លោក ហ៉ុ​ល ហំ​ម បញ្ជាក់ថា​ពលរដ្ឋ​ខ្មែរ​ចង់បាន​សន្តិភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ឲ្យ​បាន​ពេញលេញ​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំ​ម បាន​បញ្ជាក់ថា ចំពោះមុខ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ននេះ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅតែ​ចង់បាន​សន្តិភាព​ពេញលេញ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ហើយ​សន្តិភាព​នោះ​អាច​ធានាបាន​តាមរយៈ​ការយក​វប្បធម៌​សន្ទនា​មក​ធ្វើជា​មូលដ្ឋាន ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ប្រកាន់ខ្ជាប់​នូវ​វប្បធម៌​សន្ទនា​ដដែល តែ​គណបក្ស​ម្ខាង​ទៀត​ហាក់ដូចជា​គ្មាន​ឆន្ទៈ​ក្នុង​ការចរចា​តាមរយៈ​វប្បធម៌​សន្ទនា​។​

នៅ​ចំពោះមុខ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំ​ម មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ​មិនអាច​រស់នៅក្នុង​បរិយាកាស​គាបសង្កត់​ទេ​។ ដូច្នេះ​ត្រូវមាន​ការតវ៉ា និង​ទាមទារ​ឲ្យ​មាន​សេរីភាព ហើយ​នៅពេល​ដែលមាន​សេរីភាព​ពេញលេញ និង​មាន​ភាពយុត្តិធម៌ គ្រប់ភាគី​នយោបាយ​ទាំងអស់​នឹង​អាច​ប្រកួតប្រជែង​គ្នា​ដោយ​មធ្យោបាយ​សុចរិត​។​

ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំ​ម  បានស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ងាក​មករក​ការចរចា​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ​នាពេល​ថ្មីៗ​នេះ​។ លោក ប៉ុល ហំ​ម បានស្នើ​ឲ្យ​គណបក្សកាន់អំណាច​ទទួល​ស្គាល់​ការពិត និង​ងាក​មក​ចរចា​ដោយ​តម្លាភាព ដើម្បី​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ជាក់ស្តែង​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​សន្តិភាព​ពិតប្រាកដ មិនមែន​គ្រាន់តែ​ជា​អវត្តមាន​សង្គ្រាម​ទេ ប៉ុន្តែ​គឺ​សន្តិភាព​ផ្លូវចិត្ត គ្មាន​ការគំរាមកំហែង​ផ្នែក​សេរីភាព​នៃ​ការគិត ការបញ្ចេញមតិ ការជួបជុំ ការរស់នៅ ការធ្វើ​នយោបាយ និង​ជំនឿ​។ មូលដ្ឋាន​សន្តិភាព​ពិត គឺ​យុត្តិធម៌​សង្គម គ្មាន​ការប្រើប្រាស់​អាជ្ញាធរ ឬ​កម្លាំងប្រដាប់អាវុធ ឬ ស្ថាប័នរដ្ឋ ជា​ឧបករណ៍​ដើម្បី​ធ្វើ​ទុក​បុក​ម្នេញ​ប្រជាពលរដ្ឋ​ខ្មែរ និង​ដៃគូ​ប្រកួតប្រជែង ដើម្បី​សម្រេច​គោលដៅ​នយោបាយ​គណបក្ស​ខ្លួនឯង​នោះឡើយ​។​

លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​សង្កត់ធ្ងន់ថា ក្នុងនាម​រូបលោក​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចេញពី​ការបោះឆ្នោត​គាំទ្រ​ស្របច្បាប់ សំឡេង​រាប់លាន​នាក់ ត្រូវតែ​បំពេញ​កាតព្វកិច្ច​របស់​យើង ដើម្បី​ទទួល​ស្តាប់​ក្តីកង្វល់ ទុក្ខលំបាក និង​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ ជាជាង​ការប្រឹងប្រែង​យក​ចាញ់​យកឈ្នះ​គ្នា ដោយ​គ្មាន​ទីបញ្ចប់ ហើយ​នាំ​ឲ្យ​ខាត​ប្រយោជន៍​ជាតិ និង​ខាត​ពេលវេលា​ជាតិ​យ៉ាងច្រើន ដោយ​ឥតប្រយោជន៍​៕

13324216_961110103986437_846675974_o 13325647_1137639406299523_4164662723942204094_n