ឆ្ងល់​! ​ព័ទ្ធផ្ទះលក់​ចាប់​ហួយ ការពិត​ចឹង​សោះ

ខេត្តបាត់ដំបង ៖ បើតាមសេចក្ដីរាយការណ៍​ពីស្រុកភ្នំព្រឹកជាប់ព្រំដែនថៃ​បានឱ្យ​ដឹងថា កាលពីវេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី០២​មិថុនា នេះ សមត្ថកិច្ចបានចុះ​ឃាត់ខ្លួនស្រ្តីចំណាស់ម្នាក់ឈ្មោះបឿន អាយុប្រហែលជាង៥០ឆ្នាំ ជា​អ្នក​លក់ចាប់ហួយ នៅ​ភូមិទួល​ ឃុំ​បារាំង​ធ្លាត់ ស្រុកភ្នំព្រឹក ដែល​ការ​ឃាត់ខ្លួនស្រ្តីរូប​នេះ គឺ​សង្ស័យ​ថា ​មាន​ជាប់ពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញៀនខុសច្បាប់ ។

បើតាមប្រភព​បានបញ្ជាក់​ថា សមត្ថកិច្ចថែមទាំង បាន​ចុះ​ឆែកឆេរលំនៅឋា​ន​​​ផងដែរ តែគេមិនទាន់ដឹងថា តើលទ្ធផល​សមត្ថ​កិច្ច​បាន​​រកឃើញវត្ថុតាង និងសម្ភារ​អ្វីខ្លះនោះទេ ។ ព្រោះកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបានធ្វើឡើងអស់រយៈ​ពេលជិត១ម៉ោង ហើយ​ទីបំផុត ក៏បាននាំខ្លួនស្រ្តីម្ចាស់ផ្ទះឈ្មោះបឿន នោះទៅកាន់អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីសួរនាំ។

បើតាមសាក្សីនៅក្បែរនោះ​បាន​និយាយថា ស្រ្តីឈ្មោះបឿន​នោះ ពិតជាត្រូវសមត្ថកិច្ច​ឃាត់ខ្លួន និងឆែកឆេរផ្ទះពាក់ព័ន្ធ​និង​ការ​រត់​ពន្ធថ្នាំញៀន​​មែន ព្រោះស្រ្តីរូបនេះ ជាមុខសញ្ញារបស់សមត្ថកិច្ចជា​យូរ​មក​ហើយ ៕