ម្ចាស់​បទ “ស៊ី​ចេក​ផឹក​ទឹក” ពោល​សោកស្ដាយ

ម្ចាស់​បទ “ស៊ី​ចេក​ផឹក​ទឹក” តារា​ចម្រៀង និរត្តន៍ បាន​ត្រឹម​ពោល​ពាក្យ​សោកស្ដាយ ព្រោះ​រហូត​មក​ដល់​ពេល​នេះ​ហើយ នាង​នៅ​តែ​មិន​ទាន់​អាច​ជួយ​ម្ដាយ​ឱ្យ​មាន​ជីវភាព​ធូរធារ​ដូច​គេ​ឡើយ។

 

ម្ចាស់​បទ “ស៊ី​ចេក​ផឹក​ទឹក” ពោល​សោកស្ដាយ

“បាន​ត្រឹម​តែ​ស្ដាយ ពេល​នេះ​ខ្ញុំ​ជួយ​ខ្លួន​ឯង​ស្ទើរ​មិន​បាន​ផង អញ្ចឹង​មិន​ទាន់​អាច​ជួយ​ម៉ែ​ឱ្យ​បាន​ធំ​ដុំ មាន​ជីវភាព​ធូរធារ​ដូច​គេ​ទេ”។ និរត្តន៍ ថ្លែង​មក​កាន់ Sabay។ នាង​បន្ត​ថា បច្ចុប្បន្ន​​ម្ដាយ​កំពុង​រស់​ជាមួយ​ប្អូន​ស្រី​ម្នាក់ និង​យាយ​តា​ជរា​ឯ​ស្រុក​កំណើត​នៅ​ខេត្ត​ត្បូង​ឃ្មុំ។ ក្នុង​ជីវភាព​ជា​ស្ត្រី​មេម៉ាយ ម្ដាយ​របស់​នាង​មាន​របរ​ធ្វើ​ស្រែ​ចម្ការ​ធម្មតា​ដូច​អ្នក​ភូមិ​ទូទៅ​ដែរ។

តារា​ចម្រៀង Town រូប​នេះ​បន្ត​ថា ការ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​១​ឆ្នាំ​មក​នេះ ហាក់​មិន​ទាន់​ធ្វើ​ឱ្យ​នាង​មាន​លំនឹង​ជីវភាព​ដូច​តារា​ផ្សេង​ទៀត​នោះ​ឡើយ កុំ​ថា​ឡើយ​ដល់​ថ្នាក់​ជួយ​ម្ដាយ​ឱ្យ​មាន​ជីវភាព​ធូរធារ។ នាង​បន្ត​ថា សូម្បី​កន្លែង​ស្នាក់នៅ​ក៏​មិន​ទាន់​មាន​ផ្ទាល់​ខ្លួន​នៅ​ឡើយ​ដែរ ត្រូវ​រស់​អាស្រ័យ​ជាមួយ​ម្ដាយ​មីង។

ទោះ​បី​ជា​យ៉ាង​ណា តារា​ចម្រៀង​ដដែល​អះអាង​ថា នាង​នឹង​ព្យាយាម​សាង​កេរ្តិ៍​ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ​បន្ថែម​ទៀត ដើម្បី​ក្លាយ​ជា​តារា​ចម្រៀង​មួយ​រូប​កាន់​តែ​មាន​ការ​ទទួល​ស្គាល់​ពី​សំណាក​មហាជន​ទូទៅ។ នាង​សង្ឃឹម​ថា ពេល​នោះ​អាច​រក​ចំណូល​បាន​ច្រើន ហើយ​អាច​ជួយ​ជ្រោមជ្រែង​គ្រួសារ​ដោយ​មិន​បាច់​ពឹង​ជំនួយ​ពី​បុគ្គល​ណា​ឡើយ៕

 

អត្ថបទ៖ សំ ជំនាញ