យី​ឌុ​ប​3​គ្រឿង​សង្ស័យ​បង្កប់​ឈើ​ប្រណីត​បោះពួយ​ឆ្លង​ដែន​ចូល​វៀតណាម

យី​ឌុ​ប​3​គ្រឿង​សង្ស័យ​បង្កប់​ឈើ​ប្រណីត​បោះពួយ​ឆ្លង​ដែន​ចូល​វៀតណាម



ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ចម្រុះ​បាន​ចាប់​ឃាត់​រថយន្ត​ធុន​យក្ស​៣​គ្រឿង ដឹក​ដើម​អាកា​ស្យា ដោយ​សង្ស័យ​ថា មាន​លួចលាក់​បង្កប់​ឈើប្រណិត​ផ្សេង​ៗ​ទៀត​ខុសច្បាប់​ដឹក​ចូល​ទៅ​ប្រទេស​វៀតណាម តាម​ប៉ុស្តិ៍​ព្រំដែន​បុស្ស​មន ស្ថិត​នៅ​ភូមិ​វាល ឃុំ​បុស្ស​មន ស្រុក​រំដួល កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣១ ឧសភា ២០១៦ ។

ក៏​ប៉ុន្តែ​សមត្ថកិច្ច​ទើបតែ​ពិនិត្យ​បាន​រថយន្ត​មួយ​គ្រឿង ក៏​ត្រូវ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ព្រំដែន​បុស្ស​មន​ម្នាក់ បាន​មក​បញ្ជា ឲ្យ​ម្ចាស់​រថយន្ត​ឡើង​បើករថយន្ត​ចេញ​តាម​ប៉ុស្តិ៍​ព្រំដែន​បុស្ស​មន ឆ្លង​ចូល​ទៅ​ប្រទេស​វៀតណាម​យ៉ាង​រំភើយ ធ្វើ​ឲ្យ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ម្នាក់ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀង មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត មន្ត្រី​សាខា​គយ​និង​រដ្ឋាករ​បុស្ស​មន​មួយ​ក្រុម​ឈរ​មើល​ទាំង​ហួសចិត្ត រក​និយាយ​លែង​ចេញ ។

លោក ឈួ​ន ចាន់​វុ​ឌ្ឍី ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​សង្ស័យ​បង្កប់​ឈើ​ខុសច្បាប់ ទី​១-​រថយន្ត​ម៉ាក​ហ៊ី​យិ​ន​ដាយ​ភ្លៅ​០៥ ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ 3A-0207 ទី​២-​រថយន្ត​ម៉ាក​ហ៊ី​យិ​ន​ដាយ ពណ៌​ស ភ្លៅ​០៥ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 3A-1178 និង​ទី​៣-​រថយន្ត​ម៉ាក​ហ៊ី​យិ​ន​ដាយ ពណ៌​ខៀវ ភ្លៅ​០៥ ពាក់​ស្លាក​លេខ​ស្វាយ​រៀង 3A1205 សុទ្ធតែ​ដឹក​កំណាត់​ដើម​អាកា​ស្យា​ពេញ​ទ្រុង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា សមត្ថកិច្ច​សង្កាត់​រដ្ឋបាល​ព្រៃឈើ បាន​ឃាត់​រថយន្ត​៣​គ្រឿង ដើម្បី​ពិនិត្យ​មើល​ដោយ​សង្ស័យ​ថា មាន​បង្កប់​ឈើ​ខុសច្បាប់ ហើយ​បាន​សួរ​ទៅ​កាន់​អ្នកបើកបរ​រថយន្ត​ទាំងនោះ​គេ​ឆ្លើយ​ថា ពួក​គេ​គ្រាន់​ជា​អ្នកស៊ីឈ្នួល​ដឹក​ឲ្យ​គេ​ទេ មិនដឹង​ថា​ម្ចាស់​គេ​ឈ្មោះ​អី ឬ​ក្រុមហ៊ុន​ឈ្មោះ​អ្វី​នោះ​ទេ គឺ​ពួក​គេ​ស៊ីឈ្នួល​ដឹក​ពី​ស្រុក​លើក​ដែក​ខេត្តកណ្តាល មក​ដល់​ព្រំដែន​វៀតណាម​ខេត្តស្វាយរៀង យក​តម្លៃ​៨០​ម៉ឺន​រៀល ក្នុង​មួយ​គ្រឿង ។

បន្ទាប់​មក​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ពេល​កំពុង​ពិនិត្យ​រថយន្ត​១​គ្រឿង​ពាក់​ស្លាក​លេខ​ស្វាយ​រៀង 3A1205 ស្រាប់តែ​មាន​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ព្រំដែន​បុស្ស​មន​ម្នាក់​ជិះ​ម៉ូតូ​មក​ឡូឡា រួច​បញ្ជា​ឲ្យ​ម្ចាស់​រថយន្ត​ឡើង​បើក​ចេញពី​ចំណុច​ភូមិ​វាល ទៅ​តាម​ច្រកព្រំដែន​បុស្ស​មន ឆ្លង​ទៅ​ចំណុច​តំបន់​ស​ក្នុង​ទឹកដី​ប្រទេស​វៀតណាម ឈប់​នៅ​ខាង​មុខ​ប៉ុស្តិ៍​ព្រំដែន​វៀតណាម ។

