សម្ដេច​តេ​ជោ​ជួប​សន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថ្មី​របស់​វៀតណាម

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ជំនួប​សម្ដែង​ការ​គួរសម​ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន  នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក Ngo Xuan Lich រដ្ឋមន្ត្រី​ការពារ​ជាតិ​ថ្មី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​មាន​ប្រសាសន៍​ជម្រាប​ជូន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា លោក​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​យោធា​រវាង​ប្រទេស​ទាំង​ពីរ​ដូច​អ្វី​ដែល​ធ្លាប់​បាន​សហការ​គ្នា​ពី​មុន​មក ។

លោក កៅ គឹ​ម​ហួ​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថ្មី​វៀតណាម​មាន​ប្រសាសន៍​បែប​នេះ នា​រសៀល​ថ្ងៃ​ទី​៣១ ខែឧសភា នៅ​វិមាន​សន្តិភាព ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា វៀតណាម​នឹង​ពង្រឹង​កិច្ច​សហ​ប្រិត​ប​ត្តិ​ការ​ជាមួយ​កម្ពុជា ដោយ​ផ្ដល់​អាទិភាព​ទៅ​លើ​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ខាង​វិស័យ​យោធា ។ អ្វី​ដែល​ប្រទេស​ទាំង​ពីរ​ត្រូវធ្វើ​នោះ គឺ​រក្សា​នូវ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​២ ។

ជា​ការ​ឆ្លើយ​តប សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក Ngo Xuan Lich មក​កាន់​ប្រទេស​កម្ពុជា​។ សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា ទោះបី​មានការ​ដោះ​ដូរ​រដ្ឋមន្ត្រី ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ប្រទេស​ទាំង​ពីរ​នៅ​តែ​រក្សា​គោ​លន​យោ​នាយ​ដដែល ។

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ទៀត​ថា យោធា​ប្រទេស​ទាំង​ពីរ​ដើរតួ​នាទី​សំខាន់​ក្នុង​កិច្ច​សហប្រត្តិបត្តិការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​បញ្ហា​គ្រោះ​មហន្តរាយ​ភ្លើង​ឆេះ​ព្រៃ ទឹកជំនន់​ជាដើម  ។

សម្ដេច​តេ​ជោ​បាន​លើក​ឡើង​ថា កាលពី​ឆ្នាំ​២០១១ នៅ​ខេត្តរតនគិរី​ជួប​គ្រោះ​ទឹកជំនន់ ឯ​ភាគី​កម្ពុជា​មិន​អាច​ចូល​ទៅ​ជួយ​ពលរដ្ឋ​ដែល​រស់នៅ​ជាប់​ព្រំដែន​នោះ ហើយ​ខាង​ផ្នែក​វៀតណាម​បាន​ជួយ​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​គ្រោះ​ដោយសារ​ទឹកជំនន់​នោះ និង​សូមកុំ​ភ័ន្ត​ច្រឡំ​ថា ការ​ជួយ​នេះ​គឺជា​ការ​ឈ្លានពាន ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋ​ម​ន្ត្រិ បាន​ជំរុញ​ឱ្យ​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំង​ពីរ បន្ត​សហការ​គ្នា​ឱ្យ​ជិត​ស្និទ្ធ​ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព និង​ចូលរួម​ការ​អភិវឌ្ឍ​នៅ​តាម​ព្រំដែន ៕