បេក្ខនារី រ៉េត ស៊ូហ្សាណា យល់​ព្រម​ច្រៀង​ប​ទ​ខ្មែរ បន្ទាប់​ពី​​ផ្ទុះ​សំឡេង​រិះ​គន់​ យ៉ាង​ចាស់​ដៃ ?

(ភ្នំពេញ)៖ បន្ទាប់មានសំឡេងរិះគន់ ស្ទើរតែគ្រប់មជ្ឈដ្ឋាន រហូតដល់ថ្នាក់ដឹកនាំប្រទេស បានសម្ដែងការខកចិត្ត ចំពោះបេក្ខនារីក្នុងកម្មវិធី​ លំដាប់ពិភពលោក «The Voice Cambodia​» កញ្ញា រ៉េត ស៊ូហ្សាណា ច្រៀងតែបទបរទេសតាំងពីវគ្គ Blind Audition មក ដោយនាងមិនព្រមបកស្រាយ បទចម្រៀង ជាភាសាខ្មែរសោះនោះ នៅពេលថ្មីៗនេះ កញ្ញា រ៉េត ស៊ូហ្សាណា បានបញ្ចេញ​សារគួរឲ្យភ្ញាក់ផ្អើលថា នៅវគ្គ Live Show សប្ដាហ៍ទី៤នេះ នាងនឹងបកស្រាយបទចម្រៀង ជាភាសាខ្មែរ ដើម្បីឲ្យមហាជនបានដឹង​ ពីសមត្ថភាពរបស់នាង និងរំលត់មតិរិះ​គន់ទាំងឡាយ ដែលតែងតែកើតមាន​ នា​ពេលកន្លងមក ។

នៅក្នុងបណ្ដាញសង្គម Facebook របស់បេក្ខនារី រ៉េត ស៊ូហ្សាណា ដែលមានឈ្មោះជាភាសាអង់គ្លេសថា «Reth Suzana» បានសរសេរសារ​ ជាភាសាអង់គ្លេសថា« See you all next week with khmer song​ Thx for all like and support » មានន័យជាភាសាខ្មែរថា «ជួបជាមួយអ្នកទាំងអស់គ្នា នៅសប្ដាហ៍ក្រោយ ជាមួយនឹងបទចម្រៀង ជាភាសាខ្មែរ, អរគុណចំពោះការចូលចិត្ត និងគាំទ្រ.!»។

ទោះបីជាយ៉ាងណា គេនៅមិនទាន់ដឹងថា តើសារនេះ ជាការសរសេរផ្ទាល់ដៃរបស់ កញ្ញា រ៉េត ស៊ូហ្សាណា ឬក៏ត្រូវបានសរសេរ ដោយគណនី Facebook ក្លែងក្លាយ ដើម្បីបន្សាបមតិរិះគន់ជាច្រើន ដែលកំពុងតែបាញ់ស្រោច​ មកលើរូបនាងនោះទេ ខណៈដែលកន្លែងមក កញ្ញា រ៉េត ស៊ូហ្សាណា បានបដិសេដចំពោះ Account Facebook មួយចំនួន ដែលមិន​មែនជារបស់នាងពិតប្រាកដ នោះឡើយ ។

សូមបញ្ជាក់ថា បេក្ខនារីលេចធ្លោ​ ក្នុងកម្មវិធី «The Voice Cambodia​» កញ្ញា រ៉េត ស៊ូហ្សាណា ត្រូវបានមហាជនធ្វើការ រិះគន់យ៉ាងខ្លាំង ដែលនាងតែងតែលើកយក បទចម្រៀង​ជាភាសាបរទេស មកបកស្រាយតាំងពីវគ្គ Blind Audition ហើយរហូតមកវគ្គ Live Show សប្ដាហ៍ទី៤នេះ ទស្សនិកជន ក៏នៅតែទន្ទឹងរង់​ចាំមើលថា តើ រ៉េត ស៊ូហ្សាណា បន្តច្រៀងបទបរទេស ទៀតឬយ៉ាងណា ប៉ុន្តែបើនាង នៅតែបន្តច្រៀងបទ ជាភាសារបរទេសទៀត ពិតជាផ្ទុះសំឡេងកាន់តែខ្លាំង ជាងនេះមិនខាន៕