បន្ទាប់​មក​លោក ផា​ន់ រតនា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ខេត្តស្វាយរៀង មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​រមាស​ហែក ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្វាយរៀង មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត មន្ត្រី​សាខា​គយ​និង​រដ្ឋាករ​បុស្ស​មន និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ច្រកព្រំដែន​បុស្ស​មន ត្រួតពិនិត្យ​រថយន្ត​បាន​មួយ​គ្រឿង ដែល​រើ​កំណាត់ឈើ​ផ្ទេរ​ដាក់​រថយន្ត​វៀតណាម​។ រៀប​មក​ពិនិត្យ​រថយន្ត​២​គ្រឿង​ទៀត គឺ​ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ 3A-0207 និង​រថយន្ត​ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 3A-1178 មិន​ទាន់​ពិនិត្យ​ផង ស្រាប់តែ​ទាហាន​វៀតណាម​បាន​ជិះ​ម៉ូតូ​មក​ដេញ​សមត្ថកិច្ច​យើង ឲ្យ​ត្រឡប់​មក​ខាង​ព្រំដែន​ខ្មែរ​វិញ ហើយ​នៅ​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ទា​ហ៊ាន​វៀតណាម បាន​បញ្ជា​ឲ្យ​ម្ចាស់​រថយន្ត​ទាំង​០៣​គ្រឿង បើក​ចូល​ទៅ​ប្រទេស​វៀតណាម​បាត់​ស្រមោល ដោយ​អត់​ឲ្យ​ខ្មែរ​ពិនិត្យ​ឡើយ ។

ទោះបី​លោក​ព្រះរាជអាជ្ញា​រង​ឲ្យ​ម្ចាស់​រថយន្ត​បើករថយន្ត​ថយ​មក​ក្រោយ​តែ​មួយ​ជំហាន​សោះ​ចូល​មក​ព្រំដែន​ខ្មែរ​វិញ ក៏​ម្ចាស់​រថយន្ត​មិន​ព្រម​ស្តាប់ ឬ​ធ្វើ​តាម​ដែរ គឺ​បាន​បើករថយន្ត​ចូល​ទៅ​ខាង​ប្រទេស​វៀតណាម ដោយ​ញញឹម ព្រោះ​បាន​យួន​ការពារ​ទៀត ធ្វើ​ឲ្យ​សមត្ថកិច្ច​កាន់តែ​សង្ស័យ​ថា ពិតជា​មាន​លួច​បង្កប់​ឈើ ខុសច្បាប់​ហើយ​មើលទៅ​ទើប​មិន​ព្រម​ឲ្យ​សមត្ថកិច្ច​ពិនិត្យ ។

លោក ផា​ន់ រតនា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ធ្វើ​កំណត់ហេតុ​ឆែកឆេ​រថយន្ត​ទាំង​០៣​គ្រឿង​នេះ និង​រថយន្ត​ល្មើ្ម​​សរួច​ហើយ និង​ដាក់​កម្លាំង​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​កងរាជអាវុធហត្ថ និង​កម្លាំង​លោកនាយ​ប៉ុស្តិ៍​ច្រកព្រំដែន​បុស្ស​មន ត្រៀម​ចាប់​ឃាត់​រថយន្ត​ល្មើសច្បាប់​ទាំង​០៣​គ្រឿង ពេល​ត្រឡប់​មក​វិញ ឲ្យ​មក​ដោះស្រាយ​តាម​នីតិវិធី ។

លោក ឈួ​ន វុ​ឌ្ឍី ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ខេត្តស្វាយរៀង​បាន​មាន​ប្រសា​ស៍​ថា ចំពោះ​ឈ្មួញ​ដឹកឈើ ឬ​កំណាត់ឈើ​អាកា​ស្យា​ក៏​ដោយ បើ​ដឹក​ឆ្លង​ដែន​ទៅ​បរទេស តាម​ច្បាប់​គឺ​ក្រុមហ៊ុន​ត្រូវ​តែ​មាន​អាជ្ញាប័ណ្ណ​នាំ​ចេញ ឬ​សុំ​ច្បាប់​នាំ​ចេញ ។ ក៏​ប៉ុន្តែ​នេះ​សូ​ម្បី​តែ​ម្ចាស់​ក៏​មិនដឹង​ថា​អ្នក​ណា​ជា​ម្ចាស់ និង​ច្បាប់​នាំ​ឈើ​ចេញ​ក៏​គ្មាន គឺ​មាន​តែ​អ្នក​រត់ការ តែ​មិន​ហ៊ាន​ចេញ​មុខ ។ ពេល​សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ខេត្តស្វាយរៀង​ធ្វើការ​ត្រួតពិនិត្យ បែរជា​បើក​រត់​មិន​ឲ្យ​ពិនិត្យ​។ ហើយ​កាន់តែ​ហួសចិត្ត​ទៀត​ដែល​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​បុស្ស​មន បើក​កុងត្រូល​ឲ្យ​រថយន្ត​ទាំង​បី​គ្រឿង និង​រថយន្ត​តា​កូ​ម៉ា​រត់ការ​ចេញ​ទៅ​យ៉ាង​រលូន ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បង្ហើប​ឲ្យ​ដឹង​ថា រាល់​យប់​នៅ​វេលា​ម៉ោង​១១​ទៅ​ម៉ោង​១២​រំលង​អធ្រាត្រ មាន​រថយន្ត​ធុន​យក្ស​ប្រមាណ​៥​ទៅ​១០​គ្រឿង ដឹក​ទំនិញ​ចេញ​តាម​ច្រក​ប៉ុស្តិ៍​ព្រំដែន​បុស្ស​មន រាល់​យប់​រក​ដេក​ពួន​មិន​បាន មិនដឹង​ថា​ដឹក​អី ហើយ​រថយន្ត​៣​គ្រឿង​នេះ​ដោយសារ​ជាប់ផុង​ទេ ទើប​បែកធ្លាយ​ដល់​រដ្ឋបាល​ព្រៃឈើ កុំ​អី​ទៅ​បាត់​តាំងពី​យប់​ម្ល៉េះ ៕