សហគមន៍​នេសាទ ផាត់​សណ្ដាយ មាន​ក្តីបារម្ភ​ពី​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​

សហគមន៍​នេសាទ ផាត់​សណ្ដាយ មាន​ក្តីបារម្ភ​ពី​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​



កំពង់ធំ ៖ សហគមន៍​នេសាទ ផាត់​សណ្តាយ មាន​សមាជិក​ជាង ៤០០ នាក់ ក្នុងភូមិ​ផាត់​សណ្តាយ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ដែល​កំពុងតែ​មានការ​បារម្ភ​ជាខ្លាំង ​អំពី​បញ្ហា​ភ្លើង​ឆេះ​ព្រៃ ដែល​អាចបណ្តាលឱ្យ​ឆេះ​រាលដាល​ ទៅដល់​ទីលំនៅ​របស់​ប្រជាពលរដ្ឋ ដូចជា​ករណី​ថ្មីៗ​នេះ ដែល​អគ្គីភ័យ​បាន​ឆាបឆេះ​ផ្សារ ឆ្នុកទ្រូ ក្នុង​ទឹកដី​ជាប់​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង​ជាដើម ដែល​បណ្តាលឱ្យ​មានការ​ភ្ញាក់ផ្អើល​ ដល់​ប្រជាពលរដ្ឋ​រត់​ប្រ​សេក​ប្រសាច​។

នេះ​ជាការ​លើកឡើង​របស់លោក អ៊ុំ ម៉េង ប្រធាន​សហគមន៍​នេសាទ ​ផាត់​សណ្តាយ ដោយ​លោក​បាន​មានប្រសាសន៍ថា មកទល់ពេលនេះ បងប្អូន​នេសាទ​យើង​ជួប​ការលំបាក​ដូចជា​ ការដាក់​លប ដោយសារ​ទឹកទន្លេ​មាន​ដី​រាក់ ទឹក​ទៅ​មា​នក​ម្រឹត​តិច​នៅឡើយ បើទោះជា​ទឹកស្ទឹង​សែន​ឡើង​បន្តិច​ក៏ដោយ​នោះ ។ លោក​បាន​បន្តថា ទឹក​រាក់​និង​អាកាសធាតុ​ក្តៅ បាន​បង្ករ​ឱ្យ​កម្តៅ​ទឹក​ឡើង​ក្តៅ ដែល​ធ្វើឱ្យ​បាត់បង់​ត្រី​ជាច្រើន ដូចជា​នៅត្រង់​តំបន់​ទន្លេ​ឆ្មា តំបន់​ឡូ​តិ៍​នេសាទ​អភិរក្ស ក៏ដូចជា​ទទួលរង​នូវ​បញ្ហា​ងាប់​ត្រី​ជាច្រើន​ផងដែរ​។

ការនេសាទរ​បស់បង​ប្អូន​យើង​គឺ ​មិនអាច​រកត្រី​ធំ​បាន​នោះទេ ដែល​ធ្វើឱ្យ​ការរក​ត្រី​តូច​ក្លាយទៅជា​បទល្មើស​នេសាទ​កើតមានឡើង​ច្រើន​ទៅវិញ។ ក្នុងឆ្នាំនេះ បងប្អូន​យើង​មាន​បញ្ហា​ប្រឈម​ច្រើន​ក្នុងការ​រកត្រី ដូចជា​នៅ​ជំពាក់​បំណុល​ធនាគា ដោយ​ពួកគាត់​បានធ្វើ​ការចង​ការ ​ពី​ធនាគារ​មួយ​ទៅ​ធនាគារ​មួយ​ទៀត ដែលជា​ក្តីកង្វល់​ទាក់ទង​ទៅដល់​ការរស់នៅ​ ក្នុង​ជីវភាព​ប្រចាំថ្ងៃ ។ ម្យ៉ាងទៀត ករណី​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ក្តី​រន្ធត់​នោះ គឺ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​ដែល​ធ្វើ​ឱ្យ​រាលដាល​ ឆាបឆេះ​ដល់ផ្ទះ​ប្រជាពលរដ្ឋ ដោយ​គ្មាន​ការ​ពន្លត់​ឱ្យបាន​ទាន់ពេលវេលា។

លោក​ប្រធាន​សហគមន៍ ក៏បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល ​ឱ្យជួយ​សម្រួល​ដល់​ឃុំ សម្រាប់​ម៉ាស៊ីនបូម​ទឹក ដើម្បី​ពន្លត់​អគ្គិភ័យ​ក្នុងពេលដែល​កើតមានឡើង​ ជាយថាហេតុ​ឱ្យបាន​ទាន់ពេលវេលា។ គូសបញ្ជាក់​ផងដែរ​ថា រហូតមកដល់​ឆ្នាំ ២០១៥ នេះ នៅ​ទូទាំងប្រទេស​បាន​បង្កើត​សហគមន៍​ នេសាទ​បាន​ចំនួន ៥១៦ ហើយ​ក្នុងនោះ​មាន​សហគមន៍​នេសាទ​ទឹកសាប​ចំនួន ៤៧៧ និង​សហគមន៍​ទឹកសមុទ្រ ៣៩ ដែលមាន​សមាជិក​សរុប​ចំនួន ៣៣២.១៦៨​នាក់ (​ស្ត្រី​ប្រមាណ ៣៥%) ត្រូវជា ១៤៧.៥១៨ គ្រួសារ។

ក្នុងចំណោម​សហគមន៍​ខាងលើនេះ មាន​សហគមន៍​នេសាទ​ចំនួន ៣៧៧ ត្រូវបាន​ចុះបញ្ជី​ទទួលស្គាល់​ជា​ផ្លូវការ​ នៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រួចហើយ តែ​សហគមន៍​នេសាទ​ចំនួន ១៧ បាន​នឹង​កំពុង​រៀបចំ​សំណុំ​ឯកសារ​ស្នើសុំ​ចុះបញ្ជី​បន្ថែមទៀត ហើយ​សហគមន៍​នេសាទ​ចំនួន ១៩ ទៀត កំពុងដំណើរការ​ចុះហត្ថលេខា​នៅ​ថ្នាក់ក្រោម​ជាតិ​។ ដោយឡែក​ក្នុង​ឆ្នាំ ២០១៥ នេះ មាន​សហគមន៍​នេសាទ​ចំនួន ៨៥ ត្រូវបាន​ពង្រឹងសមត្ថភាព​បន្ថែម​តាម​ការចាំបាច់​៕

សហគមន៍​នេសាទ ផាត់​សណ្ដាយ មាន​ក្តីបារម្ភ​ពី​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​