លោក​ប្រា​យុធ ប្តេជ្ញា​នៅក្នុង​អំណាច មិន​ខ្វល់​ពី​អ្នក​ស្អប់​ខ្ពើម

ក្រុងបាងកកៈ មេដឹកនាំរបបយោធាថៃ បានវាយបកលើក្រុមអ្នករិះគន់របស់លោក កាលពីថ្ងៃ ពុធ ដោយប្តេជ្ញាថា នឹងនៅតែនៅ ក្នុងអំណាច «ទោះបីជាអ្នកស្អប់ខ្ញុំប៉ុនណា» ខណៈភាពតានតឹងខាងនយោបាយពុះងំ នៅមុនការធ្វើប្រជាមតិមួយ ដែលក្រុមយោធានេះ និយាយថា នឹងបើកផ្លូវឲ្យមានការបោះឆ្នោត។

លោក​ប្រា​យុធ ប្តេជ្ញា​នៅក្នុង​អំណាច មិន​ខ្វល់​ពី​អ្នក​ស្អប់​ខ្ពើម

នាយករដ្ឋមន្ត្រី នៃរបបយោធាថៃ លោកប្រាយុធ ចាន-អូចា អញ្ជើញមកដល់សម្រាប់ពិធីសាសនាមួយមុនចូលឆ្នាំ នៅឯវិមានរដ្ឋាភិបាល។ Afp

នាយករដ្ឋមន្ត្រីក្រឡេចក្រឡុចថៃ លោកប្រាយុធ ចានអូចា បានដណ្តើមអំណាចកាលពីពីរឆ្នាំមុនពីរដ្ឋាភិបាលជាប់ឆ្នោត ដោយសន្យាផ្សះផ្សាការបែកបាក់ខាងនយោបាយពេញមួយទសវត្សរ៍ដ៏ជូរចត់របស់ជាតិ។ ប៉ុន្តែ ក្រុមអ្នករិះគន់និយាយថា របបនេះរាំងខ្ទប់សេរីភាព ក្នុងការបញ្ចេញមតិ ដាក់សកម្មភាពនយោបាយឲ្យនៅក្រៅច្បាប់ និង បានសរសេរធម្មនុញ្ញថ្មីមួយ ដើម្បី ចាក់ឫសតួនាទីរបស់ខ្លួន នៅក្នុងរដ្ឋាភិបាល។

នៅក្នុងវេទិកាមួយក្នុងក្រុងបាងកក លោកប្រាយុធ ដែលល្បីខាងការផ្ទុះកំហឹងជារឿយៗ បាននិយាយថា៖ «ខ្ញុំមិនទៅណាទាំងអស់ រហូតដល់ប្រទេសនេះមានសន្តិភាពនិងសណ្តាប់ធ្នាប់។ ខ្ញុំនឹងមិនចាកចេញ មិនខ្វល់ថា អ្នកស្អប់ខ្ញុំច្រើនប៉ុនណា»។

លើទិដ្ឋភាពខាងក្រៅ បរិយាកាសនយោបាយថៃ បានស្ងៀមស្ងាត់គួរឲ្យកត់សម្គាល់ក្រុមរបបយោធា បន្ទាប់ពីការតវ៉ាតាមដងផ្លូវប្រជែងគ្នាជាច្រើនឆ្នាំ ដែលជា រឿយៗប្រែជាអំពើហិង្សា។ ប៉ុន្តែការរុកកួនកំពុងត្រឡប់មកវិញ នៅមុនការធ្វើប្រជាមតិខែសីហាស្តីពីធម្មនុញ្ញរបស់ពួកគេនោះ ថ្វីបើច្បាប់ថ្មីមួយកំពុងផ្តន្ទាទោសការធ្វើយុទ្ធនាការឃោសនា ក្នុងដំណើរទៅកាន់ការបោះឆ្នោត ដោយការដាក់គុក ១០ ឆ្នាំ ក្តី។

របបយោធានេះធ្លាប់បានសន្យា ថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅ ក្នុងឆ្នាំ ២០១៧ ប៉ុន្តែពុំបានបញ្ជាក់ ឲ្យច្បាស់ថា នឹងមានអ្វីកើតឡើងទេ បើសិនធម្មនុញ្ញនោះត្រូវបាន គេបដិសេធក្នុងការធ្វើប្រជាមតិ ដោយបង្កើនការភ័យខ្លាចថា ពេល វេលានោះនឹងត្រូវរបូតម្តងទៀត។

កាលពីថ្ងៃពុធ លោកប្រាយុធ ក៏បានការពារអំណាចរួមដែលបានផ្តល់ឲ្យលោកក្នុងនាមជាប្រមុខរបបយោធាក្រោមច្បាប់មួយដែលគេស្គាល់ថាមាត្រា ៤៤។

លោកបាននិយាយថា៖ «វានៅចាំបាច់ត្រូវប្រើមាត្រា ៤៤ ដើម្បីធានានូវសន្តិភាព និងនាំប្រទេសនេះទៅកាន់ការបោះឆ្នោតមួយ.អ្នកនយោបាយខ្លះ នៅតែ អាចសម្តែងទស្សនៈរបស់ខ្លួន»។

ប្រសាសន៍របស់លោក បាន កើតមានឡើង បន្ទាប់ពីរបបយោធានេះ បានបង្ហាញថាកំពុងបន្ធូរ បន្ថយការក្តោបក្តាប់របស់ខ្លួនលើប្រទេសនេះ ដោយលើកលែងការ ដាក់កម្រិតលើការធ្វើដំណើរលើអតីតអ្នកនយោបាយជាច្រើននិង សន្យាផ្លាស់សវនាការ «កែសម្រួល ឥរិយាថ» របស់ខ្លួនដែលដាក់ទោសក្រុមអ្នករិះគន់ទូទៅពីជំរំ យោធា ទៅអគាររដ្ឋាភិបាល និងស្ថានីយប៉ូលិសវិញ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