តើ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​រុ​ស្ស៊ី និង​អាស៊ាន​មាន​អត្ថប្រយោជន៍​បែប​ណា​សម្រាប់​យើង ?

ប្រទេស​រុ​ស្ស៊ី​, ថ្ងៃ​ទី​៣១ ឧសភា ២០១៦ ៖ ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​បណ្តា​ប្រទេស​លោក​ខាងលិច​លើ​រុ​ស្ស៊ី កាលពី​ពេល​ថ្មី​ៗ​នេះ បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ផ្ដោត​ការ​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​លើ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​វិញ​។ បើ​ទោះបីជា​រុ​ស្ស៊ី​មាន​សេដ្ឋកិច្ច​ខ្លាំង និង​កិច្ច​សហប្រតិបត្តិការ​នយោបាយ​រឹង​មាំ​ជាមួយ​ចិន​ក្តី ក៏​វិមាន​ក្រឹម​ឡាំង (Kremlin) នៅ​តែ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ដែល​ត្រូវ​បង្ខំ​ឲ្យ​រុ​ស្ស៊ី​ប្តូរ​ទិស​ដៅ​ងាក​មក​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​វិញ ដោយសារ​តែ​មាន​តម្រូវការ​បច្ចេកវិទ្យា និង​សេដ្ឋកិច្ច ។

កាលពី​ថ្ងៃ​ទី​១៩-២០ ឧសភា កន្លង​មក ប្រទេស​រុ​ស្ស៊ី​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​-​រុ​ស្ស៊ី នៅ​ក្នុង​ទីក្រុង Sochi ជាទី​ដែល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ (MOUs) មួយ​ចំនួន ។

អនុស្សរណៈ​យោគយល់​នេះ​ទៀត​សោត នឹង​ពង្រឹង​លើ​កិច្ច​សហប្រតិបត្តិការ​នៃ​បញ្ហា​គោលនយោបាយ និង​បញ្ហា​សុវត្ថិភាព ជា​ពិសេស លើ​វិស័យសេដ្ឋកិច្ច និង​ការ​វិនិយោគ។

ថ្លែង​នៅ​ក្នុង​វេទិកា​ពាណិជ្ជកម្ម​អាស៊ាន​-​រុ​ស្ស៊ី លោក​ប្រធានាធិបតី​រុ​ស្ស៊ី វ្លា​ឌី​មៀរ ពូ​ទី​ន (Vladimir PUTIN) បាន​មាន​ប្រសាសន៍​ថា ៖ « រុ​ស្ស៊ី​បាន​ផ្ដល់​គម្រោង​រួម​ចំនួន​៥៧​លើ​ការ​ច្នៃប្រឌិត និង​បច្ចេកវិទ្យា ។ លោក​បាន​ចង្អុលបង្ហាញ​ថា ពាណិជ្ជកម្ម​របស់​រុ​ស្ស៊ី​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ ។ ជាក់ស្តែង ក្រុមហ៊ុន​រុករក​រ៉ែ កំពុង​តែ​ធ្វើ​ប្រតិបត្តិការ​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​មី​យ៉ា​ន់​ម៉ា ។ ចំណែក​នៅ​ប្រទេស​វៀតណាម​វិញ កំពុង​តែ​បន្ត​គម្រោង​ថាមពលនុយក្លេអ៊ែរ​។ មិនតែប៉ុណ្ណោះ ប្រទេស​រុ​ស្ស៊ី​កំពុង​តែ​ចូលរួម​លើ​គម្រោង​បច្ចេកវិទ្យា​ទំនើប​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ផង​ដែរ » ។

សម្រាប់​ប្រទេស​វៀតណាម និង​សិង្ហ​បុរី រដ្ឋាភិបាល​របស់​យើង​កំពុង​តែ​ធ្វើ​កិច្ចការ​លើ​តំបន់​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី (EAEU) ។ ជាមួយនឹង​តំបន់​ពាណិជ្ជកម្ម​សេរី​នេះ នឹង​អាច​ធ្វើ​ឲ្យ​ពួក​យើង​ស្វែងរក​ទីផ្សារ​លើ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម ក៏​ដូច​ជា​ឧស្សាហកម្ម​កាត់ដេរ​ផង​ដែរ ។

ក្នុង​នោះ​ដែរ ក៏​មាន​កិច្ច​ពិភាក្សា​លើ​ការ​បង្កើន​ភ្ញៀវ​ទេសចរ​រុ​ស្ស៊ី ដោយ​មិន​ចាំបាច់​មាន​វី​សា (VISA) និង​ជើងហោះហើរ​ត្រង់​ឆ្ពោះ​មក​កាន់​ព្រ​លាន​យន្តហោះ​ខេត្ត​ព្រះ​សីហ​នុ​ផ្ទាល់​តែ​ម្តង ។ ទន្ទឹម​នឹង​នេះ ពួក​យើង​អាច​ស្វែងរក​លទ្ធភាព​ក្នុង​ការ​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ ដើម្បី​បំពេញ​នូវ​កំណើន​តម្រូវការ​អគ្គិសនី​ប្រកបដោយ​និរន្តរភាព ដែល​វា​ត្រូវ​បាន​ផ្តល់​ជំនួយ និង​ហិរញ្ញប្បទាន​ដោយ​រដ្ឋាភិបាល​រុ​ស្ស៊ី ។ សមិទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ នឹង​ធ្វើ​ឲ្យ​មាន​អត្ថប្រយោជន៍​ទាំង​ក្នុង​រយៈពេល​មធ្យម និង​រយៈពេល​វែង។

សំណួរ​សួរ​ថា តើ​ពួក​យើង​គួរតែ​រៀបចំ​ខ្លួន​យ៉ាងណា​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ពេញលេញ​ពី​កិច្ច​សហប្រតិបត្តិការ​នេះ ?