លោក ​ព្រាប​ មុនី​ ចុះ​ពិនិត្យ​ផ្ទះ​លោកយាយ ​ភី​ ធី ​ដែល​លោក​សន្យា​ជួយ​ធ្វើ​ទ្វារ ​និង​ត​ទឹក​រដ្ឋ​ជូន​

លោក ​ព្រាប​ មុនី​ ចុះ​ពិនិត្យ​ផ្ទះ​លោកយាយ ​ភី​ ធី ​ដែល​លោក​សន្យា​ជួយ​ធ្វើ​ទ្វារ ​និង​ត​ទឹក​រដ្ឋ​ជូន​



ភ្នំពេញ​ ៖ កាលពី​ល្ងាច​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៦ ក្រុមការងារ​ចុះ​មូលដ្ឋាន ដឹកនាំ​ដោយ​លោក ព្រាប មុនី ចៅសង្កាត់​ព្រែកលៀប បាន​ចុះ​ពិនិត្យ​ផ្ទះ​លោក​យាយ ភី ធី ជា​ជន​ងាយ​រងគ្រោះ​ ដែល​រស់​នៅ​ក្នុង​ក្រុម​ទី​១៥ ភូមិ​បាក់​ខែង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា ដើម្បី​ពិនិត្យមើល​ការ​ជួស​ជុល និង​ដាក់​ទ្វារ​ផ្ទះបាយ​បន្ទប់​ទឹក​ និង​ទ្វារផ្ទះ រួម​ជាមួយ​នឹង​ការ​តភ្ជាប់​បណ្ដាញទឹក​ស្អាត ជូន​ដោយ​ឥត​គិ​ត​ថ្លៃ ដែល​លោក​ចៅសង្កាត់ និង​ក្រុម​ការងារ​សន្យា​ជួយ​ធ្វើ​ទ្វារ​បន្ទប់ទឹក និង​ទ្វារផ្ទះ​ហើយ​ត​ទឹក​ស្អាត​ជូន​កាលពី​កន្លងមក​។​

ជាមួយគ្នា​នោះ ក្នុង​ការ​ពិនិត្យ​ការងារ​ខាងលើ​គឺ​ជាង​បាន​ធ្វើ​ជិត​រួចរាល់​ហើយ​នៅ​សល់​តែ​ទ្វារផ្ទះ​ទេ ក្រៅ​ពី​នេះ​ដូចជា ​ការ​ត​ទឹក​ស្អាត ដាក់​ទ្វារ​បន្ទប់ទឹក​បាន​ធ្វើ​រួចហើយ​។​

គួរ​រំលឹក​ថា ក្រុមការងារ​ចុះ​ជួយ​សង្កាត់ ក៏ដូចជា​អាជ្ញាធរ សង្កាត់​ព្រែកលៀប ដែល​មាន​ លោក ព្រាប មុនី ជា​ចៅសង្កាត់​ចិត្តធម៌ លោក​តែងតែ​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ ចុះ​មូលដ្ឋាន​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ជា​និច្ច ដើម្បី​ដឹង​ពី​សុខទុក្ខ របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ខ្លះ​កំពុង​ជួប​ការ​លំបាក​ខ្វះខាត ហើយ​លោ​ក​ក៏បាន​ចូលរួម​ជួយ​ចែក​អំណោយ​ចំពោះ​ជន​ងាយ​រងគ្រោះ ផ្សេងៗ​មាន​ដូចជា ចាស់ជរា​គ្មាន​ទីពឹង គ្រួសារ​ទីទាល់​ក្រ អ្នក​ផ្ទុកមេរោគ អេដស៍ និង​កុមារ​កំព្រា​ជាដើម​។

អំពើ​មនុស្សធម៌ និង​ការ​ចុះ​ជាប់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនេះ គឺ​ស្របតាម​អនុសាសន៍ ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លោក​តែងតែ​ដាស់​តឿន​ ដល់​មន្ត្រី​មូលដ្ឋាន​ទាំងអស់​ត្រូវ​ចុះ​មើល​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ពី​សុខទុក្ខ​ហើយ​ធ្វើជា​មន្ត្រី​ជើង​២​កុំ​ធ្វើជា​មន្ត្រី​ជើង​១០ អង្គុយតែ​ក្នុង ម៉ាស៊ីនត្រជាក់​។​

នា​ឱកាស​នោះ​ផង​ដែរ លោក​ ព្រាប មុនី ក៏បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​រាជរដ្ឋា​ភិបាល ក៏ដូចជា​ថ្នាក់ដឹកនាំ ក្រុង ខណ្ឌ ដែល​លោក​តែងតែ​យកចិត្ត​ទុក​ដាក់​ជាមួយ​បងប្អូន​ជានិច្ច ដោយ​មិន​ប្រកាន់​នូវ​និន្នាការ​នយោបាយ​អ្វី​ឡើយ ហើយ​លោក​ចៅសង្កាត់ ក៏បាន​ផ្តាំផ្ញើ​ដល់ លោក​យាយ ត្រូវ​ថែទាំ​សុខភាព​ផង ហើយ​បើ​មានការ​អី​ត្រូវ​ទាក់ទង​មក​ភូមិ ឬ​សង្កាត់​ភ្លាម ដើម្បី​ឲ្យ​បានដឹង​និង​ជួយ​ទាន់​ពេល​វេលា​៕

លោក ​ព្រាប​ មុនី​ ចុះ​ពិនិត្យ​ផ្ទះ​លោកយាយ ​ភី​ ធី ​ដែល​លោក​សន្យា​ជួយ​ធ្វើ​ទ្វារ ​និង​ត​ទឹក​រដ្ឋ​ជូន​