សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​សហការ​គ្នា​បង្ក្រាប​ចោរ​គាស់​ផ្ទះ ​ដែល​គប់​ដប​សាំង​ដុត​ផ្ទះ​

សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​សហការ​គ្នា​បង្ក្រាប​ចោរ​គាស់​ផ្ទះ ​ដែល​គប់​ដប​សាំង​ដុត​ផ្ទះ​



ភ្នំពេញ ៖ ចោរ​គាស់​ផ្ទះ​២នាក់ ​ដែល​តែងតែ​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​នៅ​ក្នុង​មូលដ្ឋាន សង្កាត់​ចោម​ចៅ​មកដល់ពេលនេះ ពួកគេ​បាន​អស់លក្ខណ៍​ដោយសារ ប្រជាពលរដ្ឋ បានឃើញ​ទាន់ និង​បាន​រាយការណ៍​ប្ដឹង​សមត្ថកិច្ច ឲ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ជន​សង្ស័យ ដែល​ធ្វើ​សកម្មភាព​ជាក់​ស្ដែង នៅពេល​សមត្ថកិច្ច​ទាំង​នគរបាល និង​អាវុធហត្ថ មកដល់ ចោរ​ដែល​កំពុង​ធ្វើ​សកម្មភាព​ក្នុងផ្ទះ​នោះ បាន​គប់​ដប​សាំង ហើយដោយ​សារ​ផ្ទះ​នេះ លក់​សាំង​ដប​ផង ទើប​បណ្ដាល​ឲ្យ ឆេះ​រោល​ដល់​សមត្ថកិច្ច​២​នាក់ តែ​រង​របួស​ស្រាល ហើយ​ពលរដ្ឋ​ក៏​បាន​ជួយ​ពន្លត់​ទាន់​ពេលវេលា​មិនបាន​ឆេះ​រាល​ដាល​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ តែ​សមត្ថកិច្ច​ក៏​បាន​ផ្ទុះអាវុធ ចំនួន​៤​គ្រាប់​ផង​ដែរ ក្នុង​ប្រតិបត្តិការ​នេះ​។​

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១ ​ខែមិថុនា ​ឆ្នាំ​២០១៦ នៅ​ក្បែរ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

ក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​បាន​ផ្ទុះអាវុធ​ចំនួន​៤​គ្រាប់ ដើម្បី​ឈាន​ទៅ​ដល់​ចាប់​ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ រីឯ​ម្នាក់ទៀត ដែល​ជា​អ្នកយាម​ផ្លូវ​បាន​រត់​គេច​ខ្លួន​បាត់ ហើយ​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ ត្រូវ​បាន​ពលរដ្ឋ​វាយ​មួយ​ដៃ​មួយ​ជើង​ម្នាក់​ឡើង​ទ្រោម​ខ្លួន​ បើ​កុំ​តែ​បាន​សមត្ថ​កិច្ចការពារ​ម្ល៉េះ តុលាការ​ប្រជាជន​កាត់ទោស​ប្រហារជីវិត​មិន​ខាន​ឡើយ​។​

សមត្ថកិច្ច​២នាក់ ដែល​រង​របួស​ដោយសារ​រលាកភ្លើង ពេល​ចូល​អន្តរាគមន៍​ចាប់ចោរគាស់​ផ្ទះ​នោះ ទី​១​មានឈ្មោះ កេ​ត យ៉ាវ​ណ្ណ ជា​មន្ដ្រី​នគរបាល​ប៉ុស្តិ៍​ចោមចៅ និង​ទី​២ ឈ្មោះ​អៅ សំអឿន ជា​កម្លាំង​ប្រជា​ការពារ​ភូមិ ពួកគេ​បាន​រង​របួស​ស្រាល ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​ផង​ដែរ​។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម្ចាស់ផ្ទះ ខាង​លើ​នេះ​រកស៊ី​លក់​សាំង​ដប និង​ជួសជុល​នាឡិកា នៅពេល​យប់​ផ្ទះ​នេះ​ត្រូវ​ចាក់​សោ​ទុក​ម្ចាស់​មិន​នៅទេ ពេល​នោះ​ដែរ​អ្នកជិតខាង បានឃើញ​ជនសង្ស័យ​២នាក់​ឈរ រេរា​ចុះឡើងៗ​នៅមុខ​ផ្ទះ​នោះ មួយសន្ទុះ​ក្រោយ​មក ស្រាប់តែ​បាត់​មនុស្ស​២នាក់​នោះ​មិន​ដឹង​ទៅណា​ តែ​គាត់​បាន​ឮ​សម្លេង​ក្ដុងក្ដាំង​ៗ​នៅក្នុង​ផ្ទះ​នោះ ដោយមាន​ការសង្ស័យ គាត់​បាន​ដើរទៅ​មើល​សោ​ទ្វារ​បាត់​សោ​ទ្វារ ដែល​គេ​ចាក់​ពី​ក្រៅ​មិនឃើញ ហើយ​ទ្វារ​នៅ​ជាប់​គន្លឹះ​ខាងក្នុង​។​

