី)

 

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំង៥ នៅ​កម្ពុជារូបភាព FT

 

របាំ​ព្រះ​រាជទ្រព្យ​មាន​ប្រវត្តិ​​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​រាប់​ពាន់​ឆ្នាំ​មក​ហើយ និង​បន្ត​វត្តមាន​រហូត​មក​ដល់​សព្វ​ថ្ងៃ។ របាំ​ដែល​មាន​កាយវិការ​ទន់​ភ្លន់​បង្ហាញ​ពី​លក្ខណៈ​ខ្មែរ​នេះ ត្រូវ​អង្គការ UNESCO ប្រកាស​ដាក់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​ឆ្នាំ២០០៣។

 

៣. ល្ខោន​ស្បែក​ធំ (សម្បត្តិ​វប្បធម៌​អ​រូបី)

 

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំង៥ នៅ​កម្ពុជារូប​ភាព​ក្រសួង​ទេសចរណ៍

 

ស្បែក​ធំ ឬ​ល្ខោន​ស្រមោល​ស្បែក គឺ​ជា​សិល្បៈ​វប្បធម៌​ខ្មែរ ដែល​បង្ហាញ​វត្តមាន​តាំង​ពី​បុរាណ​កាល​មក។ សម្បត្តិ​វប្បធម៌​អរូបី​នេះ ត្រូវ​អង្គការ UNESCO ប្រកាស​ដាក់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​ឆ្នាំ២០០៥។

 

៤. ប្រាសាទ​ព្រះវិហារ (សម្បត្តិ​វប្បធម៌​រូបី)

 

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំង៥ នៅ​កម្ពុជារូបភាព UNESCO

 

ប្រាសាទ​ព្រះ​វិហារ លាត​​សន្ធឹង​លើ​ខ្នង​ភ្នំ​ដងរែក​​ក្នុង​រយៈ​បណ្ដោយ​ប្រមាណ ៨០០​ម៉ែត្រ ទទឹង ៤០០​ម៉ែត្រ។ ប្រាសាទ​នេះ​ត្រូវ​សាងសង់​ឡើង​ដោយ​ព្រះ​មហាក្សត្រ​ច្រើន​អង្គ អំឡុង​ពី​សតវត្ស​ទី០៩ ដល់​១២ នៃ​គ្រិស្តសករាជ។ អង្គការ UNESCO បាន​ប្រកាស​ដាក់​ប្រាសាទ​ចំណាស់​នេះ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃ​ទី០៧ ខែ​កក្កដា ឆ្នាំ​២០០៨។ ​

 

៥. ល្បែង​ទាញ​ព្រ័ត្រ(សម្បត្តិ​វប្បធម៌​អ​រូបី)

 

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំង៥ នៅ​កម្ពុជា

 

ល្បែង​ទាញ​ព្រ័ត្រ​បាន​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​ថ្ងៃ​ទី​២​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ តែ​កម្ពុជា​ជា​សមាជិក​មួយ​ក្នុង​ចំណោម​បួន​ប្រទេស​ដែល​មាន​ល្បែង​ស្រដៀង​គ្នា​នេះ​ សមាជិក​នោះ​រួម​មាន​៖ កម្ពុជា កូរ៉េ​ខាង​ត្បូង​ វៀតណាម​ ហ្វីលីពីន​។

 

សម្បត្តិ​វប្បធម៌ ​អរិយធម៌​មួយ​ចំនួន​ទៀត​របស់​កម្ពុជា ក៏​កំពុង​ស្ថិត​នៅ​ក្នុង​បញ្ជី​បណ្ដោះ​អាសន្ន​ដែរ។ ហើយ​ឥឡូវ​នេះ កម្ពុជា​កំពុង​មាន​ចំណាត់​ការ​លើ​ការ​ដាក់​បញ្ចូល​ល្ខោន​ ខូន​ (khon) របស់​ថៃ​ ដែល​ខ្មែរ​ហៅ​ថា​ ល្ខោន​ខោល ព្រោះ​វា​មាន​លក្ខណៈ​ស្រដៀង​គ្នា តែ​ល្ខោនខោល​របស់​កម្ពុជា​មាន​អាយុកាល​ចំណាស់​ជាង៕

 

ចុចអាន៖ សរុប​កំណត់​ត្រា​ពិភពលោក​ទាំង៧ ដែល​កម្ពុជា​កំពុង​កាន់កាប់

អត្ថបទ៖ នួន ចាន់លីហួត
ប្រភព​៖ UNESCO