បទល្មើស​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​

លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ត្រូវ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ រិះគន់​ចំៗ​ថា​ជា​មេខ្លោង​ធំជាងគេ​ពាក់ព័ន្ធ​បទល្មើស​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ដើម្បី​ប្រមូល​ផលប្រយោជន៍​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ ទោះជា​យ៉ាងណា​មកដល់ពេលនេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិនទាន់​ចាត់វិធានការ​លើ​ភាព​អសកម្ម​របស់លោក វង់ សុក្រ​សិរី និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី នៅឡើយ​ទេ​។ ដូច្នេះហើយ​ទើប​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុងស្រុក​កោះ​ញែក ស្រុក​កែវ​សីមា ស្រុក​អូររាំង និង​ស្រុក​ពេ​ជ្រា​ដា នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។

សកម្មជន​ព្រៃឈើ និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍ ព្រៃ​អភិរក្ស និង​ព្រៃ​ការពារ ក្នុងស្រុក​កោះ​ញែក នៅតែ​បន្ត​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មួយផ្នែក​នៃ​ឈើ​ដែល​ឈ្មួញ​និង​ជនល្មើស​កាប់​ក្នុងព្រៃ​សហគមន៍ ព្រៃ​អភិរក្ស និង​ព្រៃ​ការពារ ស្រុក​កោះ​ញែក ត្រូវបាន​គេ​ដឹកជញ្ជូន​ឆ្លង​ចូល​ស្រុក​លំផាត់ ខេត្តរតនគិរី ដែលមាន​ព្រំប្រទល់​ជាប់​ជាមួយ​ស្រុក​កោះ​ញែក​។ មួយផ្នែក​ទៀត​ឈើ​ទាំងនោះ​ត្រូវគេ​ដឹកជញ្ជូន​ឆ្លងកាត់​ក្រុង​សែន​មនោ​រម្យ ឆ្ពោះទៅ​ច្រកព្រំដែន​ដាក់​ដាំ​និង​ច្រក​មួយចំនួនទៀត ដើម្បី​លក់​ឲ្យ​ឈ្មួញ​យួន​យ៉ាង​រលូន​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​ឡើយ​។

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា ការដែល​មេ​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​តំបន់​នេះ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺអាច​មានការ​បើកដៃ​ពី​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ផងដែរ ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​រលូន​។ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន​មួយចំនួន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុងស្រុក​កោះ​ញែក បាន​បំពាន​ចូល​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍ ព្រៃ​ការពារ និង​ព្រៃ​អភិរក្ស ហើយ​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​យ៉ាង​គគ្រឹកគគ្រេង​ដោយសារ​មានការ​ឃុបឃិត​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរពិនិត្យមើល​បញ្ហា​នេះ​ផង ហើយ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ព្រោះ​បច្ចុប្បន្ន​ព្រៃ​ការពារ ព្រៃ​សហគមន៍ និង​ព្រៃ​អភិរក្ស ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ​៕

Pic64 1-4