លោក អ៊ុក រស់ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ឆ្នាំង នៅ​ពីក្រោយ​ក្រុមហ៊ុន​ជនជាតិ​យួន​បូម​ខ្សាច់​ក្នុង​ឃុំ​លង្វែក​

​លោក អ៊ុក រស់ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ឆ្នាំង ត្រូវបាន​មន្ត្រីរាជការ​ក្នុង​ខេត្ត​នេះ​រិះគន់ថា ជា​អ្នក​នៅ​ពីក្រោយ​សកម្មភាព​ក្រុមហ៊ុន​យួន​បូម​ខ្សាច់​នៅក្នុង​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។ ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​លង្វែក បាន​ឲ្យ​ដឹងថា មាន​ការដ្ឋាន​បូម​ខ្សាច់​ទ្រង់ទ្រាយ​ធំ​មួយកន្លែង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​ពេញបន្ទុក​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ព្រៃ​លិច​ទឹក​និង​បរិស្ថាន ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​ស្រុក​កំពង់ត្រឡាច មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ទីតាំង​បូម​ខ្សាច់​នោះ​ស្ថិតនៅ​ក្នុងភូមិ​ថ្នល់​ចាម ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ហើយ​ម្ចាស់​ការដ្ឋាន​នេះ​ជា​ជនជាតិ​យួន​។

ជុំវិញ​បញ្ហា​ខាងលើនេះ​លោក អ៊ុក រស់ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ឆ្នាំង បាន​អះអាងថា ការដ្ឋាន​បូម​ខ្សាច់​នៅ​ឃុំ​លង្វែក​នោះ គឺ​ម្ចាស់​ការដ្ឋាន​កំពុងតែ​រត់​ច្បាប់​ដោយមាន​ការអនុញ្ញាត​ពី​គណៈកម្មការ​ខេត្ត​រួចហើយ​។ ការអះអាង​របស់លោក អ៊ុក រស់ បែបនេះ​ធ្វើ​ឲ្យ​មន្ត្រីរាជការ​ក្នុង​ខេត្តកំពង់ឆ្នាំង រិះគន់ថា​ជា​អំពើ​ខុសច្បាប់​ព្រោះ​ក្រុមហ៊ុន​របស់​ជនជាតិ​យួន​កំពុង​រត់​ច្បាប់​សោះ បែរជា​អាចធ្វើ​អាជីវកម្ម​បូម​ខ្សាច់​យ៉ាង​ពេញបន្ទុក​រួចទៅហើយ​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាន​រិះគន់ថា សកម្មភាព​បូម​ខ្សាច់​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រៃ​លិច​ទឹក​និង​បរិស្ថាន​យ៉ាងខ្លាំង ហើយ​លោក អ៊ុក រស់ និង​មន្ត្រី​អាជ្ញាធរ គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។

តាម​ប្រភពពី​មន្ត្រី​សាលាស្រុក​កំពង់ត្រឡាច ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ករណី​ក្រុមហ៊ុន​យួន​បូម​ខ្សាច់​នៅ​ភូមិ​ថ្នល់​ចាម ឃុំ​លង្វែក ដោយ​មិនទាន់​មានច្បាប់​អនុញ្ញាត​ពី​ក្រសួង​ពាក់ព័ន្ធ គឺ​លោក ឈឹម វុ​ទ្ធា អភិបាលស្រុក​កំពង់ត្រឡាច ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​លង្វែក បាន​អះអាងថា សកម្មភាព​ដឹកជញ្ជូន​ខ្សាច់​តាម​រថយន្ត​ធំៗ​របស់​ក្រុមហ៊ុន​យួន​ដែលមាន​លោក អ៊ុក រស់ ជា​បង្អែក​កំពុង​បំ​ផ្លិត​បំផ្លាញ​ផ្លូវ​ក្នុងភូមិ បណ្ដាល​ឲ្យ​អ្នកភូមិ​ជួប​បញ្ហាលំបាក​ក្នុងការ​ធ្វើដំណើរ​។ ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​បានលើកឡើង​ទៀតថា ក្រុមហ៊ុន​យួន​ដែល​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ក្នុងខណៈ​កំពុង​រត់​ច្បាប់​នោះ មិនឃើញ​ជួសជុល​ផ្លូវ​ដែល​រង​ការខូចខាត​ទេ គឺ​គេ​គិតតែ​ពី​រឿង​ប្រមូល​លុយ​បែងចែក​ជាមួយ​មន្ត្រី​ជំនាញ និង​មន្ត្រី​អាជ្ញាធរ​យ៉ាង​សុខ​ស្រួល​៕

13335267_1559135264382050_683402248_n 13318511_1559135317715378_1388474894_n 13330359_1559135174382059_1669097661_n 13336320_1559135387715371_1963234519_n