ប្រភព​ដដែល​បន្ត​ថា ដោយ​ឃើញ​សកម្មភាព​មិន​ស្រួល​បែបនេះ គាត់​បាន​ទូរស័ព្ទ​ប្ដឹង នគរបាល​ប៉ុស្តិ៍​ចោមចៅ ឲ្យ​មក​ជួយ​អន្តរាគមន៍​។ ក្រោយមក​សមត្ថកិច្ច​ចម្រុះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កម្លាំង​អាវុធ​ហត្ថ​ខណ្ឌ បាន​នាំ​គ្នា​ចុះ​មក​ជួយ​អន្តរាគមន៍ ពេល​ដល់​សមត្ថកិច្ច​បាន​បាញ់​គំរាម​៤​គ្រាប់ ដល់​ចោរ​ដែល​កំពុង​ធ្វើ​សកម្មភាព​ក្នុងផ្ទះ​នោះ និង​បាន​គាស់​ទ្វារ ចូលចាប់​ចោរ​តែ​ពេល​គាស់​សោ​នោះ បាន​ប៉ះ​ដប​សាំង​ដួល​កំពប់ នៅ​ពេញមុខ​ទ្វារ រំពេច​នោះ​ចោរ​នៅ​ខាងក្នុង​ផ្ទះ​នោះ បាន​ដុត​ដប​សាំង ហើយ​គប់​មក​លើ​កន្លែង​សាំង​កំពប់ ធ្វើ​ឲ្យ​ឆាបឆេះ​រាលដាល​យ៉ាង​សន្ធោសន្ធៅ នៅក្នុង​ផ្ទះ​នោះ​។ ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​បាន​នាំគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ មក​បាញ់​ពន្លត់​តែ​ពេលនោះ​ភ្លើង​បាន​ឆេះ លើ​សមត្ថកិច្ច២នាក់ មុននឹង​ពន្លត់​បាន​នោះ មិន​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​នោះ​ទេ​។​

ប្រភព​បន្ត​ថា ពេល​នោះ​គេ​បាន​ចូល​ទៅ​ចាប់ចោរ​បាន អូស​ចេញ​មក​ក្រៅ​ត្រូវ​ពលរដ្ឋ វាយ​មួយ​ដៃ​មួយ​ជើង​ម្នាក់​ឡើង​ទ្រោម​ខ្លួន បើ​កុំ​តែ​បាន​សមត្ថកិច្ច​ជួយ​ការពារ​បាន​កុំ​អី​អាច​ពលរដ្ឋ​កាត់ទោស​ក្រៅ​ប្រព័ន្ធ​តុលាការ​មិន​ខាន​ឡើយ​។ ពេលនេះ​សមត្ថកិច្ច​បាន​បញ្ជូន ទៅកាន់​ផ្នែក​ព្រហ្មទណ្ឌ ដើម្បី​កសា​ង​ឯកសារ​ចាត់ការ​តាមផ្លូវ​ច្បាប់៕

សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​សហការ​គ្នា​បង្ក្រាប​ចោរ​គាស់​ផ្ទះ ​ដែល​គប់​ដប​សាំង​ដុត​ផ្ទះ​

សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​សហការ​គ្នា​បង្ក្រាប​ចោរ​គាស់​ផ្ទះ ​ដែល​គប់​ដប​សាំង​ដុត​ផ្ទះ​