គ្រាន់តែ​សព​អណ្តែត​ទឹក អាជ្ញាធរ​គ្មាន​សមត្ថភាព​អូស​ចូល​ខាង តើ​រាស្ត្រ​សង្ឃឹម​អី​ទៀត ?

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​០២​មិថុនា​នេះ គឺ​មាន​រយៈ​ពេ​លេ​ជិត​២៤​ម៉ោង​ហើយ សាកសព​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់ មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌដូនពេញ​និង​ជ្រោយចង្វារ​អូស​ចូល​ខាង ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើ​កោសល្យវិច័យ និង​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា គិត​ត្រឹម​វេលា​ខាងលើ​នេះ សាកសព​បាន​អណ្តែត​នៅ​កណ្តាលទន្លេ​ជិត​ទៅ​ដល់​មុខ​ព្រះ​បរមរាជវាំង​ហើយ ។ កាលពី​ថ្ងៃ​ទី​០១ មិថុនា​ម្សិលមិញ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា ខណ្ឌដូនពេញ និង​ជ្រោយចង្វារ​ប្រកាន់​អាណាចក្រ​រៀង​ៗ​ខ្លួន​មួយ​រុញ​ឲ្យ​មួយ​ថា​នៅ​ក្នុង​ដែនដី​អ្នក​នេះ​អ្នក​នោះ មិន​ព្រម​ជួយ​អូស​ចូល​ខាង ហើយ​និង​បន្ត​រុញ​ដាក់​គ្នា​មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ទី​០២ មិថុនា​នេះ​ទៀត ។

យ៉ាងណា​ក៍ដោយ គេហទំព័រ​កោះសន្តិភាព​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​មន្ត្រី​សាលា​ខណ្ឌ​ទាំង​ពីរ​គិត​ត្រឹម​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ។

សូម​បញ្ជាក់​ថា សាកសព​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ខាងលើ​បាន​ត្រូវ​ប្រជាពលរដ្ឋ​អ្នកដំណើរ​ឆ្លងកាត់​ស្ពាន​ជ្រោយចង្វារ​ចាស់​ប្រទះ​ឃើញ​អណ្តែត​ទឹកទន្លេ​តាំងពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ មិថុនា ២០១៦​មក​ម្ល៉េះ ប៉ុន្តែ​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជិត​២៤​ម៉ោង​ហើយ អាជ្ញាធរ​នៅ​តែ​បន្ត​ឆ្លើយ​និង​រុញ​ដាក់​គ្នា​ខ្វះ​ការ​ទទួលខុសត្រូវ  បើ​បែប​នេះ​តើ​ប្រជាពលរដ្ឋ​សង្ឃឹម​អី​ទៀត បើ​សូ​ម្បី​តែ​សាកសព​អណ្តែត​ទឹក​អាជ្ញាធរ​អត់​មាន​សមត្ថភាព​ដោះស្រាយ​និង​អូស​ចូល​ខាង​នោះ​៕