ពិធីការិនី​ថៃ​ ថា​ថៃមោទនភាព​ដែល​ The Voice Cambodia និង​ប្រទេស​ផ្សេង យកបទ​​ភ្លេង​គេ​ទៅ​ច្រៀង

ថ្មីៗ​នេះ​នៅ​​លើ​បណ្ដាញ​សង្គម​ ហ្វេសប៊ុក​ បាន​​ និង​កំពុង​ចែក​ចាយ​វីដេអូ​របស់​កម្មវិធី​ព័ត៌មាន​សិល្បៈ​កម្សាន្ត​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ថៃ​មួយ ដែល​​​និយាយ​អំពី​បញ្ហា​ថា​ថៃ​ មាន​​មោទនភាពដែលកម្មវិធី​លំដាប់​ថ្នាក់​ពិភព​លោក​ The Voice Cambodia រដូវ​កាល​ទី១ និង ប្រទេស​ជិត​ខាង​ផ្សេង​ទៀត បាន​​យក​បទ​ចម្រៀង​លំនាំ​បទ​ភ្លេង​របស់​គេ​ទៅ​ច្រៀង។

 

នៅ​ក្នុង​​វីដេអូ​​ដែល​គេ​បាន​ចែក​ចាយ​នោះ​ គឺ​​ថៃ​​លើក​យក​​វគ្គ​ Battle Round របស់​កញ្ញា ចំរើន សុភ័ក្រ្ត និង លោក សួន សុវណ្ណចន្នី ប្រកួត​គ្នា​ក្នុង​​បទ “ក្បត់​ហួស​ទៅ​ហើយ” ។

 

ពិធីការិនី​ថៃ​ ថា​ថៃមោទនភាព​ដែល​ The Voice Cambodia និង​ប្រទេស​ផ្សេង យកបទ​​ភ្លេង​គេ​ទៅ​ច្រៀង

 

ពិធីការិនី​ថៃ និយាយ​ថា ពួក​គេ​មាន​មោទនភាព​ដែល​ The Voice Cambodia​ លើក​យក​បទ​ភ្លេង​ថៃ​ទៅ​បក​ស្រាយ​ក្នុង​កម្មវិធី​លំដាប់​ថ្នាក់​ពិភព​លោក​ ជា​ពិសេស​ក្នុង​វគ្គ The battle នេះ​តែម្ដង។ ពិធីការិនី​ដដែល​​បាន​អះអាង​​​ទៀត​ថា​ បទ​ភ្លេង​របស់​ថៃ​ គឺ​មាន​ប្រជាប្រិយ​ភាព និង​ជា​ទី​ពេញ​និយម​ជា​សកល ក្នុង​នោះ ​មិន​ថា​តែ​ ប្រទេស​កម្ពុជា​នោះ​ទេ សូម្បី​តែ​ប្រទេស​វៀតណាម​ និង​ឡាវ​ ក៏​ចូល​ចិត្ត​យក​បទ​ភ្លេង​ថៃ​ទៅ​ច្រៀង​ដែរ​ ជា​ពិសេស​គឺ​បទ​ “ក្បត់​ហួស​ទៅ​ហើយ” នេះ​តែ​ម្ដង។

 

ជុំវិញ​បញ្ហា​នេះ​ដែរ​លោក​ អ៊ិន ទីតូ ដែល​ជា​គ្រប់​គ្រង​កម្មវិធី​លំដាប់​ថ្នាក់​ពិភព​លោក​ខាង​លើ បាន​បញ្ជាក់​មក Sabay ​​ដោយ​ខ្លីៗ​ថា លោក​បាន​ឃើញ​វីដេអូ​ឃ្លិប​​នេះ​ហើយ។ “ខ្ញុំ​ឃើញ​វីដេអូ​នោះ​ តែ​ខ្ញុំ​មិន​បាន​ចុច​មើល​ថា​គេ​និយាយ​អ្វី​នោះ​ទេ”។ មន្ត្រី​កម្មវិធី​រូប​នេះ ​អធិប្បាយ​ត្រឹម​ប៉ុណ្ណេះ មុន​ពេល​ប្រាប់ថា ​រវល់ ហើយ​បិទ​ទូរសព្ទ​ទៅ៕

 

ទស្សនា​វីដេអូ​របស់​កម្មវិធី​ព័ត៌មាន​សិល្បៈ​កម្សាន្ត​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​​ទាំងអស់គ្នា៖

 

 

អត្ថបទ៖ SAMEDY​​​​​​​​​​​​​​​​