វិនិយោគិន​ម៉ា​ឡេ​ស៊ី​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង​លើ​ការ​វិនិយោគ​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​ម៉ា​ឡេ​ស៊ី មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​តាំងពី​យូរ​មក​ហើយ ។ ដោយសារ​តែ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​ក្នុង​រង្វង់​៧% និង​កត្ដា​សុខ​សន្ដិភាព​ពេញលេញ ស្ថានភាព​នយោបាយ​មាន​ស្ថិរភាព ពិសេស រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាន់​នូវ​គោលនយោបាយ​បើកចំហ​ជើងមេឃ ញ៉ាំង​ឲ្យ​វិនិយោគិន​បរទេស​តែងតែមាន​ចំណាប់អារម្មណ៍ និង​មក​បណ្ដាក់ទុន​កើន​ឡើងជា​បន្ដបន្ទាប់ ។

ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ដា​តូ ស្រីុ ហា​សាន ម៉ា​លី​ក​(Dato Sri Hasan Malek) ឯកអគ្គរដ្ឋទូត​ម៉ា​ឡេ​ស៊ី​ថ្មី ប្រចាំ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ៖ « បច្ចុប្បន្ន​នេះ​ប្រជាជន​ម៉ា​ឡេ​ស៊ី​កាន់តែ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​វិនិយោគ​នៅ​កម្ពុជា»​។ ទន្ទឹម​នឹង​នេះ លោក​នឹង​ជំរុញ​ឲ្យ​មាន​អ្នក​វិនិយោគ​ម៉ា​ឡេ​ស៊ី​មក​កាន់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត ធ្វើ​យ៉ាងណា​ឲ្យ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​មានការ​រីក​ចម្រើន​ថែម​ទៀត  ។

ក្នុង​ឱកាស​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី បាន​ថ្លែង​ថា ៖ « សម្ដេច​តែង​មានការ​យកចិត្ដទុកដាក់​ចំពោះ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ជា​ពិសេស ពិនិត្យ​លើ​កា​រវិ​វត្ដ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយសារ​តែ​ការ​អភិវឌ្ឍ​ខ្លះ​ប្រហាក់ប្រហែល​នឹង​ប្រទេស​កម្ពុជា​ដែរ » ។

ក្នុង​រយៈពេល​៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៣ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ម៉ា​ឡេ​ស៊ី បាន​កើន​ឡើងជា​បន្ដ បន្ទាប់ ពោល​គឺ​កើន​ពី​ជាង​២០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១០ ដល់​ជាង​៤០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣ ក្នុង​នោះ​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ម៉ា​ឡេ​ស៊ី​មាន​កំណើន​ខ្លាំង ។

កាលពី​ឆ្នាំ​២០១០ បរិមាណ​នាំ​ចេញពី​កម្ពុជា ទៅ​កាន់​ម៉ា​ឡេ​ស៊ី មាន​ទំហំ​ទឹកប្រាក់​ត្រឹមតែ​ជាង ៣២​លាន​ដុល្លារ​ប៉ុណ្ណោះ តែ​បាន​កើនឡើង​ដល់​ជាង​១៩៣​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣ គឺ​កើនឡើង​ជាង​៥​ដង​ក្នុង​រយៈពេល​៣​ឆ្នាំ ។

ផលិតផល​ចម្បង​ៗ​ដែល​កម្ពុជា​បាន​នាំ​ចេញ​ទៅ​ម៉ា​ឡេ​ស៊ី​ភាគច្រើន គឺជា​ផលិតផល​កសិកម្ម រួម​មាន កៅស៊ូ និង​អង្ករ ។ ចំណែក​ទំនិញ​នាំ​ចូល​ពី​ម៉ា​ឡេ​ស៊ី​មាន​ដូច​ជា ផលិតផល​ចំណីអាហារ សម្លៀក​បំពាក់ គ្រឿង​អេ​ឡិច​ត្រូ​និក​ជាដើម ។

ក្រៅពី​ជា​ដៃគូ​ពាណិជ្ជកម្ម ម៉ា​ឡេ​ស៊ី​ក៏​ជា​ប្រទេស​ដែល​មាន​ទុន​វិនិយោគ​ច្រើន​នៅ​កម្ពុជា​ផង​ដែរ ។ ចាប់ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៣ គម្រោង​វិនិយោគ​របស់​ម៉ា​ឡេ​ស៊ី​នៅ​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​២,៦​ពាន់​លាន​ដុល្លារ ដែល​ភាគច្រើន​ធ្វើ​ឡើង​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​សេវាកម្ម ។

ក្នុង​វិស័យ​ទេសចរណ៍​វិញ តាម​ទិន្នន័យ​ពី​ក្រសួងទេសចរណ៍​កម្ពុជា​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ម៉ា​ឡេ​ស៊ី​មក​កាន់​កម្ពុជា បាន​កើនឡើង​ពី​ចំនួន​ប្រមាណ​១៣​ម៉ឺន​នាក់​នៅ​ឆ្នាំ​២០១៣ ដល់​ជាង​១៤​ម៉ឺន​នាក់​នៅ​ឆ្នាំ​២០១៤ ក្នុង​អត្រា​១០​ភាគរយ​។ ចំណែក​ចំនួន​ភ្ញៀវ​ទេសចរ​ពី​កម្ពុជា​ទៅ​ម៉ា​ឡេ​ស៊ី​វិញ បាន​កើនឡើង​ពី​ជាង​៦​ម៉ឺន​នាក់​នៅ​ឆ្នាំ​២០១៣ ដល់​ជាង​៧​ម៉ឺន​នាក់​នៅ​ឆ្នាំ​២០១៤ ក្នុង​អត្រា​១៤​ភាគរយ ៕