ប្រភព ៖
khmertalking

ការកត់សម្គាល់ខ្មែរឡូត៖

គូររំលឹកថា កាលពីថ្ងៃអាទិត្យ ទី២២ ឧសភា មុននេះក្នុងវគ្គ Live Show គឺបេក្ខនារី រ៉េត ស៊ូហ្សា​ណា ដែលនាងបានលើកចម្រៀងបរទេសដ៏ល្បី មានចំណងជើងថា « My heart will go on» មកធ្វើការប្រលង ជាមួយនឹងបេក្ខជន និងបេក្ខនារីផ្សេងទៀត ខណៈដែលនាងទទួលទាំងការកោតសរសើរ និងរិះគន់ព្រមគ្នា ពីទស្សនិកជន។ ដូចជា ការសរសើរមិនដាច់ពីមាត់ របស់គណៈកម្មការទាំង ៤រូប និងសម្លេងទះដៃកងរំពងពីទស្សនិកនៅក្នុងស្ទីឌីយ៉ូផ្ទាល់ បានធ្វើឲ្យបេក្ខនារីរូបនេះ ត្រេកអរមិនស្ទើរនោះទេ ស្របពេលដែលនាងក៏ទទួលការសរសើរពី មន្រ្តី​ថ្នាក់​ធំ​ម្នាក់ ដែលជាលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តី។ នេះបើតាមការចុះផ្សាយកាលពីច័ន្ទម្សិលមិញនេះ បានឲ្យដឹងពីលោក លោក ផៃ ស៊ីផាន ថា យុវតីខ្មែររូបនេះ គឺជាធនធាន ដែលលោកគោរពនូវការ​យល់ឃើញរបស់នាង ហើយចាត់ទុកថា នេះជាការបង្កើនភាពរីករាយ ដល់សង្គម ដែលមានសន្តិភាព មិនដូចក្រុមមួយចំនួន ដែលធ្វើសកម្មភាព ដែលសង្គមមិនត្រូវការ។

ទោះជាយ៉ាងណា រូបនាងផ្ទាល់ ក៏ទទួលរងព្រនង់ពាក្យសម្ដីពី អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ទាក់ទិនទៅនឹងបទចម្រៀងដែលនាងលើកមកបកស្រាយ រួមនឹងភាសាដែលនាងច្រៀង ស្ដាប់ដូចជាមិនសូវបាន។ នៅក្នុងនោះ មានអ្នកលេងបណ្ដាញសង្គមម្នាក់បានលើកឡើងថា៖ នេះជាកម្មវិធី The Voice of Cambodia មិនមែនជាកម្មវិធី The Voice of American នោះទេ បើត្រឹមតែអាចច្រៀងចម្រៀងបរទេសបាន មិនគ្រប់គ្រាន់ទេ ត្រូវអាចច្រៀងបទខ្មែរអោយបានច្រើនទំរង់ ច្រើនសំលេង ព្រោះនេះកម្ពុជា មិនមែនអាមេរិកទេ។ អ្នកខ្លះទៀតបានបង្ហាញពីចំណាប់អារម្មណ៍ថា៖ ច្រៀងតែអង់គ្លេស!!! Coach ជ្រើសរើសអោយវាសមបន្តិចមក ព្រោះពេលក្លាយជាអ្នកចំរៀងមែនទែន មិនមែនច្រៀងតែភាសាបរទេសទេ គឺខេមរៈភាសាច្រើនបំផុត។ ខ្ញុំគាំទ្រសំឡេងក្នុងការច្រៀងជា ភាសារបរទេសរបស់គាត់ តែទន្ទឹមគ្នានោះដែរ គាត់ត្រូវតែច្រើជាភាសាខ្មែរ ដើម្បីអោយដឹងពីគុណភាពរបស់វា(សំឡេងជាភាសាខ្មែរ)។

សូមទស្សនាវីដេអូខាងក្រោម ដែលបេក្ខនារី រ៉េត ស៊ូហ្សាណា បង្ហើរសំនៀងបទភាសាអង់គ្លេស ចំនងជើងថា « My heart will go on» ក្នុងវគ្គ Live Show ​កាលពីថ្ងៃអាទិត្យទី ២២ ឧសភា ទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload