ក្រសួង​មហាផ្ទៃ​បង្កើត​គណៈកម្មការ​ចុះ​ស្រាវជ្រាវ​ផ្ទាល់​ពី​ពលរដ្ឋ​ដែល​ផ្ដិត​មេដៃ​ឲ្យ​បក្ស​ប្រឆាំង

គណៈកម្មការ​ស៊ើប​អង្កេត​ថ្មី​មួយ​របស់​ក្រសួង​មហាផ្ទៃ នឹង​ចុះ​ស្រាវជ្រាវ​ផ្ទាល់​ពី​ពលរដ្ឋ​ដែល​ផ្ដិត​មេដៃ​ឲ្យ​គណបក្ស​ប្រឆាំង និង​កោសល្យ​វិច័យ​លើ​ស្នាម​មេដៃ ដើម្បី​ផ្ទៀងផ្ទាត់​ភាព​ត្រឹម​ត្រូវ​នៃ​ស្នាម​មេដៃ​ទាំង​នោះ។

ការ​សម្រេច​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ស្នាម​មេដៃ របស់​ក្រសួង​មហាផ្ទៃ​នៅ​ពេល​​នេះ ធ្វើ​ឡើង​ក្រោយ​មាន​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្រាវជ្រាវ​នូវ​ភាព​ត្រឹមត្រូវ​លើ​ស្នាម​មេដៃ ដែល​គណបក្ស​សង្គ្រោះជាតិ ថ្វាយ​ព្រះមហាក្សត្រ កាល​ពី​ថ្ងៃ​ទី​៣០ ឧសភា។

ញត្តិ​របស់​គណបក្ស​សង្រ្គោះជាតិ​ភ្ជាប់​ដោយ​ស្នាម​មេដៃ​ពលរដ្ឋ​ជាង​១៧​ម៉ឺន​នាក់ ដែល​បាន​ថ្វាយ​ព្រះមហាក្សត្រ​នោះ គឺ​ដើម្បី​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍ ឲ្យ​ដោះលែង​អ្នក​នយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ជាប់​ឃុំ បញ្ឈប់​ការ​ប្រើប្រាស់​ស្ថាប័ន​រដ្ឋ​ដើម្បី​គំរាមកំហែង​មន្ត្រី​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង និង​រំលោភ​លើ​អភ័យឯកសិទ្ធិសភា​ជាដើម។

បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចំពោះ​បំណង​នៃ​ការ​ស្រាវជ្រាវ​នូវ​ភាព​ត្រឹមត្រូវ​លើ​ស្នាម​មេដៃ​នេះ គណបក្ស​ប្រឆាំង​ធ្លាប់​បាន​ឆ្លើយ​តប​ថា នឹង​ហៅ​ប្រជាពលរដ្ឋ​ដែល​បាន​ផ្ដិត​មេដៃ​ទាំង​នោះ មក​បញ្ជាក់​ការ​ពិត​នៅ​មុខ​ព្រះ​បរម​រាជវាំង ឬ​ទីលាន​ប្រជាធិបតេយ្យ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។