ម្ដាយ​ឪពុក​ទៅ​ធ្វើការ​នៅ​ថៃ ទុក​កូន​ផ្ញើ​នឹង​ជីដូន ក៏​លង់ទឹក​ប្រឡាយ​ស្លាប់​យ៉ាង​អាណោចអាធ័ម

ម្ដាយ​ឪពុក​ទៅ​ធ្វើការ​នៅ​ថៃ ទុក​កូន​ផ្ញើ​នឹង​ជីដូន ក៏​លង់ទឹក​ប្រឡាយ​ស្លាប់​យ៉ាង​អាណោចអាធ័ម



បន្ទាយមានជ័យ ៖ ក្មេង​ប្រុស​ម្នាក់​ បាន​នាំ​ក្មេង​ដទៃ​ទៀត​ ទៅលេង​ទឹក​ប្រឡាយ​ជ្រៅ​មិន​ចេះ​ហែល ​ក៏​លង់ទឹក​ស្លាប់​តែម្តង ​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១​ ខែមិថុនា ​ឆ្នាំ​២០១៦​នៅ​ចំណុច​ប្រឡាយ​ភ្នំ​សំព័រ ​ចម្ងាយ​ពី​ភូមិ​ប្រហែល ​២០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ទ្រ​លោក​លិច​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេ​ត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។

មន្ត្រី​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​ព្រះនេត្រព្រះ​ម្នាក់​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​មានឈ្មោះ​ វ៉ាត វៀន​ ភេទ​ប្រុស​អាយុ​៦​ឆ្នាំ ​រស់នៅ​ភូមិ​ទ្រ​លោក​លិច ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ មាន​ឪពុក​ឈ្មោះ​បៀត វ៉ាត អាយុ​២៨​ឆ្នាំ ម្ដាយ​ឈ្មោះ​ទូច ហាច អាយុ​២៦​ឆ្នាំ ​សព្វថ្ងៃ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ដោយទុក​កូន​ផ្ញើ​នឹង​ជីដូន​ ឲ្យ​ជួយ​មើល​ឈ្មោះ ​ណុ ឡា អាយុ​៦០​ឆ្នាំ​។

មន្ត្រី​អាវុធហត្ថ​នោះ​បាន​បញ្ជាក់​ទៀត​ថា ​មុន​ពេល​កើតហេតុ​ ​ក្មេង​រងគ្រោះ​បាន​ទៅលេង​ទឹក ជា​មួយ​ក្មេង​ដ៏​ទៃ​ទៀត។ ពេល​​ទៅដល់​ប្រឡាយ​ទឹក​ ចុះ​លេង​ទឹក​ លុះ​ទៅដល់​ទឹក​ជ្រៅ​ ដោយសារ​តែ​ខ្លួន​មិន​ចេះ​ហែល​ទឹក​ ទើប​បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​តែម្តង​។

ក្រោយពី​កើតហេតុ​រួច​ទើប​អ្នកស្រុក​ចុះទៅ​​ស្រង់​សព​ដាក់​លើគោក​ ហើយ​ជួយ​ធ្វើ​ចលនា​ដែរ​ តែ​ក្មេង​នោះ ​បាន​ស្លាប់​បាត់​បង់ជីវិត​ទៅ​ហើយ​។ បច្ចុប្បន្ន​សព​ត្រូវ​បាន​អ្នកស្រុក​យក​ទៅ​ឲ្យ​យាយ ដើម្បី​​ធ្វើបុណ្យ​តាម​ប្រពៃណី​៕