ក្រសួង​រ៉ែ និង​ថាមពល បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អាជីវកម្ម​ចិន​ជីក​កកាយ​ថ្មភ្នំ​ខ្សាក​

ក្រសួង​រ៉ែ និង​ថាមពល បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អាជីវកម្ម​ចិន​ជីក​កកាយ​ថ្មភ្នំ​ខ្សាក​



កណ្តាល ៖ ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រគល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ចិន​ក្នុងស្រុក ធ្វើ​អាជីវកម្ម​ជីក​យក​ថ្ម​នៅ​ភ្នំ​ខ្សាក ដែល​ស្ថិតនៅក្នុង​ទីតាំង​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល ហើយ​បើ​តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ភ្នំ​ខ្សាក​នេះ​អាច​មាន​បរិមាណ​ថ្ម​ប្រមាណ ១ លាន​ម៉ែត្រ​គូប។

តាម​ការ​អះអាង​របស់​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឱ្យដឹង​ថា ក្នុង​ការ​ជ្រើសរើស​ភ្នំ​ទាំង ៤​នៅ​ស្រុក​ស្អាង​នោះ ឃើញ​មានតែ​ភ្នំ​ខ្សាក​ទេ ដែល​មាន​អំណោយផល​ថ្ម​សំណង់ ហើយ​និង​ជា​កន្លែង​ដែល​គេ​ធ្លាប់​ជីក​យក​ថ្ម​កាលពី​ជំនាន់​មុនៗ​មក​ដែរ ដូច្នេះ​ហើយ​ទើប​ក្រសួង​បានធ្វើ​ការសិក្សា​ល្អិតល្អន់​ទៅលើ​អាជីវកម្ម​ក្នុង​ការ​យក​ថ្ម​នេះ​។

ម្យ៉ាងទៀត ក៏ដោយ​សារ​តែ​មាន​តម្រូវការ​ចាំបាច់​ទៅលើ​ថ្ម​សំណង់​ផង​ដែរ ព្រោះ​ថ្ម​ភាគច្រើន​ត្រូវ​បាន​ទិញ​មកពី​ខេត្ត​ឆ្ងាយៗ ដូចជា​កំពង់ស្ពឺ​និង​តាកែវ​ជាដើម ដែល​តម្រូវ​ឱ្យ​មានការ​ចំណាយ​ក្នុង​មួយ​ម៉ែត្រ​គីប​ថ្លៃ ២៥ ដុល្លារ​ឯណោះ​។ ក៏ប៉ុន្តែ​ប្រសិនបើ​យើង​វិនិយោគ​ទៅលើ​ភ្នំ​ខ្សាក​នេះ ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​វិញ គេ​អាច​លក់​ចេញ​ក្នុងស្រុក​សម្រាប់​តម្លៃថោក និង​អាច​ជំ​រុញឱ្យ​ការ​ធ្វើ​ផ្លូវ​លេខ ២១ បាន​កាន់តែ​លឿន​រហ័ស​ទៀតផង ។

អ្នកតំណាង​ក្រុមហ៊ុន​ចិន​បានលើកឡើង​ពី​តម្លៃ​លក់​ចេញ​ក្នុងស្រុក​ថា ប្រសិនបើ​បាន​ថ្ម​ហើយ​នោះ គេ​អាច​លក់​ក្នុងតម្លៃ​តែ ១២ ឬ ១៥ ដុល្លា​ក្នុង ១ ម៉ែត្រ​គីប​តែប៉ុណ្ណោះ ដែល​អាច​ជួយ​សម្រួល​ដ​ល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​ធ្វើការ​អភិវឌ្ឍន៍​ក្នុងស្រុក​ស្អាង​ជាដើម​៕