មេធាវី​ម្នាក់​ជាប់ចោទ​ជំរិត​ទារប្រាក់​រត់ការ​រឿង​ក្តី​នៅ​តុលាការ​ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​ពុក​រលួយ

មេធាវី​ម្នាក់​ជាប់ចោទ​ជំរិត​ទារប្រាក់​រត់ការ​រឿង​ក្តី​នៅ​តុលាការ​ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​ពុក​រលួយ



រាជធានី​ភ្នំពេញ ​៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​បាន​ឃាត់ខ្លួន​មេធាវី​ម្នាក់​ឈ្មោះ ពេ​ជ រតនា នាំ​យក​ទៅ​សាកសួរ​ពាក់ព័ន្ធ​ករណី​ពុក​រលួយ នៅ​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា ។

ក្រោយ​ហេតុការណ៍​នោះ​កើតឡើង​បន្តិច ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ដល់​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ និយាយ​ត​ៗ​គ្នា​ថា ACU​ ចាប់ខ្លួន​មេធាវី ដែល​ជា​ប្តី​របស់​លោកស្រី ​ក្រឡាបញ្ជី​ម្នាក់ ទើប​ព័ត៌មាន​នោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​សារព័ត៌មាន​នានា បង្ហោះ​លើ​គេហទំព័រ​ព្រោងព្រាត រហូត​មាន​សារព័ត៌មាន​មួយ​ចំនួន​សួរ​ទៅ​លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហើយ​លោក​បាន​ទទួលស្គាល់​ថា អង្គភាព​របស់​លោក​ពិតជា​ឃាត់ខ្លួន​មេធាវី​ម្នាក់​មែន ។

ឆ្លើយ​តប​នឹង​សំណួរ​អ្នក​សារព័ត៌មាន លោក​ទេស​រដ្ឋមន្ត្រី មិន​ទាន់​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ មេធាវី ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ទេ គ្រាន់តែ​បញ្ជាក់​ថា សមត្ថកិច្ច​ជំនាញ​របស់​លោក​កំពុង​សាកសួរ ។

ទោះជា​យ៉ាងណា មេធាវី​ដែល​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់ខ្លួន​នោះ ត្រូវ​បាន​មិត្ត​រួម​អាជីព​មេធាវី​ដូច​គ្នា ស្គាល​អត្តសញ្ញាណ​ច្បាស់​ហើយ គឺ​លោក ពេ​ជ រតនា អាយុ​៤០​ឆ្នាំ ដែល​មេធាវី​រូប​នោះ​ មាន​ភរិយា​ជា​មន្ត្រី​ក្រឡាបញ្ជី បម្រើ​ការងារ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

គេ​នៅ​មិន​ទាន់​ដឹង​ពី​អង្គហេតុ នៃ​ការ​ឃាត់ខ្លួន​មេធាវី​មួយ​រូប​នោះ ជា​ផ្លូវការ​នៅឡើយ​ទេ ល្គឹក​ណា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មិន​ទាន់​សាកសួរ​ចប់​សព្វគ្រប់ ។

ប៉ុន្តែ​បើ​ពិនិត្យ​លើ​ការ​ឃាត់ខ្លួន ឬ​ចាប់ខ្លួន​របស់​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កន្លង​មក គឺ​តិច​ណាស់​ជន​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ភាគច្រើន​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​និ​តិ​វិធី ហើយ​ជា​បន្ត​ត្រូវ​ផ្ញើ​ទុក​នៅ​ពន្ធនាគារតែ​ម្ដង ។

ប្រភព​ព័ត៌មាន​ជឿជាក់​មួយ បាន​និយាយ​ថា មេធាវី​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​រពុក​រលួយ ។
ប្រភព​ជឿជាក់​បំផុត ឱ្យ​ដឹង​ថា លោក ពេ​ជ រតនា ត្រូវ​ទទួល​ការ​ពឹងពាក់​ការពារ​ក្ដី ក្នុង​សំណុំរឿង​មួយ ។ ក្នុង​នាម​ជា​មេធាវី​ការពារ​ក្ដី​នេះ លោក​មេធាវី ពេ​ជ រតនា មិន​បានការ​ពារ​ក្ដី​ឱ្យ​កូនក្ដី​ប្រកបដោយ​ក្រមសីលធម៌​ជា​មេធាវី​ទេ ផ្ទុយ​ទៅ​វិញ បាន​បញ្ជា​ឱ្យ​កូនក្ដី​ប្រគល់​ប្រាក់​ឱ្យ​គាត់​យក​ទៅ​រត់ការ ដូច​យក​ទៅ​ស៊ីដាច់​ម៉ាត់ ដែល​ខុស​ពី​វិជ្ជាជីវៈ​មេធាវី ។

ប្រគល់​លើក​ទី​១ ថា​មិន​គ្រប់ ទាមទារ​ឱ្យ​ប្រគល់​លើក​ទី​២​ទៀត ។ លើក​ទី​២​ហើយ​នៅ​មិន​បាន​ឆ្អែត​ទៀត ក៏​បាន​ទាមទារ​ឱ្យ​កូនក្ដី​ប្រគល់​ថែម​ទៀត​ដែល​ជា​លើក​ទី​៣ ។ កូនក្ដី​មានការ​សង្ស័យ​ណាស់ នូវ​ទ​ង្វើ​របស់​មេធាវី​រូប​នេះ ក៏​បាន​សម្រេច​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ។ នៅ​ពេល​យក​ប្រាក់​ទៅ​ប្រគល់​ឱ្យ តាម​ការ​ណាត់ជួប និង​តាម​ការ​បង្គាប់បញ្ជា​របស់​មេធាវី ក៏​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​បាន​រៀបចំ​អន្ទាក់ ក៏​ចាប់​តែ​ម្ដង រួម​ទាំង​វត្ថុ​តាង​ជាក់ស្ដែង​ផង​ដែរ ៕