បាញ់ប្រហារ​នៅ​សាកលវិទ្យាល័យ​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​សហរដ្ឋ​អា​មេ​រិ​ក

បុរស​ម្នាក់​បាន​បាញ់​សម្លាប់​បុរស​ម្នាក់​ទៀត​មុន​សម្លាប់​ខ្លួនឯង កាលពី​ថ្ងៃ​ទី​១ មិថុនា នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ UCLA ដ៏​ល្បីល្បាញ​នៃ​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ភាគ​ខាងលិច​សហរដ្ឋ​អា​មេ​រិ​ក ។ នេះ​ជា​សក្ខីភាព​ថ្មី​មួយទៀត​នៃ​អំពើ​ហិង្សា​ដោយ​អាវុធ​ដែល​តែង​កើត​មាននៅ​សហរដ្ឋ​អា​មេ​រិ​ក ។

លោក CHARLIE BECK ប្រមុខ​ប៉ូលិស​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​គូសបញ្ជាក់​ថា នា​វេលា​ម៉ោង​១០​ព្រឹក​ម៉ោង​ក្នុងស្រុក ការ​បាញ់​សម្លាប់​មនុស្ស និង​ការ​ធ្វើឃាត​ខ្លួនឯង កើត​មាន​ក្នុង​អគារ​វិស្វកម្ម ។ សភាពការណ៍​ហាក់​ស្ថិត​ក្រោម​ការ​ត្រួតត្រា​បាន​ទាំងស្រុង ។ យើង​យល់​ថា ពុំ​មាន​ជនសង្ស័យ​ណា​ផ្សេង ឬ​ការ​គំរាមកំហែង​ផ្សេង​ទៀត ក្នុង​សាកល​វិទ្យា​ល័យ UCLA ដែល​មាន​និស្សិត​ប្រមាណ​ជា​៤៣.០០០​នាក់​ទៀត​ឡើយ ។ សាកលវិទ្យាល័យ​នេះ​ផ្អាក​ការ​សិក្សា​មួយ​ថ្ងៃ ហើយ​ចាប់​រៀន​វិញ​នា​ថ្ងៃ​ទី​២ មិថុនា ព្រោះ​ដល់​រដូវ​កាលដែល​និស្សិត​ត្រូវ​ប្រឡង​នា​ដំណាច់ឆ្នាំ​សិក្សា ។

គេ​ស្តាប់​ឮ​ស្នូរ​កាំភ្លើង​បាញ់​យ៉ាងតិច​៣​គ្រាប់ រួច​កាំភ្លើងខ្លី​មួយ​ដើម ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​បាញ់ប្រហារ​នា​មហាវិទ្យាល័យ​វិស្វកម្ម ។ ភ្នាក់ងារ​ប៉ូលិស​ជា​ច្រើន​រយ​នាក់​លើក​មក​ធ្វើ​អន្តរាគមន៍ រួម​ទាំង​ក្រុម​អ្នក​ពន្លត់ភ្លើង ព្រមទាំង​ប៉ូលិស​សហព័ន្ធ FBI ។

សាកលវិទ្យាល័យ UCLA ជា​សាកលវិទ្យាល័យ​មានឈ្មោះ​ល្បី​បំផុត​នៃ​ពិភពលោក ហើយ​ទទួល​និស្សិត​មក​ពី​ពិភពលោក​ទាំងមូល ។

ឧប្បត្តិ​ហេតុនេះ​បញ្ចូល​បន្ថែម​ក្នុង​បញ្ជី​នៃ​អំពើ​ហិង្សា​ដោយ​អាវុធ ដែល​កើត​ស្ទើរ​រាល់ថ្ងៃ​នៅ​សហរដ្ឋ​អា​េ​ម​រិ​ក ។ តាំងពី​ដើមឆ្នាំ​នេះ​មក មាន​មនុស្ស​ស្លាប់​៥.៤៥៤​នាក់ ហើយដោយ​អាវុធ​នៅ​សហរដ្ឋ​អា​េ​ម​រិ​ក​ក្នុង​ឧប្បត្តិហេតុ​២១.៥៦៥​ករណី ៕