ឡុ​ង សុ​ភី និង​រឿង សោ​ភ័​ណ្ឌ នរណា​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់?

រាជធានី​ភ្នំពេញ ៖  រវាង​ឡុ​ង សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ ដែល​ត្រូវ​ជួប​គ្នា​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍ ទី​៤ មិថុនា ខានស្អែក​នេះ តើ​នរណា​មាន​វាសនា​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម?

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​មុន កីឡាករ​ពេជ្រ សីហា បាន​ក្លាយជា​បេក្ខភាព​មួយ​រូប​នៅ​ក្នុង​បញ្ជី​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់ បន្ទាប់​ពី​បាន​យកឈ្នះ​កីឡាករ​ឡាវ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។ ដោយឡែក​នៅ​ក្នុងស​ប្ដា​ហ៍​នេះ គេ​មិន​ទាន់​ដឹង​ថា រវាង​ឡុ​ង សុ​ភី និង​រឿង សោ​ភ័​ណ្ឌ តើ​នរណា​មានសំណាង​បាន​ឡើង​ទៅ​ជួប​ពេជ្រ សីហា ជា​បន្ត​ទៀត​ទេ ។

រវាង​ឡុ​ង សុ​ភី និង​រឿង សោ​ភ័​ណ្ឌ មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ទេ ទើប​គេ​ពិបាក​ប៉ាន់ស្មាន​ពី​លទ្ធផល​ចុង​ក្រោយ ។ បុ​៉​ន្តែ​បើ​យោង​តាម​ការ​សង្កេត​ការ​ប្រកួត​កន្លង​មក ឡុ​ង សុ​ភី មាន​កម្ពស់​ខ្ពស់​ជាង​តែ​មាឌ​ស្ដើង​ជាង​ដែល​អាច​វាយ​ចេញ​ជា​ប្រយោល​ល្អ​ជាង​ចូល​កៀក ។​ចំណែក​ផ្លែ​កែង​និង​ជង្គង់​ពេល​វាយ​ចេញ​ម្ដង​ៗ​ល្អ​ខ្លាំង​ណាស់ គ្រាន់តែ​ចិត្ត​របស់​គេ​មិនសូវ​សឿង​ប៉ុណ្ណោះ​។ រីឯ​រឿង សោ​ភ័​ណ្ឌ​វិញ ទោះបី​មិនសូវ​ពូកែ​ស្នៀត​កែង​ប៉ុន្តែ​ស្នៀត​កណ្ដាប់ដៃ​ឆ្វេង​របស់​គេ​ពិតជា​មិនធម្មតា​ដែល​អាច​ម៉ាត់​ចេញ​បាន​ត្រង់​ល្អ​ហើយ​ខ្លាំង​ទៀត​ផង ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ គេ​ហ៊ាន​ទាយ​ទុក​មុន​ថា ភាគី​ទាំង​សងខាង​មុន​នឹង​រក​ឃើញ​លទ្ធផល​ចាញ់​ឈ្នះ​គ្នា​ម្នាក់​ៗ​ច្បាស់​ជា​ទ្រម​ខ្លួន​ខ្លាំង​មិន​ខាន ។ បើ​តាម​អ្នក​និយម​ទស្សនាការ​ប្រកួត​ប្រដាល់​ភាគច្រើន​គេ​និយាយ​ថា រឿង សោ​ភ័​ណ្ឌ គឺជា​អ្នក​ប្រដាល់​ដែល​គួរ​ឱ្យ​ទុកចិត្ត​បំផុត ទម្លាប់​របស់​គេ​តែង​បើក​ការ​វាយលុក​មិន​ចេះ​ដកថយ​ទេ ទោះបី​ជួប​គូប្រកួត​ខ្លាំង​ប៉ុនណា​ក្តី ។ ចាំ​មើល​លើក​នេះ​គេ​អាច​យកឈ្នះ​ឡុ​ង សុ​ភី ឡើង​ទៅ​ជួប​ពេជ្រ សីហា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ឬ​អត់?

ចំណែក​គូប្រកួត​មិត្តភាព​វិញ​មាន​កីឡាករ សែន រ៉ា​ដេ​ត មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ នុម​ថេ​ត្ស បាន​ធី​អេ​ត​អិន​ម៉ូ​តឺ ។ កីឡាករ​ថៃ រិ​ទ្ធី មក​ពី​ក្លិប​កុសល​កីឡា ប្រកួត​ជាមួយ​កីឡាករ​ទេស សំខាន់ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​កីឡាករ​ចាន់ រតនៈ មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ​ជ័យ ប៊ុ​ន​សុង មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ។

នៅ​ថ្ងៃ​ដដែល​ប៉ុន្តែ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន​ក៏​មានការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ដែរ ដូច​ជា កីឡាករ ឃឹម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ម៉ា​ម៉ៃ ស៊ី​ត​យ៉​ន​ឈាន​។ កីឡាករ ឡេះ តើក មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែន ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ ដា​គី សរ​វី​រ៉ា​វណ្ណ ។ ក្រៅពី​គូ​អន្តរជាតិ នៅ​មាន​កីឡាករ យស់ សំ​អាល់ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ជឹ​ម តារា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ។ កីឡាករ​តូច ទូ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ យ៉ា​ម រ៉េ​ត មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា និង​គូ​ចុង​ក្រោយ​តម្រូវ​ទៅ​លើ​កីឡាករ​ខុន លី​ហ៊ុយ មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ ហេង ពៅ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ៕