ពីរ​រដូវ​កាល ឱក សុគន្ធកញ្ញា-ពេជ្រ សោភា ជួប​រឿង​ដដែល​ៗ

តារា​ចម្រៀង​ស្រី​ជួរ​មុខ​ទាំង​ពីរ​របស់​ផលិតកម្ម​ហង្សមាស​គឺ ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា បាន​ជាប់​ឈ្មោះ​ធ្វើ​ជា Coach កម្មវិធី The Voice Cambodia ទាំងពីរ​រដូវ​កាលដូច​គ្នា ដោយ​ក្នុង​តួនាទី​នេះ ​អ្នក​​ទាំងពីរ ​ក៏​បាន​ធ្លាប់​ជួប​រឿង​ត្រូវ​បាន​គេ​រិះគន់​​​រឿង​​​​​ដដែល​ៗ​ដូចគ្នា​។

 

ឱក សុគន្ធកញ្ញា៖ ​​ម្ចាស់​បទ “ស្ដាប់​ចម្រៀង​ហូរ​ទឹកភ្នែក” រូប​នេះ ត្រូវ​បាន​គេ​រិះគន់​កូន​ក្រុម​ពីរ​រដូវ​កាល​ជាប់​គ្នា ដោយ​រដូវ​កាល​ទី​១ ពាក់​ព័ន្ធ​នឹង​ វង្ស តារារតនា ដោយ​ឡែក​រដូវ​កាល​នេះ​ទៀត គឺ​ពាក់​ព័ន្ធ​នឹង រ៉េត ស៊ូហ្សាណា។ ការ​រិះគន់​នោះ ​ព្រោះ​តែ​កូន​ក្រុម​ទាំង​ពីរ​រូប ប្រើ​សំឡេង​ច្រៀង​បាន​តែ​មួយ​បែប។

 

ពីរ​រដូវ​កាល ឱក សុគន្ធកញ្ញា-ពេជ្រ សោភា ជួប​រឿង​ដដែល​ៗ

 

កាលពី​វគ្គ​មុន​ម្ចាស់​បទ “ស៊ូឃ្លាត” ត្រូវ​បាន​គេ​រិះគន់​ថា Coach  របស់​ខ្លួន​ បាន​​ប្រើ​មនោសញ្ចេតនា​ផ្ទាល់​ខ្លួន​រើស​យក​បេក្ខជន វង្ស ដារ៉ា​រតនា ឲ្យ​ឆ្លង​វគ្គ​ម្ដង​ហើយ​ម្ដង​ទៀត ខណៈ​មហាជន​យល់​ថា​ បេក្ខជន​រូប​នេះ​ ​អាច​ស្រែក​ច្រៀង​បាន​តែ​ប្រភេទ​បទ​​រ៉ក់។

 

កូន​ក្រុម​ម្នាក់​ទៀត គឺ​បេក្ខនារី​វ័យ ១៦ ឆ្នាំ  រ៉េត ស៊ូហ្សាណា ក៏​បានទទួល​ការ​រិះគន់​ស្រដៀង​រៀមច្បង​ដែរ​ ដោយ​សារ​​ច្រៀង​តែ​បទ​បរទេស​តាំងពី​វគ្គ The Blind Audition រហូត​ដល់​វគ្គ Live show សប្ដាហ៍​ទី ៣ ខណៈ​ទស្សនិកជន​ជាច្រើន​ចង់​ស្ដាប់​នាង​ច្រៀង​ចម្រៀង​ជា​ភាសា​ជាតិ​ម្ដង។

 

ពីរ​រដូវ​កាល ឱក សុគន្ធកញ្ញា-ពេជ្រ សោភា ជួប​រឿង​ដដែល​ៗ

 

ពេជ្រ សោភា៖ The Voice ​Cambodia រដូវ​កាល​មុន ​សោភា បាន​ជួប​បញ្ហា​មួយ​ គឺ​មាន​ទស្សនិកជន​ម្នាក់​រិះគន់​ថា​នាង​ជា  Coach ម្នាក់អសមត្ថភាព។ ចូល​មក​ដល់​រដូវ​កាល​នេះ​ដែរ ​ម្ចាស់​បទ “ចាំ​​បង​មាន​ថ្មី​ចាំ​បែក​ពី​​អូន” ក៏​នៅ​តែ​មាន​ទស្សនិកជន​មិន​ពេញ​ចិត្ត និង​រិះគន់​នាង​ថា ជា​គ្រូ​បង្វឹកអសមត្ថភាពទៀត​ដែរ។ ប៉ុន្តែ​ទាក់ទិន​នឹង​រឿង​នេះ សោភា មិន​បាន​តបត​អ្វី​ជាមួយ​អ្នក​រិះគន់​ឡើយ។

 

ទោះ​មាន​អ្នក​រិះគន់ខ្លះ​ៗ​​យ៉ាង​ណា​ក្ដី តារា​ចម្រៀង​មាន​ប្រវត្តិ​កម្សត់​កម្រ​នេះ ក៏​កំពុង​ទទួល​ការ​គាំទ្រ​ខ្លាំងណាស់​ដែរនា​រយៈ​កាល​ចុង​ក្រោយ​នេះ ចំពោះ​បេសកកម្ម​ផលិត​ Original Song របស់​នាង​ជាមួយដៃគូ ងួន ចាន់ដេវីត​ ក្នុង​នោះ​បទ “រាំ​ញី​កែង​ជើង” ល្បី​ខ្លាំង​ទាំង​ក្នុង និង​ក្រៅ​ស្រុក៕

 

អត្ថបទ ៖ទ្រី រ៉ាវី