តារា​កាត់​ខ្មែរ-អាល្លឺ​ម៉ង់ ម៉ៃយ៉ា ក្ដាប់​តំណែង​តួឯក​ជាប់​រដឹក​

ភ្នំពេញៈ ចាប់ពីដើមឆ្នាំថ្មីនេះមក ឃើញថារាសីរបស់កញ្ញា ខាហ្គឺម៉ៃយ៉ា សូរ៉ៃយ៉ាម៉ាថា ហៅ ម៉ៃយ៉ា ឆ្នាំថ្មីឡើងស្រឺតៗតែម្តង ខណៈតំណែងជាតួឯកស្រីក្នុងកុនភាគរឿង «ហង្សបាក់ស្លាប» មិនទាន់ចាប់ផ្តើមថតផង ស្រាប់តែនាងទទួលបានតំណែងតួឯកស្រីក្នុងរឿងដុំថ្មីមួយទៀតគឺ «ទាយាទអាគម» ទើបថតបានចំនួន ២ ថ្ងៃ។

តារា​កាត់​ខ្មែរ-អាល្លឺ​ម៉ង់ ម៉ៃយ៉ា ក្ដាប់​តំណែង​តួឯក​ជាប់​រដឹក​កញ្ញា ម៉ៃយ៉ា ក្នុងថ្ងៃក្រុងពាលីថតភាពយន្ដកន្លងមក

ពិធីការិនីទើបរះថ្មីលើវិថីសិល្បៈភាពយន្ត បានបង្ហើបប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឲ្យដឹងថា៖ «បើគិតមកទល់នឹងពេលនេះ មានកុនចំនួនបួនសម្រាប់នាងខ្ញុំដែលកំពុងតែថត និងមិនទាន់បានថតនៅឡើយ ដោយមានរឿងភាគបី និងរឿងដុំមួយ។ នារយៈពេលពីរថ្ងៃនេះ នាងខ្ញុំបានទៅថតឈុតខ្លះៗសម្រាប់រឿងដុំទាយាទអាគមរបស់ផលិតកម្ម AD Music ខណៈនាងខ្ញុំជាតួឯកស្រីជាកូនស្នងទាយាទពីអ្នកម្តាយ ដែលសម្តែងដោយបងស្រី អ៊ិនវល័ក្ខទេពី ហើយត្រូវថតចំនួន ១២ ថ្ងៃ»។

តារាស្រីស្រស់សម្តីផ្អែមឈាមខ្មែរកាត់អាល្លឺម៉ង់រូបនេះបន្តថា៖ «ភាពយន្តភាគរឿង កញ្ញាអម្ពិលផ្អែម របស់ខ្ញុំកំពុងតែចាក់បញ្ចាំងនៅកញ្ចក់ទូរទស្សន៍បាយ័ន និងរឿងភាគមួយទៀតនាងខ្ញុំមិនបានចាំទេ។ តែចំពោះរឿងភាគ ហង្សបាក់ស្លាប ដែលក្រុងពាលីកាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំនេះ គឺនាងខ្ញុំមិនទាន់បានថតនៅឡើយទេដោយសារតែជាប់រវល់ពេក»។

ទំនងជាដោយសារមានទេពកោសល្យរួមផ្សំនឹងចំណូលចិត្ត និងភាពស៊ាំឆ្លងកាត់នឹងថតស្ប៉តពាណិជ្ជកម្ម ជាច្រើនស្អេកស្កះឲ្យក្រុមហ៊ុនភេសជ្ជៈ និងផលិតផលថែរក្សាសម្ផស្សនានានោះហើយ ដែលរុញច្រានឲ្យតារាស្រីវ័យ ២០ ឆ្នាំ កញ្ញា ម៉ៃយ៉ា ហាក់ដូចជាមិនបានត្អូញត្អែរពីការលំបាកនៅក្នុងការថតកុនឡើយ ដោយគ្រាន់តែនាងនិយាយថា៖ «សម្រាប់ការថតកុន នាងខ្ញុំគិតថាដូចជាមិនពិបាកអ្វីទេ គ្រាន់តែមានអារម្មណ៍ថា ខ្លួនឯងមានបន្ទុកច្រើនបន្តិចនៅក្នុងការថតកុនដោយតម្រូវឲ្យចងចាំប៉ារ៉ូលសាច់រឿងរបស់ខ្លួន និងត្រូវក្រោកពីព្រឹកជាងថ្ងៃធម្មតាបន្តិច ហើយការថតស្ប៉តពាណិជ្ជកម្មក៏មមាញឹក និងជិតដល់ខែចូលរៀនសាកលវិទ្យាល័យវិញផងដែរគឺឆ្នាំទី ២ នៅខែតុលាខាងមុខនេះ»។

នាពេលកន្លងមកធ្លាប់បានដឹងឮថា កញ្ញា ខាហ្គឺម៉ៃយ៉ា សូរ៉ៃយ៉ាម៉ាថា ហៅ ម៉ៃយ៉ា នាងមិនចង់ទទួលការថតកុនអ្វីឡើយ តែចាប់ពីនាងតោងឱកាសធ្វើជាពិធីការិនីផ្សាយបន្ដផ្ទាល់កម្មវិធីកំពូលតន្ត្រីប៉ូការី ស្វេត របស់ស្ថានីយទូរទស្សន៍ស៊ីអិនស៊ី ទាំងមិនធ្លាប់មានបទពិសោធពីមុននោះ ស្រាប់តែគេឃើញនាងបានទទួលការថតកុនទាំងរឿងដុំ និងរឿងភាគជាប់គ្នាឲ្យរដឹកត្រូវហុងស៊ុយឆ្នាំថ្មីតែម្តង។

ស្រីស្រស់សម្រស់បែបកូនកាត់រាងរៅតូចច្រឡឹងរូបនេះបានបកស្រាយនាពេលនេះថា៖ «គិតថានេះជាឱកាសល្អបានមកដល់សម្រាប់នាងខ្ញុំ ហើយក៏យល់ថា មុន ឬក្រោយក៏គង់តែខ្លួននឹងប្រឡូកក្នុងពិភពថតភាពយន្តដដែលនោះ ទើបនាងខ្ញុំក៏សម្រេចចិត្តភ្លាម ខណៈខាងប៉ាម៉ាក់ក៏ពួកគាត់មិនថាអ្វីដែរ»។

ចំពោះភាពយន្តរឿងទាយាទអាគមនេះគឺជាវណ្ណកម្មកើតចេញពីការគិតរិះរកលក្ខណៈបង្ហាញពីវប្បធម៌ខ្មែរបន្ទាប់ពីភាពយន្តរឿង «ស្បែកគង់» ដែលដឹកនាំ និងនិពន្ធដោយលោក អ៊ុន សត្យាវីរៈ។

ទោះបីជាមិនទាន់ដឹងថានឹងថតចប់និងត្រូវចាក់បញ្ចាំងពេលណាក្តី តែអ្នកនិពន្ធរូបនេះបង្ហើបឲ្យដឹងថា៖ «ទាយាទអាគម ជាប្រភេទរឿងដុំ ដែលមានរយៈពេលត្រឹមតែ ១ ម៉ោង និង ៤៥ នាទី។ ដោយសារតួសម្តែងភាគជាប់រវល់នោះ ទើបយើងមិនហ៊ានធ្វើការសន្និដ្ឋានថាថតចប់ពេលណា និងត្រូវចាក់បញ្ចាំងពេលណាបាននៅឡើយទេ ហើយពេលនេះទើបតែចាប់ផ្តើមថតប៉ុណ្ណោះ»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