រឿង​លោក នូ សុផល អភិបាលរង​ក្រចេះ តាម​ជំរិត​យកលុយ​ពី​ម្ចាស់​រថយន្ត​ដឹកឈើ ត្រូវ​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​

មន្ត្រីរាជការ​នៅ​ក្រុង​ក្រចេះ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា អភិបាលរង​ក្រចេះ​ម្នាក់​ឈ្មោះ នូ សុផល នៅពេល​ផឹកស្រា​ហើយ​អស់​លុយ​ផឹក​តែងតែ​បើករថយន្ត​ដេញ​តាម​ជំរិត​យកលុយ​ពី​ម្ចាស់​រថយន្ត​ដឹកឈើ ដើម្បី​បាន​លុយ​យកទៅ​ផឹក​បន្តទៀត​។ ប្រការនេះ​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ គួរ​ធ្វើ​ការណែនាំ​មន្ត្រីក្រោមឱវាទ​ខ្លះ​ផង ព្រោះ​សកម្មភាព​លោក នូ សុផល កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ពេញបន្ទុក​។ ដោយហេតុថា​ទង្វើ​របស់លោក នូ សុផល កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្តិយស​មន្ត្រីរាជការ​នៅក្នុង​ក្រចេះ​ទាំងមូល​។

ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ក្រចេះ បាន​ឲ្យ​ដឹងថា​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៦ គេ​ឃើញ​លោក នូ សុផល បើករថយន្ត​របស់ខ្លួន​ដេញតាម​ទារប្រាក់​ពី​រថយន្ត​ដឹកឈើ​នៅ​ចំណុច​ស្ពាន​ទេរ សង្កាត់​រកា​កណ្ដាល ក្រុង​ក្រចេះ​។ ការដែល​លោក នូ សុផល ពុំមាន​តួនាទី​ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ ហើយ​បើករថយន្ត​តាម​ជំរិត​យកលុយ​ពី​ម្ចាស់​រថយន្ត​ដឹកឈើ​បែបនេះ ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ហើយ​មជ្ឈដ្ឋាន​ខ្លះ​សង្ស័យថា​លោក នូ សុផល ប្រហែល​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​មិន​ខ្វល់​ពី​ការរិះគន់​របស់​ប្រជាពលរដ្ឋ​។ កំហុស​របស់លោក នូ សុផល ជា​រឿង​ដែល​ក្រសួងមហាផ្ទៃ មិនគួរ​មើលរំលង​នោះទេ​ហើយ​គួរ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​មន្ត្រី​ដែល​ប្រព្រឹត្ត​បែបនេះ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ពី​ខេត្តរតនគិរី និង​ស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង និង​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅតែ​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មិនសូវ​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ឡើយ ហើយ​ការបង្ក្រាប​ថ្មីៗ​កន្លងទៅនេះ​គឺជា​ប្រតិបត្តិការ​របស់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ទៅវិញ​។ មិនតែប៉ុណ្ណោះ​លោក នូ សុផល អភិបាលរងក្រុង​ក្រចេះ ដែល​គ្មាន​តួនាទី​អ្វី​សោះ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ បែរជា​បើករថយន្ត​របស់ខ្លួន​តាម​ទារលុយ​ពី​ម្ចាស់​រថយន្ត​ដឹកឈើ​នៅ​ចំណុច​សង្កាត់​រកា​កណ្ដាល​ក្រុង​ក្រចេះ យ៉ាង​ក្រអឺតក្រទម​៕

11​លោក នូ សុផល អភិបាលរង​ក្រចេះ13335891_546525242207017_7259706241399545522_n-600x337